ព័ត៌មានជាតិ
អ្វីខ្លះជាលទ្ធផលនៃ កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ?
កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃ បានបញ្ចប់ប្រកបដោយជោគជ័យ ដោយមានរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសសមាជិកអាស៊ានភាគច្រើនបានមកចូលរួមដោយផ្ទាល់ ហើយមួយចំនួនតូចបានចូលរួមតាមប្រព័ន្ធវីដេអូ។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្តីពីលទ្ធផល នៃកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្ដោតសំខាន់ គឺការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។ ដូច្នេះរដ្ឋមន្ត្រីការបរទេស បាននិយាយច្រើនអំពីភាពចាំបាច់ក្នុងការជំរុញការអនុវត្តក្នុងក្របខណ្ឌស្ដារឡើងវិញផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំនោះ ក៏មានការលើកឡើងពីការជំរុញធ្វើយ៉ាងណាឱ្យបើកធ្វើចរាចរណ៍ផ្ទៃក្នុងអាស៊ាន ក្នុងក្របខ័ណ្ឌនៃការធ្វើដំណើរឡើងវិញក្នុងអាស៊ាន ដើម្បីជំរុញសេដ្ឋកិច្ចដើរឡើងវិញ។ លោកមានប្រសាសន៍ថា ប្រទេសនៅក្នុងអាស៊ានភាគច្រើនពឹងផ្អែកទៅលើទេសចរណ៍ តែថាមិនមែនទេសចរណ៍មួយមុខទេ ប៉ុន្តែប្រសិនបើគ្មានការធ្វើដំណើរទៅវិញទៅមក ការធ្វើពាណិជ្ជកម្មក៏ពិបាក ពីព្រោះអ្នកវិនិយោគ ឬអាជីវករត្រូវការជួបគ្នា ត្រូវការផ្លាស់ប្ដូរយោបល់ ត្រូវការស្វែងរកវឌ្ឍនភាព ដើម្បីបោះទុនវិនិយោគ ស្វែងរកការរីកចម្រើនក្នុងមុខរបរ។

បញ្ហាធំទីពីរ គឺបានពិភាក្សាទៅលើការពង្រឹងសមត្ថភាពស្ថាប័នរបស់អាស៊ាន ពីព្រោះអាស៊ានក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ មានគេចែចូវច្រើន គេចង់ចូលជាមួយអាស៊ាន ចង់ក្លាយជាដៃគូជាមួយអាស៊ាន តែអាស៊ានក៏មានដៃគូតាមវិស័យ និងមានការកើនឡើងនៃដៃគូទាក់ទងគ្នា ក្នុងកម្រិតយុទ្ធសាស្ត្រ ក្នុងកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា ឥឡូវនេះយើងមានប្រទេសដែលឈានទៅដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន២ គឺអូស្ត្រាលី និងចិន ហើយដោយសារប្រទេសទាំងពីរនេះ បានទទួលឋានៈជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏មានប្រទេសមួយចំនួនទៀតស្នើសុំផងដែរ ដូចជាសហរដ្ឋអាមេរិក ឥណ្ឌា និងកូរ៉េខាងត្បូង។ ដូច្នេះនៅថ្ងៃខាងមុខនឹងមានទាំងប្រទេសមហាអំណាចធំ មហាអំណាចកណ្ដាល។ ចំណែក សហភាពអឺរ៉ុប EU ក៏កំពុងគិតគូរ ដោយសារទើបបានឋានៈជាដៃគូយុទ្ធសាស្ត្រកាលពីពេលថ្មីៗនេះ។

រដ្ឋមន្ត្រីការប្រទេសអាស៊ានក៏បានពិភាក្សា អំពីទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយសារតែថ្ងៃខាងមុខ ដៃគូខាងក្រៅរបស់អាស៊ានចេះតែច្រើន ប៉ុន្តែសមត្ថភាពផ្ទៃក្នុង ជាពិសេសសមត្ថភាពរបស់ស្ថាប័នលេខាធិការដ្ឋាន នៅមានកម្រិត ដែលត្រូវពិចារណាត្រូវទទួលដៃគូថែមទៀត ដោយសារអាស៊ានមិនបានហាមឃាត់ ឬពង្រីកភាពជាដៃគូតទៅទៀតទេ។
ដោយឡែកចំពោះការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រវាងមហាអំណាចធំៗ រវាងមហាអំណាចកណ្ដាល នឹងអាចផលប៉ះពាល់មកលើតំបន់ ទាំងជារួម ទាំងជាឯកជន (លើប្រទេសនីមួយៗ) ក៏បានលើកជាបញ្ហា ថាតើការដឹកនាំអាស៊ាន និងការកសាងសហគមន៍អាស៊ាន ត្រូវធ្វើក្នុងកម្រិតណា ដែលមិនទទួលផលប៉ះពាល់ជាអវិជ្ជមាន ពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ទើបរដ្ឋមន្ត្រីការបរទេសនានា បានលើកឡើងយ៉ាងច្បាស់អំពីការពង្រឹងមជ្ឈភាពរបស់អាស៊ាន។

ចំណែកកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន យល់ថា អាស៊ាន៩ មិនដូចអាស៊ាន១០ ទេ ប៉ុន្តែដោយសារតែកាលៈទេសៈពាក់ព័ន្ធទៅនឹងការរកកុងសង់ស៊ីសមិនបានក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដើម្បីមកចូលរួមកិច្ចប្រជុំ កម្ពុជាត្រូវបង្ខំចិត្តអនុវត្តការងាររូបមន្តដែលបានប្រកាន់យកសម្រាប់កិច្ចប្រជុំលើកទី៣៨ និង៣៩។
ទោះជាយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី អះអាងថា បញ្ហាមីយ៉ាន់ម៉ា ក៏បានជជែកគ្នាច្រើនផងដែរក្នុងនាមគ្រួសារអាស៊ាន គឺអាស៊ានចង់ជួយមីយ៉ាន់ម៉ាឱ្យផុតពីវិបត្តិ ចាកផុតពីវិបត្តិនយោបាយ ចាកផុតពីវិបត្តិសន្តិសុខ ដែលអាចរាលដាលទៅដល់វិបត្តិសេដ្ឋកិច្ច ហើយរាលដែលទៅដល់វិបត្តិមនុស្សធម៌ និងសុខាភិបាល។ ព្រោះបើកាលណាប្រទេសស្ថិតនៅក្នុងការឈ្លោះគ្នាបែបនេះ បញ្ហាទាំងនោះ នឹងអាចរាលដាលដល់សេដ្ឋកិច្ច ដល់សង្គម ហើយជាក់ស្ដែងបញ្ហាមនុស្សធម៌ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មីយ៉ាន់ម៉ាមានជនភៀសខ្លួនរហូតជាង ៤០០ ពាន់នាក់ ដែលនេះបន្ថែមទៅលើអ្វី ដែលប្រជាពលរដ្ឋបានទៅជ្រកកោននៅប្រទេសបង់ក្លាដេសជាង ១ លាននាក់។ លោកមានប្រសាសន៍ថា មានប្រជាពលរដ្ឋជាច្រើនត្រូវការជំនួយមនុស្សធម៌ ហេតុដូច្នេះទើបយើងយកបញ្ហាមនុស្សធម៌នេះជារឿងធំ ហើយបញ្ហាមនុស្សធម៌នេះ គឺជាចំណុចទី៤ នៃកុងសង់ស៊ីសរបស់មេដឹកនាំអាស៊ានកន្លងទៅ។

បន្ថែមលើនេះ នៅក្នុងកិច្ចប្រជុំ ក៏បានពិភាក្សាពិនិត្យឡើងវិញ តើយើងបានធ្វើអ្វីខ្លះបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣៨ និង៣៩កន្លងទៅ។ លោកបញ្ជាក់ថា រយៈពេលខ្លី ប៉ុន្តែរដ្ឋមន្ត្រីការប្រទេសដែលអញ្ជើញចូលរួមបានជជែកថា តើមានរឿងអ្វីខ្លះដែលត្រូវជម្រុញមុន ហើយរឿងអ្វីខ្លះដែលត្រូវជំរុញក្រោយ ដូច្នេះមានរឿងច្រើន ទាំងផ្នែកផ្ទៃក្នុង ទាំងផ្នែកទំនាក់ទំនងអន្តរជាតិ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង