ព័ត៌មានជាតិ
មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរ ស្ថិតក្នុងស្រុកស្រីស្នំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប ៖ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រាំសសរ ស្ថិតក្នុងភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា NFUAJ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមការងារយុវជនខេត្តចុះជួយស្រុក មេឃុំទាំង៦ក្នុងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរជាច្រើនរូប។

បើតាមប្រសាសន៍លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ បានឲ្យដឹងថា អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរនេះ មានបណ្ដោយប្រវែង១៥ម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ ចែកចេញជា៣បន្ទប់ មានបន្ទប់អនាម័យចំនួន២ ចំណាយថវិកាអស់១០០០០ដុល្លារអាមេរិក រួមទាំងការបំពាក់គ្រឿងសង្ហារឹម បរិក្ខារថាមពលអគ្គិសនី អណ្ដូងស្នប់ ម៉ាស៊ីនផលិតទឹកសុទ្ធ និង ថវិកាសម្រាប់ដំណើរការមួយចំនួនទៀត ហើយលោករំពឹងថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រាំសសរ ដ៏ស្រស់បំព្រងដែលជាជំនួយឥតចំណងរបស់ប្រជាជនជប៉ុនជាមិត្ត នឹងធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់ជនបទមួយនេះ ចេះអាន ចេះសរសេរ ចេះគិតលេខបានត្រឹមត្រូវនិងទទួលបានបន្ថែមទៀតនូវចំណេះដឹងផ្នែកវិជ្ជាជីវៈជាហូរហែ ដែលអាចជួយឲ្យពួកគាត់បង្កើតមុខរបររកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានគ្រប់គ្រាន់ ព្រមទាំងធ្វើឲ្យសហគមន៍នៅទីនេះមានការរីកចម្រើន។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នង វុត្ថា ប្រធានអង្គការយូណេស្កូជប៉ុនប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវក្ដីរីករាយក្រៃលែង ដែលបានបន្តធ្វើការរួមគ្នាជាមួយក្រសួងអប់រំយុវជននិងកីឡា ស្របតាមក្របខណ្ឌគតិយុត្តិ និងកិច្ចព្រមព្រៀងគម្រោង ដោយធ្វើការដកពិសោធល្អៗជាង២០ឆ្នាំមកនេះ ដើម្បីផ្តល់ឱកាសសិក្សា មិនត្រឹមតែការអប់រំមូលដ្ឋានប៉ុណ្ណោះនោះទេ ថែមទាំងមានកម្មវិធីជំនាញបំណិនសម្បទា ចំណេះសម្បទា និងកម្មវិធីបង្កើនប្រាក់ចំណូលផ្សេងៗ សំដៅរួមចំណែកដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តសៀមរាប។
លោក បន្តថា ការអប់រំ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការអប់រំនៅក្នុងសង្គម ហើយការទទួលបានការអប់រំដោយឥតគិតថ្លៃ និងស្មើភាពគ្នា គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ហេតុនេះហើយអង្គការយូណេស្កូជប៉ុន បានចូលរួមលើបុព្វហេតុនេះ ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ការអប់រំសម្រាប់ទាំងអស់គ្នា និងយកចិត្តទុកដាក់ទៅលើគោលដៅទី៤ នៃការអភិវឌ្ឍប្រកបដោយចីរភាពគឺ ការធានានូវការអប់រំប្រកបដោយបរិយាប័ន្ន និងប្រកបដោយគុណភាព សម្រាប់មនុស្សគ្រប់គ្នា និងលើកកម្ពស់ការសិក្សាពេញមួយជីវិត។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និង មានសន្ទុះរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាពមួយដែលបាននឹងកំពុងជំរុញពង្រីក ហើយមានភាពឈានឡើង ទាំងបរិមាណ និងគុណភាពឥតឈប់ឈរ គួរជាទីមោទនៈ ព្រោះរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡាយល់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារមួយដ៏ចាំបាច់បំផុតដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិស្របតាមកាលៈទេសៈនៃការរីកចំរើនទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ហេតុនេះ ការងារអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសម្ដែងនូវការអរគុណចំពោះអង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ដែលបានកសាងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរនេះ ដើម្បឲ្យពលរដ្ឋនៅទីនេះ មានឱកាសបានរៀនសូត្រ ព្រោះការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ គឺជាមធ្យោបាយសក្ដិសិទ្ធិ ក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និង ការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ហើយការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ សំដៅធានាសិទ្ធិ សេរីភាព និងសុភមង្គលបុគ្គល គ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មី ។

លោកអភិបាលរងខេត្ត បន្តទៀតថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរនេះ ពិតជាមធ្យោបាយដ៏ល្អប្រសើរនិងមានប្រសិទ្ធភាពបំផុត ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីកនិងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ក្នុងការទទួលយកព័ត៌មានចំណេះដឹង និងជំនាញ សម្រាប់លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ហើយមជ្ឈមណ្ឌលនេះ ជាកន្លែងសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធ្វើឲ្យភូមិឃុំមានការប្រែប្រួលរីកចម្រើន និង ជាកន្លែងដែលផ្តល់ឱកាសឲ្យយើងអាចរៀនសូត្រពេញមួយជីវិត ជាកន្លែងដែលយើងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និង ជាកន្លែងដែលយើងផ្ទេរចំណេះដឹង ជាកេរមរតកវប្បធម៌ពីដូនតា ដល់កូនចៅជំនាន់ក្រោយជាបន្តបន្ទាប់ កុំឲ្យបាត់បង់៕
ដោយ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ