Connect with us

ព័ត៌មានអន្ដរជាតិ

​វ៉េ​ណេ​ស៊ុយ​អេឡា ប្រកាសដកខ្លួនចេញពីតុលាការ ICC ដោយចោទប្រកាន់ថា មានភាពលំអៀង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស​វ៉េ​ណេ​ស៊ុយ​អេឡាបានប្រកាសថា ប្រទេសរបស់ខ្លួននឹងដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសារតែស្ថាប័ននេះ «មានភាពមិនលំអៀង»។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន aljazeera កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

លោក Felix Plasencia រដ្ឋមន្ត្រីការបរទេស​វ៉េ​ណេ​ស៊ុយ​អេឡា (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Felix Plasencia រដ្ឋមន្ត្រីការបរទេស​វ៉េ​ណេ​ស៊ុយ​អេឡា បានប្រកាសថា ​វ៉េ​ណេ​ស៊ុយ​អេឡាបានជូនដំណឹងដល់អង្គការសហប្រជាជាតិ (UN) រួចរាល់ហើយអំពី «ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងមិនអាចកែប្រែបាន» ក្នុងការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ការបោះជំហាននេះត្រូវបានធ្វើឡើងនៅក្រោមការណែនាំរបស់ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez។

ការប្រកាសនេះបានធ្វើឡើងចំពេលដែលតុលាការ ICC កំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ក្រោមការដឹកនាំរបស់រដ្ឋាភិបាលប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេឡា លោក Nicolas Maduro។

លោក Plasencia បាននិយាយថា ​វ៉េ​ណេ​ស៊ុយ​អេឡាជឿជាក់ថា សកម្មភាពរបស់តុលាការ ICC គឺឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីភាពលំអៀងផ្នែកភូមិសាស្ត្រ ដែលផ្តោតសកម្មភាពរបស់ខ្លួនដោយអតុល្យភាពទៅលើតែបណ្តាប្រទេសនៅអាហ្វ្រិក និងអាមេរិកឡាទីន។

ដោយឡែក តុលាការ ICC បានបញ្ជាក់ថា ខ្លួនមិនទាន់បានទទួលលិខិតជូនដំណឹងជាផ្លូវការណាមួយពីប្រទេស​វ៉េ​ណេ​ស៊ុយ​អេឡា អំពីការដកខ្លួនចេញពីស្ថាប័ននេះនៅឡើយទេ។ ស្ថាប័ននេះបានលើកឡើងថា «យើងមានការសោកស្តាយចំពោះការសម្រេចចិត្តបោះបង់ចោលនូវកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់និទណ្ឌភាព (ការរួចទោស) ចំពោះឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុតទាំងនេះ»។

ចំណាត់ការនៃការដកខ្លួនចេញពីតុលាការ ICC នេះ ត្រូវចំណាយពេលមួយឆ្នាំទើបមានប្រសិទ្ធភាពជាផ្លូវការ។ តុលាការ ICC បានសង្កត់ធ្ងន់ថា ប្រទេសដែលដកខ្លួនចេញពីស្ថាប័ននេះ នៅតែត្រូវជាប់កាតព្វកិច្ចទាំងឡាយណាដែលបានកើតឡើងក្នុងអំឡុងពេលជាសមាជិក។ ការចាកចេញគឺមិនប៉ះពាល់ដល់កាតព្វកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដែលកើតចេញពីការស៊ើបអង្កេត ឬនីតិវិធីព្រហ្មទណ្ឌដែលបានចាប់ផ្តើមរួចទៅហើយនោះទេ។

គួរបញ្ចក់ថា ​វ៉េ​ណេ​ស៊ុយ​អេឡា និងតុលាការ ICC ធ្លាប់មានជម្លោះជាមួយគ្នាជាច្រើនលើកមកហើយ។ កាលពីខែធ្នូ ឆ្នាំ២០២៥ សភាវ៉េណេស៊ុយអេឡាបានចាត់វិធានការលុបចោលលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាឯកសារបង្កើតតុលាការ ICC។ នៅក្នុងខែមីនា តុលាការ ICC បានបដិសេធពាក្យបណ្តឹងដែលដាក់ដោយវ៉េណេស៊ុយអេឡា ដែលចោទប្រកាន់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសខ្លួន គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម