ព័ត៌មានជាតិ
សម្ដេចធិបតី ហាមមិនឱ្យរើសមន្ត្រីថ្មីក្នុងឆ្នាំ២០២៥ លើសពីចំនួនមន្ត្រីដែលចូលនិវត្តន៍ក្នុងឆ្នាំ២០២៤
ក្នុងគោលដៅបង្កើនស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហាមមិនឱ្យរើសមន្ត្រីថ្មីក្នុងឆ្នាំ២០២៥ លើសពីចំនួនមន្ត្រីដែលចូលនិវត្តន៍ក្នុងឆ្នាំ២០២៤ឡើយ។ នេះបើតាមខ្លឹមសារសម្រង់ខ្លឹមសារសំខាន់ៗដែលសម្ដេចធិបតី ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី១២ មិថុនា ឆ្នាំ២០២៤ ចេញផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមសម្ដេចនាយករដ្ឋមន្ត្រី។

សម្រង់ខ្លឹមសារសំខាន់ បានស្រង់អនុសាសន៍សម្ដេចធិបតី យកមកសរសេរដូច្នេះថា ៖«ចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន ដោយមានហេតុផលត្រឹមត្រូវ និងច្បាស់លាស់»។
នៅចំពោះមុខឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលរាជធានី ខេត្ត, សម្ដេចធិបតី ថ្លែងទៀតថា រាល់ការវិភាគមុខងារ និងរាល់តម្រូវការក្នុងការជ្រើសរើសមន្ត្រីថ្មីបន្ថែមត្រូវតែមានការឯកភាពពីក្រសួងមុខងារសាធារណៈ។
សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន អាចផ្ទេរថវិកាដែលសល់ពីការសន្សំលើការកត់បន្ថយក្របខណ្ឌ យកមកប្រើប្រាស់ សម្រាប់ការលើកទឹកចិត្តដល់មន្ត្រី ឬ/និងបង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋាន ពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។

សម្ដេចធិបតី ក៏បញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងវិភាគមុខងារ ជាលក្ខណៈរួមឱ្យបានរួចរាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដើម្បីអនុវត្តការវិភាគមុខងារនេះ ឱ្យបានចប់សព្វគ្រប់នៅត្រីមាសទី៣ ក្នុង ឆ្នាំ២០២៤ នេះ ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ ០១ សណន ស្តីពីការពិនិត្យឡើងវិញ និងការវិភាគ មុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលបានដាក់ចេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤។
សម្ដេច បញ្ជាទៀតថា គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ដោយឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ តាមរយៈការអនុវត្ត វិធានការពាក់ព័ន្ធនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ស្របតាមសារាចរណែនាំ លេខ ០៨សរ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន។

សម្តេចធិបតី បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងារ របស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះទេ គឺជាការងាររបស់ក្រសួង-ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ដូច្នេះ ការគាំទ្ររបស់ក្រសួង-ស្ថាប័ន គឺមិនគ្រប់គ្រាន់ទេ តែត្រូវការការចូលរួម យ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ ពោលគឺក្នុងអភិក្រមរដ្ឋាភិបាលទាំងមូល និងក្នុងស្មារតី “សម្លេងមួយ-យុទ្ធសាស្ត្រមួយ-ផែនការមួយ” ទើបអាចធានាសម្រេចជោគជ័យបាន ។
សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរសកម្ម ព្រមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


