Connect with us

ព័ត៌មានជាតិ

​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្រៅពីភារកិច្ចស្នូល កងទ័ពក៏មានតួនាទីសំខាន់ក្នុងបេសកកម្ម សង្គ្រោះគ្រោះមហន្តរាយ​

បានផុស

នៅ

ការលើកឡើង របស់​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងនៅ​ក្នុងពិធីបើក​វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី ៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនា​ញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី ៦ របស់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​លើកឡើងថា ប្រតិ​បត្តិការប្រឆាំងភេរវកម្ម គឺជាប្រភេទមួយ នៃប្រតិបត្តិការពិសេសពាក់ព័ន្ធទាំងផ្នែក​ការទូត ច្បាប់ និងយុទ្ធវិធី ដែល​ទាមទារឲ្យមានការសម្របសម្រួល ដឹកនាំបញ្ជាតាមឋានានុ​ក្រម និងរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់។ ជាពិសេសការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាព​​ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារៈ ឲ្យបានគ្រប់គ្រាន់ផងដែរ។

លោកថា ការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះ គឺជាផ្នែកមួយនៃការកសាង​សមត្ថភាព របស់បណ្តាយោធភូមិភាគ និងកង​ពលធំចំណុះកងទ័ពជើងគោក ក្នុងនាមជាកម្លាំងខ្សែត្រៀមទី ១ នៅតាមមូលដ្ឋានបំពេញបន្ថែមឲ្យកងកម្លាំងប្រឆាំងភេរវកម្មថ្នាក់ជាតិ ស្របទៅនឹងការរៀបចំកែសម្រួលរចនាសម្ព័ន្ធថ្មី និងការប្រគល់ភារកិច្ចបំពេញបន្ថែម ពាក់ព័ន្ធនឹងកិច្ចការប្រឆាំងភេរវកម្ម ដែលជាកិច្ចការសំខាន់ចាំបាច់ចំពោះមុខរបស់កម្ពុជា ខណៈដែលអំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្រួច​ស្រាល់ ទាំងនៅក្នុងតំបន់ និងពិភពលោក​នៅឡើយ។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើ​ប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏មានតួនាទីសំខាន់ ក្នុងបេសកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជា៖ គ្រោះទឹកជំនន់ និងការបាក់រលំអគារ​ជាដើម។ ដូច្នេះ​ការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ក៏មានសារៈសំខាន់ផងដែរ ដើម្បីបណ្តុះបណ្តាលបំប៉នឲ្យយោធិន ជាសិក្ខាកាមមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការបំពេញភារកិច្ចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះមហន្តរាយកើតឡើង។

លោកបាន​ថ្លែងអំណរគុណ ចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រផ្នែកការងារធានា ដើម្បីបង្កលក្ខណៈដល់ការអនុវត្តភារកិច្ចហ្វឹកហ្វឺន របស់បញ្ជាការដ្ឋានទ័ពពិសេស និងបាន​វាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមចំណែកឧបត្ថម្ភទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ របស់បណ្តាប្រទេសជាមិត្ត, អង្គភាពជាដៃគូ និងក្រសួង-ស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលពិតជាបានជួយបង្កើនលទ្ធភាពរបស់អង្គភាព លើការសម្រួលដោះស្រាយតម្រូវការចាំបាច់ ក្នុងការងារហ្វឹកហ្វឺន និងតម្រូវការប្រចាំថ្ងៃផ្សេងៗរបស់អង្គភាព​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម