ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត៖ គ្រាប់មីនកប់ក្នុងដី និងស្លាកស្នាមនៃពិការភាពគឺជាមេរៀនដ៏ឈឺចាប់មិនអាចបំភ្លេច
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះថា គ្រាប់មីនកប់ក្នុងដី និងស្លាកស្នាមនៃពិការភាពគឺជាមេរៀនដ៏ឈឺចាប់មិនអាចបំភ្លេច ហើយអតីតកាលដ៏ខ្មៅងងឹតទាំងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថាគ្មានអ្វីដែលប្រសើរជាងសុខសន្តិភាពនោះទេ។

លោកបញ្ជាក់យ៉ាងដូច្នេះថា “គ្រាប់មីនកប់ក្នុងដីដ៏ច្រើន ស្លាកស្នាមនៃពិការភាព ការបាត់បង់អាយុជីវិត និងទុក្ខសោករបស់កុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចឡើយ។ អតីតកាលដ៏ខ្មៅងងឹតទាំងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព សុវត្ថិភាព និងសេរីភាពដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គលពេញលេញ ជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់យើងអាចកាន់ប៊ិក ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ជំនួសដោយការកាន់កាំភ្លើង និងសព្វាវុធក្នុងជម្លោះហិង្សាដ៏គួរឱ្យស្អប់ខ្ពើម”។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី រាជរដ្ឋាភិបាលបានកំណត់ជ្រើសរើសយកកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីព្រោះបញ្ហាមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ មិនត្រឹមតែជាការគំរាមកំហែងមកលើសេចក្តីសុខ សុវត្ថិភាព និងសន្តិភាពពេញលេញរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបសគ្គរាំងស្ទះដ៏ស្មុគ្រស្មាញចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជារួមផងដែរ។

ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលចុងក្រោយបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង អត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងឆ្នាំ២០០០-២០០៥ ដែលមានរហូតដល់ជាង ៨០០ នាក់ ក្នុងមួយឆ្នាំៗ បានធ្លាក់ចុះមកក្នុងអត្រាប្រមាណ ៣២ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ គិតត្រឹមខែមេសានេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកន្លងមកបានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញឱ្យកម្ចាត់មីននេះ ឱ្យទទួលបានជោគជ័យ។ ក៏ប៉ុន្តែកម្ពុជានៅបន្តត្រូវការធនធានជាច្រើនទៀត ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវទស្សនវិស័យដែលបានកំណត់ទុក។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានទទួលយក និងបន្តទទួលស្វាគមន៍ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយគាំទ្រតាមគ្រប់រូបភាព ទាំងតាមរយៈយន្តការ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន យន្តការទ្វេភាគី និងពហុភាគី សំដៅកម្ចាត់ឃាតកលាក់មុខទាំងនេះ ឱ្យបានឆាប់រហ័សបំផុត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ