ព័ត៌មានជាតិ
ភាគីកម្មករបន្តស្នើយកចំណុចទាមទារចូលធ្វើការវិញមកពិភាក្សាមុនខណៈភាគីក្រុមហ៊ុនណាហ្គាវើលដ៍បន្តបដិសេធ
តំណាងភាគីកម្មករនិយោជិតនៅតែបន្តទាមស្នើឱ្យលើកយកចំណុចទាមទារយកចូលធ្វើការវិញ មកពិភាក្សាមុននឹងឈានទៅពិភាក្សាចំណុចវិវាទផ្សេងទៀត ដោយស្នើឱ្យនិយោជកផ្តល់ចម្លើយតបចំពោះការទាមទារនេះ ហើយចំពោះកម្មករនិយោជិត ដែលយល់ព្រមឈប់ពីការងារ សុំឱ្យមានការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។
ប៉ុន្តែការទាមទារនេះត្រូវបានតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ធ្វើការបដិសេធដដែលដែលធ្វើឱ្យការចរចាវិវាទការងារនៅតែមិនទាន់ព្រមព្រៀងគ្នាដោយត្រូវបន្តប្រជុំសម្របសម្រួល នៅថ្ងៃទី២៩ ខែមីនាជាបន្តទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចុះនៅយប់ថ្ងៃទី២៣មីនានេះបានឱ្យដឹងថាក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី៥ ក្រោមអធិបតីភាពរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ, លោកស្រី ហៃ សុភាព (អវត្តមានលោកស្រី ឈឹម ស៊ីថរ ដោយសារមានធុរៈចាំបាច់) និងតំណាងនិយោជក រួមមានលោក Hein Dames, លោក ហយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។
ក្នុងកិច្ចប្រជុំនេះភាគីសហជីព និងតំណាងកម្មករនិយោជិតថ្លែងអំណរគុណដល់ក្រសួង ដែលបានខិតខំស្វះស្វែងជួយអន្តរាគមន៍តាមផ្លូវច្បាប់ ដើម្បីឱ្យតំណាងកម្មករនិយោជិតបាននៅក្រៅឃុំជាបណ្តោះអាសន្ន និងអាចចូលរួមប្រជុំដើម្បីដោះស្រាយវិវាទការងារនេះ។
ក្នុងនោះភាគីនិយោជិតនៅតែបន្តស្នើឱ្យលើកយកចំណុចទាមទារយកចូលធ្វើការវិញ មកពិភាក្សាមុននឹងឈានទៅពិភាក្សាចំណុចវិវាទផ្សេងទៀត ដោយស្នើឱ្យនិយោជកផ្តល់ចម្លើយតបចំពោះការទាមទារនេះ ហើយចំពោះកម្មករនិយោជិត ដែលយល់ព្រមឈប់ពីការងារ សុំឱ្យមានការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។

ជាមួយគ្នានេះដែរបានប្រគល់លិខិតស្នើសុំការដោះដូរកម្មករនិយោជិតតាមស្មារតីនៃកិច្ចប្រជុំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ជូនភាគីក្រុមហ៊ុននៅក្នុងកិច្ចប្រជុំនេះផ្ទាល់តែម្តង និងបានចម្លងជូនក្រសួង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។
ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ក៏បានថ្លែងអំណរគុណដល់ក្រសួង ដែលបានបន្តខិតខំរៀបចំឱ្យមានកិច្ចប្រជុំនេះ។
ទន្ទឹមនឹងនេះក្រុមហ៊ុនបានបន្តបញ្ជាក់ជំហរថា ក្រុមហ៊ុនមិនអាចទទួលយកកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពី ការងាររួម ឱ្យចូលធ្វើការវិញបានទេ ហើយក៏មិនពិចារណាក្នុងការដោះដូរដូចដែលតំណាងកម្មករនិយោជិតបាន ស្នើសុំនោះដែរ ហេតុផលរបស់ក្រុមហ៊ុន គឺដូចបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ក្រុមហ៊ុនបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនបានព្យាយាមផ្តល់ហេតុផល និងពន្យល់នូវជំហររបស់ក្រុមហ៊ុនយ៉ាងក្បោះក្បាយ។ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលជំហររបស់ក្រុមហ៊ុន ត្រូវបានស្រង់ និងបកស្រាយខុស ដោយតំណាងកម្មករនិយោជិត នូវអត្ថន័យដើមរបស់ក្រុមហ៊ុននៅតាមបណ្តាញសង្គម ក៏ដូចជាសារព័ត៌មានដែលថា ក្រុមហ៊ុនមានគម្រោងកាត់បន្ថយកម្មករនិយោជិតចំនួន ៦០០នាក់បន្ថែមទៀត។ ចំណុចនេះ ក្រុមហ៊ុនបានបញ្ជាក់ថា មិនមែនជាការពិតទេ ព្រោះក្រុមហ៊ុនក៏មិនមានគម្រោងកាត់បន្ថយកម្មករនិយោជិតបន្ថែមទៀតទេ ទោះបីជាបច្ចុប្បន្នចំនួននេះលើសពីតម្រូវការក៏ដោយ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាការងារជូនពួកគាត់ដដែល។
ក្រុមហ៊ុននៅតែទទូចឱ្យមានការពិភាក្សាលើចំណុចផ្សេងទៀត ក្រៅពីចំណុចទី១ និងស្នើសុំឱ្យតំណាង កម្មករនិយោជិតមានភាពបត់បែន និងហេតុផលសមរម្យក្នុងការពិភាក្សាទៅលើចំណុចផ្សេងទៀត ដើម្បីឈានដល់ការព្រមព្រៀងណាមួយជាមួយក្រុមហ៊ុន ដែលវានឹងផ្តល់ប្រយោជន៍ដល់កម្មករនិយោជិតភាគច្រើន។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុលភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេនិងបានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទីរសៀល ដើម្បីឱ្យភាគីទាំងពីរ មានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់សាជាថ្មីម្តងទៀតថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕
ដោយ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


