Connect with us

ព័ត៌មានជាតិ

លោក ឡុង សុភាព ៖ នាមជាមន្រ្តីរាជការស៊ីប្រាក់ខែរដ្ឋ ខ្ញុំមិនធ្វើស្រែលើខ្នងរាស្រ្តទេ

បានផុស

នៅ

មន្ត្រីការិយាល័យរៀបចំដែនដី និងភូមិបាលនៃស្រុកសំរោងទងមួយរូប បានទទួលការកោតសរសើរពី​ប្រជាពលរដ្ឋ​នៅ​​​​ក្នុងមូលដ្ឋាន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែមន្ត្រីរូបនេះ បានខិតខំបម្រើ​សេវា​សាធារណៈ ជូនប្រជាពលរដ្ឋដោយមានភាពលឿនរហ័ស មានតម្លាភាព និងមិនយកប្រាក់ពីប្រជាពលរដ្ឋ​ ក្រៅ​ពីអ្វីដែលច្បាប់បានកំណត់ឡើយ។ មន្ត្រីថ្នាក់ក្រោមជាតិរូបនេះ បានលើកឡើងថា ការខិតខំរបស់ខ្លួនដូច្នេះ គឺ​ដើម្បី​​បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយស្មោះ និងមិនសុំអ្វីទេ ក្រៅពីសុំក្តីស្រឡាញ់រាប់អាន ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សុភាព មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការដែលលោកខិតខំបំពេញការងារ បម្រើសេវាសាធារណៈជូនប្រជាពល​រដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយមានភាពលឿនរហ័ស និងមិនយកកម្រៃក្រៅផ្លូវការនោះ គឺដើម្បីលើកទឹកចិត្តរបស់ប្រជាពលរដ្ឋ ឲ្យមកទទួលយកសេវាសាធារណៈ​ ចៀសវាងការទៅពឹងពាក់អ្នករត់ការ ដែលត្រូវចំណាយថវិកាច្រើន។

លោកថា «អ្វីដែលខ្ញុំបានគិតគូ បម្រើប្រជាពលរដ្ឋ ដោយស្មារតីនៃឆន្ទៈ មនសិកា វិជ្ជាជីវៈ របស់ខ្ញុំនេះ គឺទីមួយ គឺលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យពួកគាត់ងាកមកប្រើប្រាស់នូវសេវាសាធារណៈ របស់រដ្ឋ ព្រោះដើម្បីអី ដើម្បីឲ្យបាន​លឿន ហើយបានឆាប់រហ័ស ហើយនិងតម្លាភាព បានសេចក្ដីថា តាមលំដាប់លំដោយ»។

លោក ឡុង សុភាព បានលើកឡើងបន្តថា ក្នុងនាមលោកជាមន្ត្រីរាជការមួយរូប ដែលទទួលបានប្រាក់ខែពីរាជរដ្ឋា​ភិបាល នឹងមិនយកឯកសណ្ឋានជាមន្ត្រីរាជការ ទៅធ្វើជាមុខរបរដើម្បីមានបាននោះឡើយ។ លោកបន្ថែមថា «ក្នុង​នាមខ្ញុំជាមន្ត្រីរាជការម្នាក់ ដែលទទួលបានប្រាក់ខែពីរដ្ឋ គឺខ្ញុំនឹងមិនយកឯកសណ្ឋានជាមន្ត្រីរាជការ ជាឈ្មោះក្នុង​មន្ត្រីរាជការធ្វើមុខរបរ ដើម្បីគេហៅថា ធ្វើស្រែលើខ្នងរាស្រ្ដ ហើយរាល់ប្រជាពលរដ្ឋទាំងអស់ ដែលមកជួបខ្ញុំ គឺខ្ញុំនឹង​បំពេញអ្វីដែលជាសំណើរបស់គាត់ ហើយគាត់ត្រូវឆ្លើយតបជាមួយខ្ញុំវិញ នូវអ្វីដែលខ្ញុំបានដាក់ជូន»។

មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃស្រុកសំរោងទង បានលើកជាឧទាហរណ៍​ថា មានប្រជាពលរដ្ឋម្នាក់ មកផ្ទេរកម្មសិទ្ធិដីធ្លី ជាអំណោយក្ដី ជាការលក់ទិញក្ដី គឺលោកនឹងបំពេញឯកសារជូនគាត់​ភ្លាមៗ ឲ្យតែប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ដូចជា ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និង​សំបុត្រណើត ឬក៏សំបុត្រអាពាហ៍ពិពាហ៍ ហើយក៏ត្រូវមានសាក្សី ២នាក់ ព្រមទាំងអ្នកទទួលសិទ្ធិផ្ទេរ និងអ្នក​ទទួល​សិទ្ធិ ក៏ត្រូវមកជាមួយគ្នាផងដែរ។

លោក ឡុង សុភាព បានឲ្យដឹងបន្តទៀតថា ចំពោះការបំពេញឯកសារនេះ យ៉ាងយូរចំណាយពេលត្រឹមតែ ១ម៉ោង​ប៉ុណ្ណោះ ទៅតាមឯកសារតិច ឬច្រើនទៅតាមក្បាលដី ដោយមិនឲ្យប្រជាពលរដ្ឋរង់ចាំឡើយ។ រីឯប្រជាពលរដ្ឋផ្សេង​ទៀតមកក្រោយ ត្រូវរង់ចាំការបំពេញឯកសារតាមក្រោយ ដោយការធ្វើយ៉ាងដូច្នេះ ដើម្បីមានតម្លាភាពទាំងអស់គ្នា។ ជាមួយគ្នានេះ មន្ត្រីថ្នាក់ក្រោមជាតិរូបនេះ បានបញ្ជាក់បន្ថែមថា រូបលោកខិតខំបំពេញការងារ បម្រើសេវា​សាធារ​ណៈ​ ​ជូនប្រជាពលរដ្ឋដូចរៀបរាប់ខាងលើនេះ មិនមែនជាការសម្ដែង ឬចង់បានភាពល្បីល្បាញនោះទេ តែការខិត​ខំនេះ គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយមិនគិតអំពីប្រាក់កាសពីពួកគាត់ឡើយ ដោយសារតែលោកទទួល​បាន​​ប្រាក់ខែពីរដ្ឋរួចទៅហើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម