Connect with us

ព័ត៌មានអន្ដរជាតិ

ភាពតានតឹង កើត​ឡើងវិញនៅសមុទ្រក្រហម ក្រោយ​ក្រុមហ៊ូធី ប្រកាសបិទផ្លូវនាវាចរណ៍

បានផុស

នៅ

សមុទ្រក្រហម ដែលជាច្រកផ្លូវទឹកដ៏សំខាន់បំផុតមួយសម្រាប់ពាណិជ្ជកម្មសកល បានក្លាយជាចំណុចក្តៅគគុកសារជាថ្មីម្តងទៀត នៅពាក់កណ្តាលឆ្នាំ២០២៦ នេះ។ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈខ្លី ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅប្រទេសយេម៉ែន ដែលមានការគាំទ្រពីប្រទេសអ៊ីរ៉ង់ បានបន្តសកម្មភាពរំខាន និងវាយប្រហារលើនាវាពាណិជ្ជកម្មនានា ដែលធ្វើឲ្យខ្សែសង្វាក់​ផ្គត់ផ្គង់ទំនិញទូទាំងសកលលោក ប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ស្ថានភាពបានឈានដល់កម្រិតតានតឹងថ្មីមួយទៀត នៅពេលដែលក្រុមហ៊ូធី បានប្រកាសដាក់ទណ្ឌកម្ម និងបិទផ្លូវនាវាចរណ៍ដែលដឹកទំនិញឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន Al Jazeera ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមឧទ្ទាមនេះ បានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម ដែលទង្វើនេះ គឺជាការសងសឹកទៅនឹងការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដ ទៅលើរដ្ឋាភិបាលស្របច្បាប់របស់យេម៉ែន។ ការកើនឡើងនូវកម្តៅនេះ មិនត្រឹមតែគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោកផងដែរ ដោយជំរុញឲ្យតម្លៃប្រេងឆៅមានការកើនឡើង។

ផលវិបាកនៃការគំរាមកំហែងនេះ គឺមានទំហំធំធេងណាស់សម្រាប់សេដ្ឋកិច្ចសកល។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា កងកម្លាំងទ័ពជើងទឹកសហភាពអឺរ៉ុបប្រចាំនៅសមុទ្រក្រហម បានសម្រេចចិត្តដំឡើងកម្រិតប្រកាសអាសន្នពីការគំរាមកំហែងដល់នាវាចរណ៍ ពីកម្រិតទាបទៅកម្រិតមធ្យមវិញ។ សេចក្តីណែនាំថ្មីនេះ បានជំរុញយ៉ាងទទូចឲ្យនាវាពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក អ៊ីស្រាអែល ឬអារ៉ាប៊ីសាអូឌីត គួរតែជៀសវាងការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ជាបណ្តោះអាសន្ន។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនយក្សជាច្រើន ត្រូវបង្ខំចិត្តបង្វែរទិសដៅនាវារបស់ខ្លួនឲ្យធ្វើដំណើរវាងទ្វីបអាហ្វ្រិក កាត់តាមជ្រោយ Good Hope ជំនួសឲ្យការឆ្លងកាត់ព្រែកជីកស៊ុយអេ ដែលការធ្វើបែបនេះធ្វើឲ្យការធ្វើដំណើរចំណាយពេលកាន់តែយូរ និងស៊ីប្រេងឥន្ធនៈកាន់តែច្រើន ព្រមទាំងរុញច្រានថ្លៃដឹកជញ្ជូនឲ្យកើនឡើងទ្វេដង។

គួររំលឹកផងដែរថា វិបត្តិនៅសមុទ្រក្រហមនេះ មិនមែនទើបតែចាប់ផ្តើមនោះទេ។ ក្រុមហ៊ូធី បានចាប់ផ្តើមយុទ្ធនាការវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើនាវាពាណិជ្ជកម្ម តាំងពីចុងឆ្នាំ២០២៣ មកម៉្លេះ ដោយពួកគេតែងតែអះអាងថាជាការសងសឹកទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា។ ទោះបីជាមានការផ្អាកសកម្មភាពមួយរយៈបន្ទាប់ពីមានបទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥ ក៏ដោយ ក៏ភាពតានតឹងបានផ្ទុះឡើងវិញយ៉ាងសន្ធឹកសន្ធាប់នៅឆ្នាំ២០២៦ នេះ ដោយពង្រីកគោលដៅវាយប្រហារបន្ថែម។

ជារួម ស្ថានភាពនៅសមុទ្រក្រហមនៅតែបន្តជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ។ ខណៈដែលកងកម្លាំងចម្រុះអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងខិតខំប្រឹងប្រែងការពារនាវាពាណិជ្ជកម្ម ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តម្លៃទំនិញ និងទីផ្សារប្រេង នៅតែជាក្តីព្រួយបារម្ភដ៏ធំសម្រាប់ប្រទេសនានានៅទូទាំងពិភពលោក។ ប្រសិនបើស្ថានភាពរំខានពីក្រុមហ៊ូធីនេះនៅតែអូសបន្លាយ វានឹងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់វិស័យពាណិជ្ជកម្មអន្តរជាតិ និងអាចធ្វើឲ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅមានតម្លៃកាន់តែថ្លៃជាមិនខាន៕

ក្រុមហ៊ូធី (រូបថត៖ REUTERS)

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម