ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ានត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម-សេដ្ឋកិច្ច នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ាន ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ជាផ្លូវការ ដោយមានការយាង អញ្ជើញចូលរួមពីមេដឹកនាំកំពូលរបស់អាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ការរាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ ២០២០មក។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការ គម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលាកន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៃសកលលោក។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះ ទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ យើងកំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់ គ្នាកំពុងជួបប្រទះ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់ មនុស្ស។ ក្នុងន័យនេះ សម្ដេចតេជោមានជំនឿថា សមាជិកអាស៊ានទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម រួមខាងលើ។ សម្ដេចតេជោ ហ៊ុន សែន ក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្ថែមថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា សមាជិកអាស៊ានទាំងអស់គ្នាបានរៀបចំនូវកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។ ទាំងនេះ បង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់អាស៊ាន និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា។ សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ស្មារតីសហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជាអាទិភាព ក្នុងកិច្ចពិភាក្សារបស់អាស៊ាន ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


