Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច បន្តរឹតបន្តឹង ការអនុ វត្តច្បាប់ចរាចរណ៍ ទោះស្ថិតក្នុងបរិបទកូវីដ

បានផុស

នៅ

មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍នៅ​រាជ​​ធានីភ្នំពេញ នៅតែបន្តធ្វើយ៉ាងសកម្មភាព​ ទោះបីស្ថិតក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ដោយ​មន្ត្រីរូ​ប​នេះ លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ។ ការបញ្ជាក់នេះ បន្ទាប់ពីសម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ម្សិល មិញនេះ បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ច បន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើ​ក​លែង ឬយោគយល់អ្វីទាំងអស់។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំ​ពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ ការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ គឺនៅតែបន្តធ្វើជាធម្មតា ទោះបី​ស្ថិតក្នុងបរិបទ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកថា ការអនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ នៅរាជ​ធានីភ្នំពេញ បានផ្អាកមួយរយៈអំឡុងពេល មានការបិទខ្ទប់ តែពេលនេះបន្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ គឺយើងមិនដែលបានដកថយទេ ទោះ បីក្នុង​ដំ​ណាក់កាលកូវីដក៏ដោយ ព្រោះយើងដឹងច្បាស់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ វាសឹង​តែជា​បញ្ហាធ្ងន់ធ្ងរជាងបញ្ហាផ្សេងៗទៀត ព្រោះជាប្រចាំគឺបញ្ហាហ្នឹង តែងបង្កឲ្យមានការស្លាប់ ការរងរបួស ហើយហ្នឹងការ​ខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋជាដើម។ ដូច្នេះហើយ ដោយយោងតាមបទបញ្ជា របស់សម្ដេចក្រឡាហោម ក៏ដូចជាបទបញ្ជាផ្ទាល់ របស់ឯកឧត្ដមសន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្ដមស្នងការ គឺយើងតែ​ង​តែអនុវត្តជាប្រចាំ​»។

លោកវរសេនីយ៍ឯក សាន សុខសីហា បានកត់សម្គាល់ថា នៅពេលមានការបន្ថយ ការរឹតបន្តឹងច្បាប់ចរាចរ ណ៍នោះ គឺនឹងនាំឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន ដែលបង្កឡើងដោយជនមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនលឿន ហើយជាពិសេសបើកបរ ក្នុងស្ថានភាពស្រវឹងជាដើម។ ដូច្នេះហើយ ការអនុវត្តច្បាប់ចរាចរ​ណ៍​ជាប្រចាំ គឺជាករណីចាំបាច់មួយ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ អនុវត្តច្បាប់ចរាចរណ៍ បានត្រឹមត្រូវនោះ គឺមិនមានការឃាត់ ដើម្បីផាកពិន័យនោះទេ។ ត្រង់ចំណុចនេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានសង្កត់ធ្ងន់ថា «បញ្ហាសំខាន់ គឺទាក់ទងទៅនឹង ការគោរពច្បាប់ ហើយការអនុវត្តច្បាប់​រប​ស់​សមត្ថកិច្ច គឺយើងមិនមែន ក្នុងគោលបំណង ដើម្បីថាផាកពិន័យគាត់ទេ សំខាន់ប្រសិនបើគាត់ចូលរួមគោរព ចូ​ល​រួមសហការ គឺគ្មានមន្ត្រីណាម្នាក់ ទៅធ្វើការផាកពិន័យគាត់ទេ ហើយគោលបំណងសំខាន់ ដែលសមត្ថកិច្ចធ្វើទាំ​ង​យប់ ទាំងថ្ងៃ លះបង់ទាំងពេលវេលា មិនថាពេលវេលាណា ដើម្បីអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ គោ​លបំណងធំ គឺនៅកន្លែងហ្នឹង»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថកិច្ចដឹក នាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារ សេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ការក្រើនរំលឹកយ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានពិនិត្យឃើញថា នៅក្នុងខែសីហា ឆ្នាំ២០ ២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១៩៩លើក មានការថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែល កើនរហូតដល់ទៅ១៦នាក់ បើប្រៀបធៀបនឹងខែកក្កដា ដែលមានអ្នកស្លាប់ត្រឹមតែ ១០៧នាក់ប៉ុណ្ណោះ។

បើតាមសម្ដេចក្រឡាហោម ស ខេង កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែសីហានេះ គឺមកពីការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ ចំនួន១៥នាក់ របួស៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរាចរណ៍មា​នកំណើនឡើងវិញ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម