ព័ត៌មានអន្ដរជាតិ
ណាតូនិងអាមេរិក ដាក់រឿងអ៊ីរ៉ង់មួយឡែក! បន្តប្តេជ្ញាការពារអឺរ៉ុប និងជួយអ៊ុយក្រែនឱ្យខ្លាំងជាងមុន
ក្រោយរកាំរកូសពាក្យសម្តីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយអង្គការណាតូ ដែលមិនជួយខ្លួនវាយអ៊ីរ៉ង់កាលពីថ្មីៗ អាមេរិកតែងតែប្រើវោហាសព្ទគំរាមដកកងកម្លាំងចេញពីអឺរ៉ុប តែកាលពីម្សិលមិញនេះ ប្រធានាធិបតីអាមេរិករូបនេះ និងមេដឹកនាំណាតូ គ្រោងនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំជាថ្មី ការពារអឺរ៉ុបរួមគ្នា ក្រោមកតិកាសញ្ញាមាត្រា៥ របស់សម្ព័ន្ធមិត្តក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ា ប្រទេសតួកគីនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមឯកសារមួយត្រូវបានអនុម័តដោយឯកអគ្គរដ្ឋទូតណាតូ កាលពីថ្ងៃសុក្រ និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។

សមាជិកណាតូក៏គ្រោងនឹងសន្យាផ្តល់ជំនួយយោធាចំនួន ៨០ប៊ីលានដុល្លារដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦ នេះ និងយ៉ាងហោចណាស់លើកម្រិតសមមូលក្នុងការគាំទ្រនៅឆ្នាំ២០២៧ ។ នេះបើយោងតាមសេចក្តីប្រកាស របស់ប្រមុខណាតូ នឹងត្រូវការយល់ព្រមចុងក្រោយពីមេដឹកនាំក្នុងកិច្ចប្រជុំកំពូលប៉ុណ្ណោះ។
សេចក្តីប្រកាសសម្រាប់កិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ និងទី ៨ ខែកក្កដា ខាងមុខ រៀបរាប់ថា៖ « យើង[…] បានជួបជុំគ្នានៅទីក្រុងអង់ការ៉ា ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងឡើងវិញ ក្នុងការការពាររួមគ្នារបស់យើងក្រោមមាត្រា៥ នៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោន ចំពោះចំណងអន្តរអាត្លង់ទិក។ ការវាយប្រហារលើម្នាក់ គឺជាការវាយប្រហារលើយើងទាំងអស់គ្នា»។
ដោយឡែក លោក ត្រាំ តែងតែរិះគន់ណាតូនិងសមាជិកទាំងអស់ ដោយចោទប្រកាន់ពួកគេថាមិនបានចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ ហើយពឹងផ្អែកលើអាមេរិក ដើម្បីការពារអឺរ៉ុប។
បន្ទាប់ពីមានការប៉ះទង្គិចជាមួយមេដឹកនាំអឺរ៉ុបជុំវិញសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ លោក ត្រាំ បានដាក់ការសង្ស័យលើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកតិកាសញ្ញាការពារជាតិទៅវិញទៅមករបស់ណាតូ ហើយថែមទាំងនិយាយថា លោកកំពុងពិចារណាចាកចេញពីសម្ព័ន្ធភាពនេះទៀតផង។
ប៉ុន្តែឯកសារដែលអនុម័តដោយឯកអគ្គរដ្ឋទូតនៃសមាជិកទាំង៣២ របស់ណាតូ រួមទាំងអាមេរិក បង្ហាញថា ប្រធានាធិបតីអាមេរិកមានឆន្ទៈក្នុងការដាក់គំនិតដកខ្លួនចេញពីអឺរ៉ុបមួយឡែក សម្រាប់ពេលនេះ។
សេចក្តីប្រកាសនោះលើកឡើងថា រុស្ស៊ីបង្កការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខ និងស្ថិរភាពអឺរ៉ុប-អាត្លង់ទិក។ សមាជិកអឺរ៉ុបរបស់ណាតូ និងកាណាដា កំពុងបំពេញតាមការប្តេជ្ញាចិត្តរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុននៅទីក្រុងឡាអេ ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ។
ការប្រកាសបន្តថា៖ « យើងកំពុងកសាងអនាគតឱ្យអឺរ៉ុបកាន់តែរឹងមាំ នៅក្នុងណាតូកាន់តែរឹងមាំ។ សម្ព័ន្ធមិត្តអឺរ៉ុបនិងកាណាដា ធ្វើការជាមួយអាមេរិក កំពុងទទួលខុសត្រូវកាន់តែខ្លាំង ចំពោះការការពារលើសម្ព័ន្ធមិត្ត។ សម្ព័ន្ធមិត្តក៏បានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ ហើយអ៊ីរ៉ង់ត្រូវគោរពសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងច្រកសមុទ្រហ័រមូសយ៉ាងពេញលេញឡើងវិញ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


