ព័ត៌មានជាតិ
មន្រ្តីកម្ពុជាប្រមាណ៥០០នាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងអាហារូបករណ៍ “JDS” របស់ជប៉ុន
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែកក្កដានេះ បានឱ្យដឹងថា មន្ត្រីកម្ពុជាប្រមាណ៥០០នាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងអាហារូបករណ៍ “JDS” របស់ជប៉ុន។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើកឡើងថាចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា “JDS” បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អស់រយៈពេលជាង ២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០នាក់ ដែលក្នុងនោះ មាន២៤នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុនបានផ្តល់ដល់ប្រទេសកម្ពុជា នូវគម្រោងអាហារូបករណ៍និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដ៏ទៃទៀត ដែលបានរួមចំណែកយ៉ាងសំខាន់ដល់តម្រូវការរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និងផលិតភាព ដើម្បីឆ្លើយ តបទៅនឹងតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើកឡើងទៀតថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា ហើយជប៉ុនក៏កំពុងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ ២៣០លានដុល្លារ។
ដោយឡែក កាលពីថ្ងៃសុក្រសប្តាហ៍មុន វ៉ាក់សាំងជើងទីមួយនៃវ៉ាកសាំងសរុបចំនួន១លានដូស ដែលជាជំនួយរបស់ជប៉ុន ក៏បានមកដល់ផងដែរ ហើយត្រូវបានស្វាគមន៍ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងបានពិពណ៌នាការបរិច្ចាគនេះថា ជាភ័ស្តុតាងថ្មីដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ជ្រាលជ្រៅ និងការទទួលខុសត្រូវដ៏ធំធេងរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រប្រទេសដែលមានធនធាន និងលទ្ធភាពនៅមាន កម្រិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជំនួយរបស់ប្រទេសជប៉ុន បានគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ និងក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត ហើយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធាន មនុស្សនៅកម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះ ហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៣៦២ លានយ៉េន ដែលស្មើប្រមាណ ៣,៣១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង “អាហារូបករណ៍អភិវឌ្ឍន៍ធន ធានមនុស្ស” សម្រាប់ឆ្នាំ២០២១៕ អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


