Connect with us

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២១-២៧ កក្កដា

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យប្រជាពករដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិបង្កឡើងដោយខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីការព្យាករណ៍ស្ថានភាពអាកាសធាតុនៅកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២១នេះ ដល់ថ្ងៃទី២៧ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ពិសេសអ្នកដំណើរតាមសមុទ្រ ដែលនឹងប្រឈមនឹងលកសមុទ្រមានកម្ពស់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែកក្កដា កម្ពុជាទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះលើកទី៧ សេម៉ាកា (CEMPAKA) និងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៧ ខែកក្កដា នឹងទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងពីមធ្យមទៅបង្គរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង។ រីឯបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំងផងដែរ។

ចំពោះបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានអាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង ពិសេសនៅតាមតំបន់ជួរភ្នំក្រវាញ់ ជួរភ្នំដងរែក និងបណ្តាខេត្ត ដែលស្ថិតនៅតាមដងទន្លេមេគង្គ។

ដោយឡែកនៅតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងពីកម្រិតបង្គរទៅច្រើន ផ្គរ រន្ទះបង្គរ លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង ក៏មានភាគរយខ្ពស់ផងដែរ។

ជាមួយគ្នានេះដែរក្រសួងបានអំពាវនាវដល់សាធារណជន និងបងប្អូនប្រជានេសាទត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ជាយថាហេតុដោយបាត់ភូតធម្មជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម