Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ភូមិព្រៃទា ប្រមូលសំបុត្រ​​កំណើតកុមារ​អាយុ ៣ ឆ្នាំដល់​ ១១ឆ្នាំ ត្រៀមចាក់វ៉ាក់សាំង​កូវីដ ១៩

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរនៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញមួយចំនួន បានណែនាំដល់អាណាព្យាបាលនិងឪពុកម្តាយ ដែលមានកូនអាយុចាប់ពី៣ ឆ្នាំដល់១១ឆ្នាំ ដើម្បីត្រៀមចាក់វ៉ាក់សាំងកូវីដ១៩។

តំណាងអាជ្ញាធរភូមិព្រៃទា២សង្កាត់ចោមចៅ៣ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨សីហានេះថា តាមការណែនាំពីសង្កាត់បានឱ្យអាជ្ញាធរភូមិចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗដែលមានកូនចៅអាយុចាប់ពី៣ឆ្នាំដល់អាយុ១១ឆ្នាំ សូមយកសំបុត្រកំណើតកូពីនិងសរសេរលេខទូរស័ព្ទនៅលើនោះទៅប្រគល់ឱ្យអាជ្ញាធរដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមអាជ្ញាធរ​មិនបានដឹងថាតើការចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ​៣​ឆ្នាំដល់១១ឆ្នាំនេះ នឹងធ្វើនៅពេលណានោះទេដោយ លោកគ្រាន់តែទទួលការងារប្រមូលស្ថិតិតាមគ្រួសារនីមួយៗ ដើម្បីឱ្យដឹងថាតើក្នុងភូមិព្រៃទា២មានកុមារ អាយុចាប់ពី៣ឆ្នាំដល់១១ឆ្នាំ មានចំនួនប៉ុន្មាននាក់ប៉ុណ្ណោះ​។

ពាក់ព័ន្ធការចាក់វ៉ាក់កុមារអាយុចាប់ពី៣ឆ្នាំដល់១១ឆ្នាំ មិនអាចធ្វើការទំនាក់ទំនង លោកស្រី វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺ​កូវីដ​១៩​ក្នុងក្របខណ្ឌទូទាំងប្រទេសបានទេនៅថ្ងៃទី២៨សីហានេះ។

ប៉ុន្តែប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានមានប្រសាសន៍នៅក្នុងឱកាសបើកយុទ្ធនាការចាក់​វ៉ាក់សាំងចំពោះកុមារនិងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ កាលពីថ្ងៃទី០១សីហា នៅវិមានសន្តិភាព​ថា​ សម្តេចចង់ចាក់ជូន​ដល់កុមារគ្រប់អាយុទាំងអស់ ឱ្យតែមានវ៉ាក់សាំងដើម្បីបង្កើនភាពស៊ាំនៅក្នុង​សហគមន៍​ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

បច្ចុប្បន្ននេះរាជរដ្ឋាភិបាល កំពុងដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងក្រុមមនុស្សដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំនិងចាក់ដូសជំរុញ​ឬ​ដូស​ទី៣ ដល់អ្នកដែលបានចាក់២លើករួចរាល់។

គិតត្រឹមថ្ងៃទី២៧សីហានេះ មានពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទទួលបានចាក់វ៉ាក់សាំងចំនួន​៨ ៩៤២ ០១២​ ស្មើនឹង ៨៩.៤២ភាគរយធៀបនឹងគោលដៅ១០លាននាក់ និងចាក់ដល់កុមារអាយុចាប់ពី​ ១២​ឆ្នាំ​​ដល់អាយុក្រោម១៨ឆ្នាំ បានចំនួន១ ៣៦៦ ៤២៣នាក់ ស្មើនឹង៦៩.៤៧ភាគរយ ធៀបនឹងគោលដៅជិត២លាននាក់និងចាក់ដូសទី៣ឬដូសជំរុញបានចំនួន៥៧៦៦៧៨នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម