ព័ត៌មានជាតិ
ចាប់ពីខែសីហាឆ្នាំនេះ ដល់ពាក់ កណ្ដាលឆ្នាំ២០២២ កម្ពុជានឹងចាក់វ៉ាក់សាំង ដូសជំរុញ ដល់ប្រជាជនទូទៅ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចុះហត្ថលេខា លើសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាយុទ្ធសាស្រ្ដគន្លឺដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាន នូវភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅ ឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះ តាមគន្លងប្រក្រតីភាពថ្មី។

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល បានលើកឡើងទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេលវេលា បានជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង, ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានបញ្ចៀសបានកម្ពុជា ពីគ្រោះមហន្តរាយ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩នេះ ព្រមទាំងធ្វើឲ្យសភាពការណ៍បច្ចុប្បន្ន នៃការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។
ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លូនថ្មី ប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយ សារមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយ ប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលដដែល បានឲ្យដឹងថា ទឡ្ហីករណ៍បែបវិទ្យាសាស្រ្ដ ដែលបានលើកឡើង នៅក្នុងឯកសារសិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំងប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតប នៃអង្គបដិបក្ខ នៃប្រព័ន្ធការពារក្នុងខ្លួន និងឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែល (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
ផ្អែកលើទឡ្ហីករណ៍វិទ្យាសាស្រ្ដខាងលើនេះ និងយោងតាមប្រភពព័ត៌មាន ដែលផ្សព្វផ្សាយជាសាធារណៈ ប្រទេសជាច្រើន រួមមាន៖ អ៊ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រី, ឥណ្ឌូនេស៊ី, អារ៉ាប់អេមីរ៉ាត, ឈីលី, បារាំង, អង់គ្លេស, អាល្លឺម៉ង់, អូទ្រីស, ជាដើម បានសម្រេចចិត្ត ឬគ្រោងចាក់វ៉ាក់សាំងដូសជំរុញនេះ ដើម្បីទប់ទល់ជាមួយនឹង ការវាយលុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា, ទន្ទឹមនឹងការសម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទ Astra Zeneca ដើម្បីចាក់ដូសជំរុញដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) កាលពីដើមខែសីហា ឆ្នាំ២០២១កន្លងទៅ, ក្រុមការងារជំនាញ ក៏បានសិក្សាស្រាវជ្រាវរកឃើញដែរថា ការចាក់ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឲ្យមានផលរំខានច្រើន លើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់វ៉ាក់សាំងដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយ កាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ទៀតថា ផ្អែកតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ដខាងលើ និងក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័ស នូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេសប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺ កូវីដ-១៩ តាមគន្លងថ្មី, រាជរដ្ឋាភិបាលសម្រេច ប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ- ១៩ ដូសជំរុញ» ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្ដាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


