ព័ត៌មានជាតិ
នៅមិនទាន់មានគោលការណ៍ធ្វើតេស្តគ្រូនិងសិស្សក្រោយបុណ្យភ្ជុំបិណ្ឌនៅឡើយទេ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី៣ ខែតុលានេះឱ្យដឹងថារហូតមកដល់ពេលនេះ នៅមិនទាន់មានគោលការណ៍ធ្វើតេស្តគ្រូ និងសិស្សនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌនៅឡើយទេ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡាបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលានេះឱ្យដឹងថា«នៅមិនទាន់មានគោលការណ៍ណាមួយតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ទៅលើគ្រូនិងសិស្សពេលចូលរៀននិងបង្រៀនវិញក្រោយពិធីបុណ្យភ្ជុំបានបញ្ជប់នោះទេ»។

យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរអប់រំបានបន្តថា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញនិងក្រសួងអប់រំយុវជននិងកីឡាបាននឹងកំពុងតែយកចិត្តទុកដាក់ និងគិតគូរពីបញ្ហានេះហើយ។ ប៉ុន្តែសម្រេចយ៉ាងណាៗនោះនៅមិនទាន់ដឹងនៅឡើយទេ។
រដ្ឋបាលរាជធានីភ្នំពេញបានបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ដោយផ្តោតទៅលើសិស្សថ្នាក់ទី៩និងសិស្សថ្នាក់ទី១២ដើម្បីត្រៀមចូលរួមប្រឡងនាពេលខាងមុខនេះ។ ប៉ុន្តែមុននឹងចូលរៀនរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តដល់គ្រូហើយជាលទ្ធផលរកឃើញគ្រូចំនួន២៤នាក់បានឆ្លងជំងឺកូវីដ១៩។ ក្រោយមកចូលរៀនបាន២ថ្ងៃក៏បានឆ្លងដល់សិស្សចំនួន២៣នាក់បានធ្វើឱ្យបិទថ្នាក់រៀនចំនួន១៥ថ្នាក់នៅសាលាចំនួន១៥។

លោក ហែម ស៊ីណារ៉េត បានបន្ថែមថា ចំពោះសិស្សានុសិស្សចំនួន២៣នាក់ នៃទាំង៥សាលា ដែលមានវិជ្ជមានជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះមានសិស្សចំនួន៨នាក់ហើយ ដែលបានជាសះស្បើយ ក្រោយពីធ្វើតេស្តលើកទី២អវិជ្ជមាន ហើយគ្រូពេទ្យអនុញ្ញាតពួកគាត់ត្រឡប់មកផ្ទះវិញ និងបន្តធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនហើយមិនមានគ្រូឬសិស្សដែលសិក្សាជាមួយសិស្សទាំង២៣នាក់ខាងលើមានវិជ្ជមានកូវីដ-១៩ទេ។ ប៉ុន្តែនៅថ្ងៃទី២៤ ខែកញ្ញា មន្ទីរអប់រំ ក៏បានរកឃើញសិស្សម្នាក់ទៀតមានវិជ្ជមានមេរោគកូវីដ-១៩ គឺនៅពេលក្រុមគ្រូពេទ្យយកសំណាកអ្នកពាក់ព័ន្ធតាមវត្ត។
ដើម្បីធានាបាននូវការបើកគ្រឹះស្ថានសិក្សាឡើងវិញនេះឱ្យដំណើរការបានល្អប្រសើរ និងប្រកបដោយជោគជ័យ ហើយយើងអាចទប់ស្កាត់បានការឆ្លងរាលដាលជំងឺកូវីដ ក្នុងគ្រឹះស្ថានសិក្សាក្នុងនោះលោកប្រធានអប់រំសូមអំពាវនាវឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់បន្តការចូលរួមអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ហើយបើមានការសង្ស័យពីស្ថានភាពសុខភាពទាំងគ្រូ និងសិស្សសូមឱ្យសម្រាកធ្វើកិច្ចការពីផ្ទះ ហើយផ្ដល់ព័ត៌មានមកសាលាវិញជាបន្ទាន់បើករណីរកឃើញវិជ្ជមានកូវីដ-១៩ សូមរាយការណ៍ផ្ដល់ព័ត៌មានមកមន្ទីរដើម្បីមន្ទីរចាត់វិធានការបានទាន់ពេលវេលា។

លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា « សូមឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ គឺទាំងគ្រូទាំងសិស្ស ត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នា គ្រប់ច្រកចូលសាលាត្រូវតែមានឧបករណ៍វាស់កម្ដៅ ការបាញ់អាល់កុល និងរក្សាគម្លាតជាពិសេសការរៀបសិស្សក្នុងថ្នាក់មិនឱ្យលើសពី១៥នាក់ទេ»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


