Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប សម្រេច​ប្តឹង​មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទៅ​តុលាការ​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​៧ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ អ៊ី សាំង​ឡេង (​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP) ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

ការសម្រេច​ដាក់ពាក្យ​ប្តឹង​នេះ ដោយសារតែ​ឈ្មោះ អ៊ី សាំង​ឡេង បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន គ​.​ជ​.​ប ដោយ​លើកឡើង​ថា “​ច្បាស់​ណាស់ គ​.​ជ​.​ប មួយ​នេះ គឺជា​ចោរ ! គឺជា​ចោរ​បំផ្លាញ​ជាតិ​របស់​ពួក​យើង​ដ៏​អាក្រក់​បំផុត ! គឺ​ពួកគេ​នេះហើយ ជា​អ្នក​អនុវត្ត​ផែនការ​ចុះឈ្មោះ​មនុស្ស​ដោយ​ខុសច្បាប់ ដើម្បី​ធានាថា​បរទេស​នៅតែ​អាច​ត្រួតត្រា​ខ្មែរ​បាន​នោះ ! ភស្តុតាង​នេះ​វា​ច្បាស់​ជាង​ថ្ងៃ​ទៅទៀត​។ ខ្ញុំ​ថា​ពួកគេ​គឺជា​ចោរ​បែបនេះ ចាំមើល​គេ​មាន​អ្វី​យកមក​បដិសេធ​ទៀត​មើល ! ”។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​កម្ពុជា​ថ្មី​រសៀល​នេះ​ថា ឈ្មោះ អ៊ី សាំង​ឡេង គឺជា​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP​។

​បទល្មើស​ខាងលើ បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​ទូរគមនាគមន៍​សោតទស្សន៍ ដោយ​ភ្ជាប់​ជាមួយ​សារ ដែល​ធ្វើឱ្យមាន​ការភាន់ច្រឡំ នាំឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ស្ថាប័ន គ​.​ជ​.​ប ក៏ដូចជា​មកលើ​ការបោះឆ្នោត​។

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា “​ប្រជាពលរដ្ឋ​ខែ្មរ​មាន​សេរីភាព​ខាង​ការបញ្ចេញមតិ​របស់ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​។ ជន​ណាក៏ដោយ មិនអាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ ដោយ​រំលោភ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប និង​ជា​តំណាង​ឲ្យ គ​.​ជ​.​ប ក្នុង​ការដាក់​បណ្តឹង​នេះ បាន​ថ្លែង​ថា ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​កំណត់​អំពី​ព្រំដែន​នៃ​សិទ្ធិ​នេះ​ដែរ​ថា មិនត្រូវ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ដទៃ និង​សង្គមជាតិ​ឡើយ គឺ​ទី​១, ប៉ះពាល់​ដល់​បុគ្គល រួមមាន ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព សិទ្ធិ​លំនៅឋាន និង​ការ​បរិហារកេរ្តិ៍​ផ្សេងៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល​ដែល​បុគ្គល​នៅ​ទី​នេះ​រួមមាន​ទាំង​រូបវន្តបុគ្គល និង​នីតិបុគ្គល។ ទី​២, ការប៉ះពាល់​ដល់​សង្គម​ជាតិ​ដូចជា ការប្រើ​សិទ្ធិ​នោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ ឬ​មាន​ចរិតលក្ខណៈ​ញុះញង់ ដែលនាំឱ្យ​បាត់បង់​នូវ​សន្តិសុខ​ជាតិ​។

លោក សោម សូ​រី​ដា បញ្ជាក់​ថា ការ​ចែកចាយ​ព័ត៌មាន ឬ​បញ្ចេញមតិ​តាមរយៈ​បណ្តាញ​សង្គម ដោយ​ធ្វើ​ការ​អះអាង​បំផ្លើស ឬ​ការ​ទម្លាក់​កំហុស​ដោយ​ទុច្ចរិត ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​របស់​អ្នកដទៃ ឬ​ស្ថាប័ន​ណាមួយ​រួម​ទាំង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ដែល​មាន​លក្ខណៈ​ញុះញង់​ឲ្យ​មាន​ការប្រព្រឹត្ត​អំពើហិង្សា ឬ​បង្ក​អសន្តិសុខ​ដល់​សង្គម គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម