ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ប្រាប់ដល់មន្ត្រីគ្រប់រូបគោរពក្រមសីលធម៌ និងភារកិច្ច មិនត្រូវឆ្លៀតឱកាសទាញយកប្រយោជន៍ផ្ទាល់ខ្លួន
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តជាស្ត្រីនៅខេត្តកោះកុង ប្រាប់ដល់គ្រប់មន្ត្រីរាជការឱវាទទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ដោយត្រូវចាត់ទុកថាខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ ហើយមិនត្រូវឆ្លៀតឱកាសទាញយកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់លោកស្រី មិថុនា ភូថង គឺធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
លោកស្រីអភិបាលខេត្ត ក៏ស្នើដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ត្រូវបន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមតួនាទី ភារកិច្ច ដូចជា សាមគ្គីភាពគ្នាល្អ ប្រកាន់នូវអត្តចរិកថ្លៃថ្នូរ មានភាពជិតស្និទ្ធជាមួយប្រជាជន និងបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ក៏មានមន្ត្រីរាជការមួយចំនួនតូច ឆ្លៀតឱកាសប្រើប្រាស់មុខងារ តួនាទី ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកស្រី មិថុនា ភូថង រំលេចទៀតថា ចំពោះមន្ត្រីរាជការគឺមានតែការគោរពវិន័យ ការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ចំពោះតួនាទី ភារកិច្ច និងភាពថ្លៃថ្នូក្នុងវិជ្ជាជីវៈការងារប៉ុណ្ណោះ ទើបអាចបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបានល្អប្រសើរ។
តែទោះយ៉ាងណា លោកស្រីអភិបាលខេត្តកោះកុង វាយតម្លៃខ្ពស់ពីសមិទ្ធផលដែលសម្រេចរយៈពេល២ឆ្នាំចុងក្រោយនេះ ត្បិតខេត្តក៏ដូចជាប្រទេសកម្ពុជាទាំងមូលជួបវិបត្តិរីករាលដាលជំងឺកូវីដ១៩ក្តី ដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក លោកស្រីទាំងអស់ និងសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ ព្រមទាំង ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលដែលពាក់ព័ន្ធទាំងអស់។
២ឆ្នាំកន្លងទៅនេះ ពោលគឺក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខេត្តកោះកុង ក៏ដូចជាបណ្តាខេត្តដទៃទៀតទូទាំងប្រទេស បានខិតខំពុះពារជម្នះ និងឆ្លងកាត់នូវបញ្ហាស្មុគស្មាញជាច្រើនព្រោះតែការផ្ទុះឡើងនូវជំងឺកូវីដ-១៩ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច-សង្គម ជាពិសេសជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតែម្តង។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងការលំបាកនានាដែលបានកើតឡើងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ និងវិធានការដ៏មុតស្រួចក្នុងប្រយុទ្ធប្រឆាំងនឹងជំងីកូវីដ-១៩ ការស្វះស្វែងរកវ៉ាក់សាំងចាក់បង្ការការពារជូនប្រជាពលរដ្ឋដើម្បីបង្កើតឱ្យមានភាពស៊ាំនៅក្នុងសហគមន៍។
ការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មករ រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិ នៃជំងឺកូវីដ-១៩ ការធ្វើអន្តរាគមន៍នានាដើម្បីទប់ទំនឹងសេដ្ឋកិច្ចសង្គមកុំឱ្យដួលរលំ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការធានាឱ្យដំណើរស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា ព្រមទាំងវិធានការចាំបាច់នានាជាច្រើនទៀតក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ក្នុងវិបត្តិនៃជំងឺកូវីដ-១៩។
បើតាមលោកស្រី មិថុនាភូថង កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលបានបង្កលក្ខណៈសម្បត្តិដល់ប្រទេសយើងអាចបើកឱ្យដំណើការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យទាំងអស់ ហើយស្ថាប័នសាធារណៈគ្រប់ថ្នាក់ ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ហើយបង្កឱកាសឱ្យយើងទាំងអស់គ្នាបានមកជួបប្រជុំគ្នាដោយផ្ទាល់ក្នុងពិធីសន្និបាត នាពេលនេះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


