Connect with us

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌ នឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនថៃ​លួចសាង​សង់ប្រាសាទអង្គរទី២

បានផុស

នៅ

រាជធានី​ភ្នំពេញ៖ ​បន្ទាប់ពី​​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីម្សិលមិញ អំពីប្រទេស​ថៃ​បង្ហាញ​គម្រោង​ត្រៀម​សាងសង់​ប្រាសាទ​អង្គរ​ទី​២​​ ដែល​ចម្លង​ស្ទើរ​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ត​ខ្មែរ​នោះ បានធ្វើឱ្យ​មហាជន​សម្តែង​ការ​មិន​ពេញចិត្តជាខ្លាំង។ ពាក់ព័ន្ធករណីនេះ មន្ត្រីជាន់ខ្ពស់ ក្រសួងក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ បានអះអាងថា នឹងមានវិធានការតាមច្បាប់ ប្រសិនរកឃើញថា ភាគីប្រទេសថៃបានលួចសាងសង់ប្រាសាទអង្គរទី២នៅទឹកដីប្រទេសខ្លួនដោយមិនបានសុំសិទ្ធិពីកម្ពុជាប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បាន​មានប្រសាសន៍ថា ប្រសិនបើ​កម្ពុជាសិក្សា​បាន​ច្បាស់លាស់​ហើយ​នោះ ក្រសួង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​បទដ្ឋាន​គតិ​យុទ្ធ​នានា​ដែល​បាន​ចែង ក្នុង​ពេល​ដែល​មានការ​សាងសង់​យក​លំនាំ​តាម​ប្រាសាទបុរាណ​ខ្មែរ​ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ​។

លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ត្ថ ​បញ្ជាក់​ថា ដំបូង​ក្រសួងបានដឹង​ថា ភាគី​ថៃ​បាន​កសាង​ប្រាសាទ​ដែល​មាន​កំពូល​បីដូច​ប្រាសាទ​អង្គរ​ខ្មែរ ហេតុនេះ​ក្រសួងកំពុង​ស្វែង​អ្នក​បច្ចេក​សិក្សា​ទៅ​ប្លង់​មេនេះ ដើម្បី​បាន​ព័ត៌មាន​ជាក់លាក់​ជា​មុន​សិន​។

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ រូបនេះ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រសួង​កំពុង​សិក្សា​បញ្ហា​នេះ​ឱ្យបាន​ច្បាស់លាស់​ថា ភាគី​ថៃ​សាងសង់​យក​តាម​លំនាំ​ប្រាសាទខ្មែរ​ទាំងស្រុង ឬ​មាន​ប្លង់​បែបផែន​ផ្សេង​។ លោក​បញ្ជាក់​ថា ជា​ជំហាន​ដំបូង​គឺ​ដឹង​ព័ត៌មាន​ថា​ ភាគី​ថៃ​គេ​សាងសង់​ជា​ពុទ្ធ​មណ្ឌល​។

​លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ត្ថ បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​ទាក់ទង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ទៅ​កាន់​ភាគី​អ្នក​ចេញ​គំរូ​ប្លង់​មេ​របស់​ថៃ ហើយ​ក៏​បាន​ទាក់ទង​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ មុន​ឈាន​ដល់​ដំណោះស្រាយ និង​ចំណាត់ការ​ច្បាប់​ណាមួយ​។

គម្រោងប្រាសាទកំពូល៣ ដែលទទួលបានជោគជ័យ នឹងបញ្ចប់ឆាប់ៗនេះ

គួរបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្កដា ម្សិលមិញ ​​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ បុរាណ​ណា​ចា​រ្យ បាន​ឱ្យ​ដឹង​ថា ប្រទេស​ថៃ​នឹង​សាងសង់​ប្រាសាទអង្គរវត្ត​ទី​២​ឆាប់​ៗ​នេះ នៅ​ឯ​វត្ត​ភូ​ម៉ា​ន​ហ្វា ដ៏​ល្បីល្បាញ​របស់​ថៃ បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​កសាង​ប្រាសាទ​កំពូល​៣​រចនា​បទ​ខ្មែរ រួច​មក​ហើយ​នោះ។

គម្រោង​បន្ទាប់​គឺ​ការ​កសាង​ប្រាសាទអង្គរវត្ត​ទី​២ ដែល​ជា​គម្រោង​សាងសង់​ប្រាសាទអង្គរវត្ត​ចម្លង​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​។ គម្រោង​សាងសង់​ប្រាសាទអង្គរវត្ត​ទី​២ ឬ​ប្រាសាទ​ដែល​គេ​ប្រសិទ្ធ​នាម​ថា ប្រាសាទ​សីហ​នគរ​នេះ​ បាន​ប្រារព្ធ​ពិធី​បុក​គ្រឹះ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ ក្នុង​បរិវេណ​វត្ត​ភូ​ម៉ា​ន​ហ្វា ផា​យ៉ា​ឆាង​រ៉​ង ភូមិ​បាន​ណ​ង​បួ​រ៉ា​យ ឃុំ​បាន​សិ​ង្គ ស្រុក​នាង​រ៉​ង ខេត្ត​បុរីរម្យ ដោយ​កំណត់​ថា​នឹង​បញ្ចប់​ការ​សាងសង់​នៅ​រវាង​៧​ទៅ​៨​ឆ្នាំ​ទៀត​។

ដោយសារ​តែ​អង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភពលោក ដូចនេះ​បើ​យោង​ទៅ​តាម​ច្បាប់​អន្តរជាតិ មាត្រា​៦​ស្ទួន មាត្រា​១០ និង​មាត្រា​១០​ស្ទួន នៃ​អនុសញ្ញា​ទី​ក្រុងប៉ារីស ស្តី​ពី​កិច្ច​ការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម ចុះ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​១៨៨៣ និង​គោលការណ៍​ផ្សេង​ៗ​ទៀត ដែល​ទាក់ទង​ដល់​ការ​រក្សា​គុណ​តម្លៃ​នៃ​ប្រាសាទបុរាណ​ខ្មែរ កម្ពុជា​មិន​អាច​អនុញ្ញាតឱ្យ​មានការ​សាងសង់​ចម្លង​តាម​បែប​នេះ​បាន​ទេ​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម