ព័ត៌មានជាតិ
WHO៖ សូមធ្វើសកម្មភាពនៅថ្ងៃនេះ កុំឲ្យស្ដាយក្រោយនៅថ្ងៃស្អែក
ជំងឺរាតត្បាតនៅឆ្ងាយពីទីបញ្ចប់ ដោយសារតែចំនួនករណីឆ្លងវីរុសកូវីដ-១៩ និងករណីស្លាប់ដោយសារជំងឺ កូវីដ-១៩ ប្រចាំថ្ងៃ នៅតែមានកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងដំណាក់កាលចម្លងទី២ (ការចម្លងកម្រិតសហគមន៍នៅតាមតំបន់) ដោយមេរោគនេះ បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហគមន៍។ នេះបើតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កាលពីល្ងាចម្សិលមិញ។
បើតាមអង្គការសុខភាពពិភពលោក វីរុសកូវីដ-១៩ បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) ត្រូវបានរកឃើញក្នុងចំណោមពលករ ចំណាកស្រុកដែលវិលត្រលប់មកកម្ពុជាវិញតាមច្រកព្រំដែនគោក ហើយឥឡូវនេះបានឆ្លងចូលទៅក្នុងសហគមន៍ហើយ។ វីរុសកូវីដ-១៩ បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) ឆ្លងរាលដាលលឿនជាងវីរុសកូវីដ- ១៩ ទម្រង់ផ្សេងទៀត ហើយវាជាវីរុសកូវីដ-១៩ បំប្លែងថ្មីដែលគេស្គាល់ថា ងាយឆ្លងបំផុតនាពេលបច្ចុប្បន្ននេះ។

នៅក្នុងប្រទេសជាច្រើន វីរុសកូវីដ-១៩ បំប្លែងថ្មី ទម្រង់ឌែលតា (Delta variant) នេះ បានទៅជំនួសវីរុសកូវីដ-១៩ទម្រង់ផ្សេងៗទៀត ដែលកំពុងចរាចរយ៉ាងឆាប់រហ័ស ដែលនាំឲ្យមានការកើនឡើងនូវករណីឆ្លង និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ វីរុសកូវីដ-១៩ បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) កំពុងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញនៅទូទាំងពិភពលោក ហើយវីរុសកូវីដ-១៩ បំប្លែងថ្មីជាច្រើនទៀត ដែលមានសក្តានុពលបង្កគ្រោះថ្នាក់ខ្លាំងជាងនេះ នឹងលេចរូបរាងមកបន្ថែមទៀត ប្រសិនបើមិនអាចទប់ស្កាត់វីរុសកូដ-១៩ បំប្លែងថ្មីទម្រង់ឌែលតា(Delta variant) នេះទេ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងកំពុងតែប្រណាំងប្រជែងជាមួយនឹងវីរុសបំប្លែងថ្មីទម្រង់ផ្សេងៗជាច្រើន។ យើងត្រូវតែធ្វើសកម្មភាពនៅថ្ងៃនេះ ហើយយើងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីកុំឲ្យមានការស្តាយក្រោយនៅថ្ងៃស្អែក”។

លោកស្រីបញ្ជាក់ថា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាល និងដៃគូ ដើម្បីអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបចំពោះជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលបន្តចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការចម្លង និងស្វែងរកការចូលរួមពីអ្នករាល់គ្នា ដើម្បីប្រកាន់ខ្ជាប់នូវវិធានការសាធារណៈ និងសុវត្ថិភាពផ្ទាល់ខ្លួន ហើយសំខាន់គឺលើកកំពស់ការចូលរួមក្នុងការអនុវត្តនូវវិធានការសាធារណៈ និងសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងចំណោមសហគមន៍។
អង្គការសុខភាពពិភពលោក បានផ្តល់ប្រឹក្សា និងផ្តោតលើការគាំទ្រនៅក្នុងផ្នែកសំខាន់ៗសម្រាប់ការឆ្លើយតបរហ័ស៖
ទី១. ទប់ស្កាត់ការចម្លងតាមរយៈការរកឃើញបានឆាប់ ការវិភាគស្ថានភាព ក៏ដូចជាអន្តរាគមន៍សុខភាពសាធារណៈមិនមែនឱសថ និងវិធានការសង្គមចំគោលដៅ និងរួមបញ្ចូលគ្នា។
ទី២. ពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងធានាអាទិភាពដល់ បុគ្គលិកសុខាភិបាល មនុស្សចាស់ បុគ្គលដែលមានជំងឺប្រចាំកាយ និងប្រជាជនងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដទៃទៀត។
ទី៣. បង្កើនសមត្ថភាពថែទាំអ្នកជំងឺ និងការផ្តល់ សេវាសុខភាព ជាពិសេសសមត្ថភាព ប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺសង្គ្រោះបន្ទាន់ និងការ តាមដានពិនិត្យមើលខ្សែបន្ទាត់ក្រហម។
លោកស្រីវេជ្ជបណ្ឌិត Li Allan បានបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ។ រាជរដ្ឋាភិបាល បានធ្វើសេចក្ដីសម្រេចចិត្តម៉ឺងម៉ាត់មួយចំនួន រួមទាំងការបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨ ដែលភាគច្រើននៅជាប់ព្រំដែន និងបានដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅទូទាំងប្រទេស ដែលជាជំហានសំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ជាពិសេសជាការឆ្លើយតបទៅនឹង វីរុសកូវីដ-១៩បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) តែម្តង។
លោកស្រីបានបន្តថា មិនមានវិធានការតែមួយណា អាចទប់ស្កាត់ការចម្លងបានទេ គឺទាមទារឲ្យមានការរួមបញ្ចូលគ្នា ប្រកបដោយប្រសិទ្ធភាព នៃវិធានការសុខភាពសាធារណៈ និងសង្គមដែលផ្អែកលើហានិភ័យ។
ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របទៅតាមវិធានសុខភាពសាធារណៈបានត្រឹមត្រូវ នឹងកំណត់ពីជោគជ័យនៃអន្តរាគមន៍ទាំងនេះ។ ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត li Ailan បានអំពាវនាវឲ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារ អ្នកដទៃទៀតពីការឆ្លងរោគ។
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជា បានដំណើរការទៅយ៉ាងល្អ ហើយនៅតែជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។ រហូតមកទល់នឹងពេលនេះ វ៉ាក់សាំងទដែលត្រូវបានចុះបញ្ជីប្រើប្រាស់បន្ទាន់ដោយអង្គការសុខភាពពិភពលោកទាំងអស់ ការពារមិនឲ្យវិវត្តទៅជាឈឺធ្ងន់ មិនចូលទៅសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់នៅពេលប្រឈមនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលគួរឲ្យព្រួយបារម្ភណាមួយ រួមទាំងមេរោគកូវីដ-១៩ បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) ផងដែរ។
អង្គការសុខភាពពិភពលោកបានផ្ដល់អនុសាសន៍ថា មនុស្សគ្រប់រូប ទោះបីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្តី មិនបានក្តី ត្រូវបន្តអនុវត្តវិធានការបង្ការដូចជាត្រូវពាក់ម៉ាស់ រក្សាគម្លាតពីគ្នា លាងដៃជាមួយនឹងសាប៊ូ ឬជែលឲ្យបានញឹកញាប់ ដោយត្រូវចៀសវាងការប្រមូលផ្ដុំ ហើយត្រូវនៅផ្ទះប្រសិនបើមិនស្រួលខ្លួន និងត្រូវស្វែងរកជំនួយពីគ្រូពេទ្យ នៅមណ្ឌលសុខភាព ដែលនៅជិតបំផុត និងជាបន្ទាន់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


