Connect with us

ព័ត៌មានជាតិ

ប្រជាជនកម្ពុជា ប្រមាណជា ១លាន ៥សែននាក់ កំពុងប្រកបមុខរបរ ក្នុងវិស័យជលផល

បានផុស

នៅ

មន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ប្រជាជនកម្ពុជា នៅទូទាំងប្រទេសប្រមាណជា ១លាន ៥សែននាក់ បាននឹង​កំពុ​ងប្រកបមុខរបរ ក្នុងវិស័យជលផលដោយផ្ទាល់ ហើយប្រមាណជា៤លាន ៥សែននាក់ទៀត មានជាប់ទាក់ទងដោយប្រយោល។

ការឲ្យដឹងនេះ គឺនៅក្នុងសិក្ខាសាលា ស្ដីពី ការប្រកាសជាសាធារណៈ នៅរបាយការណ៍ជំនួញ និងហិរញ្ញវត្ថុក្នុងការអភិវឌ្ឍវារីវប្បកម្ម ដោយបង្ហាញពីតថភាពជំនួញ លទ្ធភាពរីកចំរើនបន្ថែម និងឱកាសទីផ្សារវារីវប្បកម្ម ដោយរួមទាំងអនុសាសន៍ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួន និងជាការចែករំលែកព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗ។ សិក្ខាសាលានេះ រៀបចំដោយអង្គការទស្សនៈពិភពលោក និងសមា គមសណ្តែកសៀងអាមេរិក ព្រមទាំងក្រុមហ៊ុន អ៊ីអឹមស៊ី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល បានលើកឡើងថា វិស័យជលផល បានដើរតួនាទីសំខាន់ណាស់ ស​ម្រាប់ប្រជាជនកម្ពុជា ហើយក៏ជាប្រភពដ៏ចម្បងចាំបាច់ សម្រាប់ម្ហូបអាហារប្រចាំថ្ងៃ និងក៏ជាប្រភពប្រាក់ចំណូលដ៏​មាន​សារៈ សម្រាប់ប្រជាជនកម្ពុជាយើង។

លោក ហាវ វិសិដ្ឋ បានមានប្រសាសន៍បន្តថា ប្រជាជនកម្ពុជា ជិត៦លាននាក់ មានជាប់ទាក់ទងនឹងវិស័យជលផល ហើយអ្នកដែលយកវិស័យជលផល ជាមុខរបរអាជីពតែម្ដងមានប្រមាណ ១លាន ៥សែននាក់ ហើយប្រមាណ ៤​លាន ៥សែននាក់ទៀត មានជាប់ទាក់ទងដោយប្រយោល។

មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលរូបនេះ បានលើកឡើងទៀតថា «ទោះបីជាប្រទេសកម្ពុជា ជាប្រទេស​មានភាព​អំ​ណោ​​​យផល លើវារីវប្បកម្មយ៉ាងណាក៏ដោយ តែវារីវប្បករយើងកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលត្រូវចូលរួមគ្នា​ដើម្បីដោះស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

តាមលោក អនុប្រធានរដ្ឋបាលជលផល បញ្ហាប្រឈម ដែលវារីវប្បករជួបប្រទះនោះ រួមមាន៖ បញ្ហាចំណេះដឹង ការ​គ្រប់កសិដ្ឋានឲ្យបានត្រឹមត្រូវ កង្វះខាតទីផ្សារ មានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសជិតខាង ហើយបញ្ហា​ប្រឈ​ម​សំខាន់នោះ ដើមទុននេះតែម្ដង។

លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល សង្ឃឹមថា តាមរយៈការរៀបចំសិក្ខាសាលានៅថ្ងៃនេះ នឹងផ្ដល់ព័ត៌​មាន​បន្ថែម និងអាចគន្លឹះសម្រាប់បងប្អូនវារីវប្បករ ដែលកំពុងប្រកបមុខរបរវារីវប្បកម្ម និងអ្នកពាក់ព័ន្ធទាំងឡាយ អាចយកមកអភិវឌ្ឍន៍វារីវប្បកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម