Connect with us

ព័ត៌មានជាតិ

ចិនផ្តល់ជំនួយសម្ភារវេជ្ជសាស្ត្រចំនួន១១មុខបន្ថែមទៀតដល់កម្ពុជា

បានផុស

នៅ

សម្ភារវេជ្ជសាស្ត្រចំនួន១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ក្រសួងការពារជាតិចិន ដល់ក្រសួងការពារជាតិកម្ពុជា បានដឹកមកដល់ហើយ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ហើយពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីនោះ លោក Wang Wentian បានលើកឡើងថា ក្រោយផ្ទុះឡើងនៃជំងឺ Covid-19 យោធានៃប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ដោយបានផ្ដល់ជំនួយដើម្បីចូលរួមទប់ស្កាត់វីរុសជាច្រើនលើកផងដែរ។ ការសហការគ្នាដើម្បីទប់ស្កាត់វីរុសនេះ មិនត្រឹមតែបង្កើនភាពជាគំរូ នៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិប៉ុណ្ណោះទេ ក៏ជាការចូលរួមកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាផងដែរ ។ លោកថា សម្ដេចពិជ័យសេនាទៀបាញ់ ក៏ធ្លាប់ប្រគល់សម្ភារប្រឆាំងកូវីដ១៩ ជូនដល់ក្រសួងការពារជាតិចិនផងដែរ ហើយការផ្ដល់ជូនគ្នាទៅវិញទៅមកនេះ បានបង្ហាញអំពីការរួមសុខទុក្ខជាមួយគ្នារវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ដែរថា ក្រោយផ្ទុះឡើងនៃជំងឺកូវីដ១៩ កងទ័ពនៃប្រទេសទាំងពីរបានចូលរួមទប់ស្កាត់យ៉ាងសកម្មនៅក្នុងប្រទេសរបស់ខ្លួន ដោយអនុវត្តតាមស្មារតីមិនចុះចាញ់ភាពលំបាក ដើម្បីចូលរួមយ៉ាងសកម្មក្នុងការការពារអាយុជីវិតរបស់ប្រជាជន។

សម្រាប់ប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ តាមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារសម្រេចបាននូវការងារដ៏លំបាក ហើយគ្រោះថ្នាក់បំផុត  និងបានបោះជំហានយ៉ាងខ្លាំងក្លារាល់ឧបសគ្គនានា ដូចជាយុទ្ធនាការចាក់វ៉ាក់សាំង គ្រប់គ្រងព្រំដែន សន្តិសុខនៅតាមកន្លែងព្យាបាលវីរុស Covid-19 ជាដើម។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាក្រសួងការពារជាតិចិន  ដែលបានផ្ដល់សម្ភារៈការពារជំងឺ Covid-19 ដល់កម្ពុជា។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ការផ្ដល់ជំនួយសម្ភារប្រឆាំងកូវីដ១៩នាពេលនេះ គឺបន្ថែមទៅលើវ៉ាក់សាំង និងការបញ្ជូនអ្នកជំនាញយោធា ដើម្បីផ្ដល់បទពិសោធន៍រួមសហការគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា  ហើយគឺជាការចូលរួមដ៏សំខាន់នៅក្នុងការការពារសុខភាពសាធារណៈ ក៏ដូចជាសុខភាពប្រជាពលរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩មកដល់កម្ពុជា ហើយប្រទេសចិនក៏បានក្លាយជាប្រទេស ដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ៨,៣០០,០០០ដូស៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម