សន្តិភាពមានតម្លៃដ៏លើសលប់ នៅពេលដែលសង្គ្រាមចាប់ផ្តើមកើតទ្បើង ហើយគុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ ក្នុងន័យនេះ ទើបសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបានយូរអង្វែង ច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្ត ដែលបានផ្តល់ជូន។
នេះជាប្រសាសន៍សំខាន់ៗរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខណៈដែលលោកតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង៥.០០០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។
មានប្រសាសន៍ទៅកាន់អង្គពិធី លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធផល ដែលបានកើតទ្បើងជាបន្តបន្ទាប់នៅក្នុងវត្តត្រពាំងអំពិលនេះ និងបានកោតសរសើរ ចំពោះការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌ រួបរួមសាមគ្គីគ្នាក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធទាំងនេះ សម្រាប់ជាទីសក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ លោកថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យធ្វើទានផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តមប្រយោជន៍ក្នុងវិស័យសាសនា និងសង្គម ស្របតាមស្ថានភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។
លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងយ៉ាងនេះថា “សន្តិភាពមានតម្លៃដ៏លើសលប់ នៅពេលដែលសង្គ្រាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតថេរគង់វង្សជូនប្រជាពលរដ្ឋជាម្ចាស់ស្រុកបានយូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ”។
បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះ បានបង្ហាញច្បាស់តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចចារបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ៕
ដោយ ៖ កោះកែវ