ព័ត៌មានជាតិ
ក្រុមមន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការការពាររមណីយដ្ឋានអង្គរ
ក្រុមមន្ត្រីចំនួនជិត៨០០នាក់ មកពីក្រសួងស្ថាប័នចំនួន៣ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការលើសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។

យុទ្ធនាការបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ដោយមានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩ រូប, មន្ដ្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ចំនួន ២៣២ រូប និងមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានាឆ្នាំ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា យុទ្ធនាការនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌ ពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវ រក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតាជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល ។ ក្នុង ពេលថ្មីៗនេះ នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀត ដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ។ សំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តិផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។

យោងតាមរបាយការណ៍របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយសារកំណើននៃសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ មានការកើនឡើងខ្លាំងនោះ ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានទទួលលិខិតព្រមាន និង ស្នើសុំឲ្យបកស្រាយចំនួន២ដង ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ។

បច្ចុប្បន្នសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានមានចំនួន៨ពាន់៤៤៨សំណង់ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានហៅសំណង់ខុសច្បាប់ទាំងនោះថា ជាសំណង់ដ៏គួរឲ្យខ្មាសអៀន ។ ក្នុងថ្ងៃបើកយុទ្ធនាការវាស់វែងនោះដែរឯកឧត្តម ជា សុផារ៉ា អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំងឯកឧត្តម អស់លោក លោកស្រីក្រុមការងារ បានចុះពិនិត្យស្ថានភាព និង សកម្មភាពរបស់ក្រុមការងារប្រមូលទិន្នន័យ កំណត់និយាមការ លើសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ព្រមទាំងបានធ្វើការណែនាំមួយចំនួនដល់ក្រុមការងារទៀតផង ៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន