Connect with us

ព័ត៌មានជាតិ

​លោ​ក​បណ្ឌិត ហ៊ុន ម៉ាណែត ៖ ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

បានផុស

នៅ

នេះជាការលើកឡើងរបស់​​លោ​ក​បណ្ឌិត ហ៊ុន ម៉ាណែត ខណៈអញ្ជើញធ្វើជា​តំណាងដ៏ខ្ពង់​ខ្ពស់​សម្តេច​ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គី កសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត​​ បានលើកឡើងថា ព្រះពុទ្ធសាសនា មាន​តួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុង​រយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានផ្តល់ជាផលលាភ ជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។ ក្នុងនោះ ការរី​កចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយ​នៃការផ្តល់ឱកាស​​ដល់កូន​ចៅប្រជាពលរ​ដ្ឋ ក្នុងការទទួលបានចំណេះដឹង​ ដើម្បីក្លាយ​ជាធនធានមនុស្សពោរពេញ​ដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេល​​ដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។

លោកថា សាសនាទាំងអស់ គឺ​អប់រំមនុស្ស​ឲ្យរស់នៅ​ប្រកប​ដោយ​ធម៌ និងផ្តល់​នូវពុទ្ធិបញ្ញាញាណ ដោយ​បែងចែករវាងអំពើអាក្រក់ និងអំពើល្អ ដើម្បីចៀសវាងការប្រើប្រាស់ចំណេះដឹង និងជំនាញក្នុងផ្លូវខុស ដែលអាចប្រែក្លាយទៅជាការបំផ្លិចបំផ្លាញទៅវិញ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត​ ការ​ពង្រឹងផ្នែកពុទ្ធចក្រ មិនមែនពង្រឹងតែខាងសាសនានោះទេ។ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្ស ដែលមានសមត្ថភាពប្រកប​ដោ​យ​សីលធម៌ និងគុណធម៌។ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត ឲ្យមនុស្សប្រព្រឹត្តនូវអំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឲ្យដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ដើម្បីឲ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ​។​

​ទាក់ទងដល់វិសស័យពុទ្ធសាសនា លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បាន​សម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ “ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា” ដែល​បានចាប់​ផ្តើមបើកដំណើរការនាខែធ្នូឆ្នាំ ២០០៤ ជាពុទ្ធិកមហាវិទ្យាល័យ ហើយបានវិវឌ្ឍជាពុទ្ធិកសាកលវិទ្យាល័យ នាខែកក្កដា ឆ្នាំ ២០០៧ ដោយបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនម៉ឺនអង្គ/នាក់ ឲ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់ សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម