ព័ត៌មានជាតិ
គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១
លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅថ្ងៃទី០៤ ខែធ្នូនេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១ខាងមុខ ក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាព នៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ដូចជា ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល តាមប្រព័ន្ធអនឡាញ (Online) ជាដើម។
ដោយសង្កេតឃើញថា មានភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅមិនទាន់យល់ច្បាស់អំពីការបោះឆ្នោតសាកល្បង ដែលគ្រោងរៀបចំនៅដើមឆ្នាំ២០២១ នោះ គ.ជ.ប សូមជម្រាបជូនសាធារណជន ទៅលើសំណួរដែលសួរថា “តើគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១ នឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេច?”

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានពន្យល់ថា គម្រោងរៀបចំការបោះឆ្នោតសាកល្បង នៅដើមឆ្នាំ២០២១ ខាងមុខនេះ គ.ជ.ប រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ដូចជាការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) – ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចខាងក្រោម៖
កម្មវិធីទទួលបញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។
ចំណែកសំណួរដែលសួរថា “ក្នុងការបោះឆ្នោតសាកល្បងនេះ តើប្រជាពលរដ្ឋត្រូវបោះឆ្នោតតាមអនឡាញ (Online) ឬយ៉ាងណា?”
លោកអគ្គលេខាធិការរងបញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋ គឺនៅតែធ្វើការបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។
ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់គោលដៅមួយចំនួនតាមការកំណត់របស់ គ.ជ.ប តែប៉ុណ្ណោះ។
“ដោយសារការបោះឆ្នោតសាកល្បងមានគោលដៅបែបនេះ តើចាំបាច់ត្រូវដាក់ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមផ្ដល់យោបល់ដែរ ឬទេ?”

លោកអគ្គលេខាធិការរង បានមានប្រសាសន៍ឆ្លើយតបទៅនឹងសំណួរខាងលើថា ពិតជាចាំបាច់ណាស់! មុននឹងឈានដល់ការរៀបចំការបោះឆ្នោតសាកល្បង នៅដើមឆ្នាំ២០២១ គ.ជ.ប ត្រូវរៀបចំបទបញ្ជា និងនីតិវិធី ហើយត្រូវរៀបចំនូវកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមពិភាក្សាពិគ្រោះយោបល់ មុននឹងអនុម័តគម្រោងរៀបចំការបោះឆ្នោតសាកល្បងនេះ ពីព្រោះ គ.ជ.ប មិនមែនធ្វើការដោយអត្តនោម័តិនោះទេ ហើយការបោះឆ្នោតមួយទទួលបានជោគជ័យ ដោយសារមានការចូលរួមពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់។
ប្រសិនបើការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕
ដោយ ៖ កោះ កែវ


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស