Connect with us

កីឡា

ក្រុមអ្នកសារព័ត៌មានកម្ពុជា ប៉ះ សមាគមធនាគារនៅកម្ពុជា ក្នុង​ជំនួប​មិត្តភាព ស៊ុតគ្នាដល់ ១២ គ្រាប់

បានផុស

នៅ

ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា (Cambodia Media football) និងក្រុមបាល់ទាត់សមាគមធនាគារនៅកម្ពុជា (ABC) បានជួបប្រកួតគ្នាលក្ខណៈមិត្តភាពជាលើកទី ២ នៅតារាងបាល់ទាត់ NBC Sports កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនេះ បានប្រព្រឹត្តទៅយ៉ាងរលូនរយៈពេល ៩០ នាទីពេញ ដោយពុំមានអ្នកឈ្នះ និងចាញ់ឡើយ ពោលគឺស្មើគ្នាក្នុងលទ្ធផល ៦ ទល់នឹង ៦។ អំឡុងពេលប្រកួត ក្រុមទាំង ២ បានបង្ហាញស្មារតីជាអ្នកកីឡាយ៉ាងពិតប្រាកដ ដោយលេងប្រកបដោយមិត្តភាព សាមគ្គីភាព និងយោគយល់គ្នាទៅវិញទៅមក។

លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងជាប្រធានក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមប្រកួតមិត្តភាព ជាមួយសមាគមធនាគារនៅកម្ពុជា ជាលើកទី២ ដែលជួយឱ្យចំណងមិត្តភាពរវាងអ្នកសារព័ត៌មានកម្ពុជា និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថានធនាគារ កាន់តែស្និតស្នាល។

លោកបន្ថែមថា គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា។

ចំណែកលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិ ក៏ដូចជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានដឹកនាំសមាជិករបស់សមាគម ដែលជាប្រធាននាយកប្រតិ​បត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារនានានៅកម្ពុជា ចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា។

លោក សោភ័ណ និងសមាជិកក្រុមទាំងសុទ្ធតែ បង្ហាញការសប្បាយរីករាយ ចំពោះការប្រកួតប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។ ការប្រកួតបាល់ទាត់មិត្តភាពនេះ បានជួយឱ្យថ្នាក់ដឹកនាំរបស់បណ្តាគ្រឹះស្ថានធនាគារពាណិជ្ជកម្មនៅកម្ពុជា ស្គាល់ និងរាប់អានគ្នាជាលក្ខណៈបុគ្គល ជាមួយបងប្អូនអ្នកសារព័ត៌មានកាន់តែច្រើនជាងមុន ហើយពិសេសនោះ គឺជួយឱ្យយើងអាចស្គាល់ពីសុខភាពរបស់ខ្លួន និងចេះថែរក្សាសុខភាព។

ទន្ទឹមនឹងនេះ ប្រធានក្រុមទាំងពីរសុទ្ធតែអះអាងដូចគ្នាថា ការប្រកួតលើកទី២នេះ មិនមែនជាការប្រកួតលើកចុងក្រោយនោះទេ ពោលគឺនឹងមានការប្រកួតលើកក្រោយៗទៀត ដែលនឹងអាចរយៈពេល ២ ឬ ៣ ខែជួបគ្នាម្តង។

សូមជម្រាបថា ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពព័ត៌មាន Fresh News, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីថ្មី និងសារព័ត៌មានឧកញ៉ា News ។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជាក៏ បាន​សម្តែង​ការអរគុណជាពិសេស ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផងដែរ ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានារបស់ខ្លួន៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម