Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅក្រុងខេមរភូមិន្ទ ៖ បើសេវាប្រមូលសំរាមទៀងទាត់ពេលវេលាល្អ មិនខ្លាចបង់ថ្លៃទេ

បានផុស

នៅ

ប្រជាពលរដ្ឋ រស់នៅទូទាំងសង្កាត់ចំនួន ៣ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អះអាងថា ពួកគាត់មិនខ្លាចនឹងការចំណាយបង់ថ្លៃសេវាទេ ប្រសិនបើក្រុមហ៊ុនប្រមូលសំរាមអនុវត្តគោលការណ៍ប្រមូលទៀងទាត់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាកសំណល់សំរាមរឹងរាវគ្រប់ប្រភេទ តែងកកស្ទះនៅមុខផ្ទះរបស់ពួកគាត់ ក៏ដូចជាមុខផ្ទះពលរដ្ឋដ៏ទៃទៀតដែរ ដោយសារតែក្រុមហ៊ុនសំរាមយឺតយ៉ាវចុះមកប្រមូល និងដឹកជញ្ចូនទៅទីលានសំរាម គ្រា ១សប្តាហ៍ ឬ ១០ថ្ងៃ ទើបមកយកម្តង។

លោកស្រី ពេជ្រ គឹមលី និងកញ្ញា ស្រី ធូ តំណាងប្រជាពលរដ្ឋ រស់នៅក្នុងក្រុងខេមភូមិន្ទ លើកឡើងថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ថា ភាពយឺតយ៉ាវការចុះប្រមូលយកសំរាម បានធ្វើឲ្យកាកសំណង់សំរាមដែលវេចខ្ចប់ត្រឹមត្រូវ បែរជារាយប៉ាយស្អុយរលួយមិនរៀបរយ និងប៉ះពាល់ដល់សុខភាពរស់នៅ ព្រមទាំងសោភណ្ឌភាពទីក្រុង។

តំណាងប្រជាពលរដ្ឋ ឲ្យដឹងទៀតថា តាមការសន្យារបស់ក្រុមហ៊ុន ខេអេសដាប់បែលយូរអិម ឯ.ក រាល់មុខផ្ទះប្រជាពលរដ្ឋ ក្នុង១សប្តាហ៍នឹងចុះប្រមូលយ៉ាងហោចណាស់ ២ដង មិនឲ្យលើសពី ១០ថ្ងៃឡើយ។ ប៉ុន្តែការសន្យារបស់ក្រុមហ៊ុន អនុវត្តបានតែពេលដំបូង ក្រោយទទួលសិទ្ធិវិនិយោគប្រមូល និងដឹកជញ្ចូនសំរាម ក្នុងក្រុងខេមរភូមិន្ទជំនួសក្រុមហ៊ុនរបស់លោក មឿន បូរិន។

បើតាមពលរដ្ឋ អះអាងថា ប្រសិនបើក្រុមហ៊ុនសំរាមចង់ថ្លៃសេវា ពួកគាត់មិនជំទាស់ទេ សំខាន់ត្រូវអនុវត្តគោលការណ៍ប្រមូល និងដឹកជញ្ចូនសំរាមទៅកាន់ទីលានចាក់សំរាម ឲ្យបានទៀងទាត់ពេលវេលាជាមុនសិនចាំនិយាយថ្លៃ។ ពួកគាត់មិនខ្លាចនឹងចូលរួមបង់ថ្លៃសេវា ទៅតាមតារាងកំណត់ដោយអាជ្ញាធរ ឬក្រុមហ៊ុននោះទេ។

បញ្ហានេះ ត្រូវបានលោក ហាក់ ប្រធានក្រុមហ៊ុនខេអេសដាប់បែលយូរអិម បានឲ្យដឹងថា សព្វថ្ងៃនេះ ក្រុមការងារប្រមូលសំរាមរបស់លោក ជួបការលំបាកដោយសារតែទីលានចាក់សំរាម នៅក្នុងក្រុងខេមរភូមិ មានសភាពពេញរណ្តៅអស់ហើយ មិនទាន់ទ្រាំទ្រនឹងការផ្ទុកសំរាមបានទៀតទេ។ ម៉្យាងទៀត រយៈកាលរដូវវស្សាភ្លៀងខ្លាំង ផ្លូវចូលទីលានសំរាមខូចខាតមិនទាន់ជួសជុលល្អប្រសើរ ទើបបង្កឲ្យការប្រមូលសំរាមយឺតយ៉ាវ។

លោក ហាក់ ក៏ស្នើសុំដល់អាជ្ញាធរក្រុង និងខេត្តកោះកុង ជួយដោះស្រាយបញ្ហាគ្មានទីលានចាក់សំរាមនេះផង ខណៈទីលានតូចចង្អៀត ១កន្លែង ប្រើប្រាស់រហូតដល់ទៅ ២ក្រុមហ៊ុន ដែលបរិមាណសំរាមកាន់តែកើនឡើងៗច្រើនពុំអាចគ្រប់គ្រងបាន។ ដោយឡែករថយន្តដឹកជញ្ចូន និងកម្មករ មិនខ្វះខាតទេ អ្វីដែលសំខាន់ធ្វើយ៉ាង សម្របសម្រួលដោះស្រាយទីលានសំរាមតែម្តង។ ក្រុមហ៊ុនសំរាមក្រុងខេមភូមិន្ទ មានរថយន្តដឹកសំរាមចំនួន ៤ និងកម្មករប្រមូលចំនួន ២២នាក់។

ចំណែកឯលោកទួន ភារម្យ អភិបាលរងក្រុងខេមរភូមិន្ទ ថ្លែងថា លោកទទួលស្គាល់ពីការប្រើប្រាស់ទីលានសំរាម ១ មានក្រុមហ៊ុនដល់ទៅ ២ចាក់សំរាមរួមគ្នា ដែលធ្វើសំរាមកកស្ទះនៅទីលាន។ ការប្រើប្រាស់ទីលានរួមគ្នា ដោយសារតែអាណត្តិលោក ឈេង សុវណ្ណដា អភិបាលក្រុង ឯកភាពជួយដោះស្រាយបញ្ហាសំរាមនៅស្រុកមណ្ឌលសីមា ទើបអនុញ្ញាតឲ្យការចាក់សំរាមនៅទីលានក្នុងក្រុងជាបណ្តោះអាសន្នសិន គ្រារដ្ឋបាលខេត្តកោះកុងកំណត់ទីលានថ្មីទំហំជិត ៥០ហិចតា នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា។

ទោះយ៉ាងណា លោកអភិបាលរងក្រុង អះអាងថា ទីលានសំរាមថ្មីនោះ មិនទាន់សាងសង់រួចរាល់ទៅតាមស្តង់ដារនោះទេ ដោយទាមទារឲ្យគម្រោងថវិកា និងពេលវេលាច្រើន។ តបនឹងការលើកឡើងរបស់តំណាងក្រុមហ៊ុន គឺរដ្ឋបាលក្រុងប្រឹងប្រែងជួយដោះស្រាយ ករណីរកទីលានចាក់សំរាមនេះខ្លាងំង មិនដូចការចោទប្រកាន់របស់ក្រុមហ៊ុនឡើយ។

ចំពោះការត្អូញត្អែរចំណូលមិនច្រើនពីការប្រមូលសំរាម លោក ទួន ភារម្យ បានបញ្ជាក់ថា រដ្ឋបាលក្រុង និងក្រុមហ៊ុន មានកិច្ចសន្យារវាងគ្នា និងគ្នាត្រឹមត្រូវតាមលក្ខខណ្ឌ ប្រសិនបើក្រុមហ៊ុនផ្តល់សេវាល្អ ពលរដ្ឋ នឹងចូលរួមបង់វិភាគទានថ្លៃសំរាមទៅនោះដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម