Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ និងសង្រ្គាមអ៊ុយក្រែន ក្លាយ​ជា​របៀបវារៈសំខាន់​ ក្នុង​កិច្ចប្រជុំ G7 នៅ​បារាំង

បានផុស

នៅ

ចាប់ពីថ្ងៃចន្ទនេះតទៅ ប្រទេសបារាំង បាន​ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 ដែលជាការជួបជុំនៃបណ្តាប្រទេសមហាអំណាចឈានមុខគេលើពិភពលោក។ ជំនួបកំពូលនាពេលនេះ នឹងត្រូវផ្ដោត​ខ្លាំង​ជុំវិញកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់ និង​បញ្ហា​សំខាន់​មួយ​ទៀត​នោះ​ គឺ​សង្គ្រាម​ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​នៅ​អ៊ុយក្រែន។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ សារព័ត៌មាន France24 បានឱ្យដឹង​ថា លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ដែលជាម្ចាស់ផ្ទះ ចង់ជំរុញ​របៀបវារៈសំខាន់ៗជាច្រើនទៀត ចាប់តាំងពីការកាត់បន្ថយអតុល្យភាពសេដ្ឋកិច្ចពិភពលោក រហូតដល់ការបង្កើនការគ្រប់គ្រងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាពិសេសគឺបញ្ហាបញ្ញាសិប្បនិម្មិត (AI)។ ដើម្បីឱ្យកិច្ចប្រជុំនេះមានវិសាលភាពធំធេង បារាំងបានអញ្ជើញមេដឹកនាំមកពីប្រទេសក្រៅសមាជិក G7 ឱ្យចូលរួមផងដែរ រួមមាន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលនឹងទៅ​ដល់ថ្ងៃអង្គារ ដើម្បីជជែកពីរឿងសង្រ្គាមអ៊ុយក្រែន រួមទាំងមេដឹកនាំអារ៉ាប់ ដូចជា ប្រធានាធិបតីអេហ្ស៊ីប ដែលនឹងទៅ​ជជែកពី​រឿងអ៊ីរ៉ង់ ព្រមទាំងមេដឹកនាំ​ផ្សេងៗ​ទៀត ដូចជា ប្រេស៊ីល ឥណ្ឌា កេនយ៉ា និងកូរ៉េខាងត្បូង ជាដើម។

ភ្លាមៗបន្ទាប់ពីមានការប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ លោក ម៉ាក្រុង បានលើកឡើងថា មេដឹកនាំ G7 នឹងជជែកគ្នាពីផលចំណេញ ដែលនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេលវែង ដើម្បីសម្រាលសម្ពាធតម្លៃប្រេង និងសេដ្ឋកិច្ចពិភពលោក។ ក្រៅពីនេះ ក្រុមមេដឹកនាំអឺរ៉ុប និងកាណាដា ក៏ត្រៀមខ្លួនរំលឹកលោក ត្រាំ អំពីសារៈសំខាន់នៃការបង្ខំឱ្យរុស្ស៊ីទទួលយកសន្តិភាពនៅអ៊ុយក្រែន ទៅតាមលក្ខខណ្ឌដែលអ៊ុយក្រែនអាចទទួលយកបានផងដែរ បន្ទាប់ពីសង្រ្គាមឈ្លានពាននេះ​អូសបន្លាយជាង ៤ឆ្នាំមកហើយ។

ចំណែកឯលោក ដូណាល់ ត្រាំ វិញ បានធ្វើដំណើរមកដល់ប្រទេសបារាំងភ្លាមៗ បន្ទាប់ពីបានប្រារព្ធពិធីខួបកំណើតគម្រប់ ៨០ឆ្នាំរបស់លោក កាល​ពី​ថ្ងៃ​អាទិត្យ។ លោក ត្រាំ នឹងចាប់ផ្តើមជំនួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ាក្រុង នៅល្ងាចថ្ងៃចន្ទ មុនពេលចូលរួមជំនួប​ការងារជាមួយមេដឹកនាំដទៃទៀត។ លោក ត្រាំ នឹងបន្តស្នាក់នៅប្រទេសបារាំង រហូត​ដល់​ចប់​​កិច្ចប្រជុំ G7 នៅថ្ងៃពុធ។

សម្រាប់លោក ម៉ាក្រុង កិច្ចប្រជុំកំពូលលើក​នេះ គឺជាឱកាសចុងក្រោយមួយ ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់លោកនៅលើឆាកអន្តរជាតិ និងជំរុញ​គំនិតផ្តួចផ្តើមស្តីពីស្វ័យភាពយុទ្ធសាស្ត្ររបស់អឺរ៉ុប មុនពេលលោកត្រូវដើរចេញពីតំណែងនៅឆ្នាំក្រោយ។

សូមជម្រាប​ថា ថ្វីដ្បិត​មិនមានវត្តមានប្រទេសចិន ក៏ក្រុម​មេដឹកនាំ G7 ទាំងអស់នៅតែមិនភ្លេចលើកយកប្រធានបទ ស្តីពីការគ្រប់គ្រងទីផ្សាររ៉ែកម្រ​របស់ក្រុង​ប៉េកាំង ដែលជាវត្ថុធាតុដើមដ៏សំខាន់ សម្រាប់ផលិតឧបករណ៍អេឡិចត្រូនិកប្រចាំថ្ងៃ ទៅ​ជជែកដេញដោលផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម