Connect with us

ព័ត៌មានជាតិ

ពលរដ្ឋដែនកោះ និងតំបន់ដាច់ស្រយាលនៅខេត្តកោះកុង បានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ស្ទើរតែគ្រប់គ្នា

បានផុស

នៅ

កោះកុង៖ ប្រជាពលរដ្ឋរស់នៅតាមដែនកោះ និងដីគោកឆ្ងាយដាច់ស្រយោលពីទីប្រជុំជនក្នុង​ខេត្តកោះកុង បានទទួលការចាក់វ៉ាក់សាំងបង្ការការពារជំងឹកូវីដ-១៩ ស្ទើរតែគ្រប់គ្នាៗហើយ ក្រោម​ឆន្ទៈដ៏មុតស្រួចរបស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៥ថ្ងៃហើយដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ របស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិដឹកនាំពិនិត្យសម្របសម្រួលរបស់នាយឧត្តមសេនីយ៍ ប៊ុន លីត រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋអ្នកខេត្តកោះកុងបានទទួលវ៉ាក់សាំងបានគ្រប់ៗគ្នា ដោយមិនឱ្យពលរដ្ឋណា​ម្នាក់​អត់វ៉ាក់សាំងចាក់ឡើយ។

ចាប់តាំងពីថ្ងៃទី២៤ មិថុនា ដល់ថ្ងៃទី២៨ មិថុនា នេះ ប្រជាពលរដ្ឋរស់នៅដែនកោះ និងតំបន់ឆ្ងាយដាច់ស្រយោលដែលពឹងទៅលើតែការនេសាទ ធ្វើកសិកម្ម ព្រមទាំងស្វែងអនុផល​ព្រៃ​ឈើតាំងពីដូនតាក្នុងស្រុកចំនួន៥ មានស្រុកថ្មបាំង ស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកមណ្ឌលសីមា និងស្រុកគិរីសាគរ សុទ្ធសឹងទទួលវ៉ាក់សាំងដូសទី១គ្រប់គ្នាហើយ។

លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ថា យុទ្ធនាការ​ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់លោកបានបិទបញ្ចប់កាលពីថ្ងៃទី២៧ មិថុនា ម្សិល​មិញរួចរាល់ហើយ ដោយមានពលរដ្ឋ ៣,៣០១នាក់ ដែលប្រព្រឹត្តទៅចំនួន៤ទីតាំងទូទាំងស្រុក។ ក្នុងនោះក៏មានអ្នកពុំបានចាក់វ៉ាក់សាំងដែរ ព្រោះតែកំពុងធ្វើចត្តាឡីស័កប្រមាណ៨០នាក់ និងមួយចំនួនទៀត​មាន​ជំងឺប្រចាំកាយជាដើម។

លោកអភិបាលស្រុកថ្មបាំង ចាត់ទុកការទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលនេះ ជាក្តីសង្ឃឹមមួយ​ដែល​អាច​រួចផុតពីអត្រាឆ្លងជំងឺកូវីដបានកម្រិតខ្ពស់ តែលោកនៅតែតម្រូវឱ្យពលរដ្ឋ​បន្តចូលរួម​អនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីធានាសុវត្ថិភាពក្នុងមូលដ្ឋាន។ ពលរដ្ឋបាន​ចាក់​វ៉ាក់សាំងដូសទី១រួចហើយ ១៤ថ្ងៃក្រោយនឹងចាក់ដូសទី២ម្តងទៀត។

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង បានឱ្យដឹងថា ភាគច្រើនពលរដ្ឋរស់នៅដែនកោះ​ប្រមាណ​ ៤,១១១នាក់ ក្នុងនោះមានស្រី២,០០០នាក់ បានចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ។ ចំពោះពលរដ្ឋដែល​ធ្វើ​ចត្តាឡីស័ក និងពលរដ្ឋមិនទាន់អាចចាក់វ៉ាក់សាំងមានចំនួន១១១នាក់។ ទោះយ៉ាងណា​សម្រាប់​អ្នកដែលអនុវត្តការធ្វើចត្តាឡីស័ក១៤ថ្ងៃហើយ រដ្ឋបាលស្រុកកោះកុង នឹងរៀបចំ​មណ្ឌលចាក់ជាថ្មីនៅឃុំតាតៃក្រោម នៅថ្ងៃស្អែកទី២៩ មិថុនា ខាងមុខ។

លោកស្រីអភិបាលរងស្រុកកោះកុង ថ្លែងអំណគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្ត​ទុកដាក់ខ្ពស់លើសុវត្ថិភាព​ប្រជាពលរដ្ឋតាមរយៈផ្តល់វ៉ាក់់សាំងឱ្យគ្រប់ៗគ្នា ទោះបីជាស្ថានភាព​ផ្លូវគោក និងផ្លូវទឹកពិបាកធ្វើដំណើរដោយឆ្លងកាត់ព្យុះភ្លៀងយ៉ាងណាក៏ក្រុមគ្រូពេទ្យ និងអាជ្ញាធរ​ពាក់ព័ន្ធបានជួយសម្របសម្រួលប្រកបដោយជោគជ័យ។ ពលរដ្ឋដែនកោះ ក៏ប្រឈមនឹងការ​ឆ្លងជំងឺកូវីដណាស់ដែរ ដោយពួកគាត់ត្រូវធ្វើមកលក់ផលនេសាទ ឬទិញទំនិញផ្សេងៗដើម្បី​យក​ទៅលក់ដូរបន្តនៅក្នុងមូលដ្ឋាន។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ គូសបញ្ជាក់ដែរថា ពលរដ្ឋក្នុងឃុំថ្មស និងឃុំតានូនប្រមាណ ៤,៨៩០នាក់ ក៏បានទទួលវ៉ាក់សាំងពីក្រុមគ្រូពេទ្យ ក្រសួងការពារជាតិ​រួច​រាល់ហើយដែរ គិតត្រឹមថ្ងៃទី២៧ មិថុនាម្សិលមិញ។ ពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងមាននៅ ឃុំអណ្តូងទឹក និងឃុំកណ្តោល បើគិតត្រឹមម៉ោង១១និង៣០ថ្ងៃទី២៨ មិថុនានេះមានចំនួន ២,៧៩០នាក់បានចាក់រួច។

បើតាមលោកអភិបាលស្រុកបូទុមសាគរ ក៏មានអ្នកសេសសល់មួយចំនួនតូចដែលពុំទាន់ចាក់ ដោយសារតែកំពុងជាប់ធ្វើចត្តាឡីស័ក អ្នកព្យាបាលជំងឺកូវីដនៅមណ្ឌល និងអ្នកមានជំងឺរ៉ៃរំាមិនអាចចាក់​បាន។ អ្វីដែលគួរជាមោទនភាព គឺមានពលរដ្ឋម្នាក់ឈ្មោះ សូ សយ ភេទប្រុស ជាជនពិការ​ជើងរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ត្រូវបានចាក់ទុកថាពលរដ្ឋបានចាក់វ៉ាក់សាំង​លេខ​រៀង​ទី៤លាននាក់ បានទទួលថវិកា១០លានរៀល។

ចំណែកឯលោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគិរីសាគរ អះអាងដែរថា ពលរដ្ឋប្រុសស្រី​សរុប ៥,៩០៧នាក់ ក៏បានទទួលវ៉ាក់សាំងបង្កកូវីដពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ សម្រាប់ពលរដ្ឋ​ដែនកោះ គឺឃុំកោះស្តេច មាន១,៧៥៨នាក់។

លោកអភិបាលស្រុកគិរីសាគរ ក៏បន្ថែមដែរថា មានពលដ្ឋខកខានពុំបានចាក់ ព្រោះ​ជាស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាកកូន និងអ្នកជំងឺប្រចាំកាយ។ រីឯខ្លះបានទៅចាក់នៅ​តាម​បណ្តា​ស្រុកផ្សេងក្នុងខេត្ត ហើយខ្លះទៀតចំណាកស្រុកទៅធ្វើការនៅខេត្តដទៃ និងទៅនេសាទសមុទ្រ។

មិនខុសពីអភិបាលស្រុកខាងលើទេ លោក ចេង មុន្នី សូមថ្លែងអំណគុណជូនចំពោះសម្តេចតេជោ និងក្រុមគ្រូពេទ្យក្រសួង​ការពារជាតិ ដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពល​រដ្ឋពេលវេលា​ទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋគ្រប់រូបបានទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

ចិនផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១​ ៣០០០តេស្ដ ដល់ក្រសួងមហាផ្ទៃ  

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

គ្រូពេទ្យរុស្ស៊ី បង្កើតប្រវត្តិសាស្រ្តពិភពលោក វះកាត់យកសាច់មហារីក ១៧០ដុំ ពីខ្លួនមនុស្ស ដោយជោគជ័យ

ព័ត៌មានជាតិ៣ នាទី មុន

ថ្នាក់ដឹកនាំធនាគារជាតិចង់ឱ្យកម្មកររោងចក្របើកប្រាក់ខែជាប្រាក់រៀល

សន្តិសុខសង្គម១៤ នាទី មុន

ស្នងការខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវករណីអធិការរងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋជិត២ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌ

ព័ត៌មានជាតិ២០ នាទី មុន

អង្គការទស្សនៈពិភពលោក កៀរគររកសៀវភៅ ១ ម៉ឺនក្បាល ដើម្បីផ្ដល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល

Sokha Hotels

ព័ត៌មានពេញនិយម