Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ៖ កម្ពុជា អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោបាយ មានសញ្ជាតិខ្មែរតែមួយ

បានផុស

នៅ

អ្នកវិភាគបញ្ហានយោបាយ លើកឡើងថា ប្រទេសកម្ពុជា អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោបាយមានសញ្ជាតិខ្មែរតែមួយ ហើយប្រសិនបើពួកគេស្រលាញ់ជាតិ និងដើម្បីបម្រើជាតិដោយស្មោះត្រង់នោះ គួរតែហ៊ានបោះបង់សញ្ជាតិបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា លោក បានស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ បានថា សម្ដេច មិនចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឲ្យអ្នកនយោបាយមានសញ្ជាតិខ្មែរតែមួយនោះទេ ដោយសម្ដេច លោកបានទទួលស្គាល់ថា កាលពីអតីតកាល ប្រទេសកម្ពុជា បានជួបប្រទះនូវសង្រ្គាមស៊ីវិល និងការបែកបាក់គ្នាជាបន្តបន្ទាប់។

ក្នុងនោះ មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានរសាត់អណ្ដែតដល់ប្រទេសទី ២ ឬទី ៣ ហើយក្រោយមកពួកគាត់ ក៏ទទួលបានសញ្ជាតិនៅប្រទេសនោះ។ ប៉ុន្តែមានបញ្ហានៅត្រង់ថា នៅពេលពួកគាត់ទទួលបានសញ្ជាតិប្រទេសទាំងនោះហើយ ត្រឡប់មកប្រទេសកម្ពុជាវិញធ្វើជាអ្នកនយោបាយ។ នៅពេលធ្វើនយោបាយ បានប្រព្រឹត្តអំពើល្មើសច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ចាត់វិធានការតាមច្បាប់ តែអ្នកនយោបាយរូបនោះ បានប្រើសញ្ជាតិទី ២របស់ខ្លួន ទៅស្វែងរកការដាក់សម្ពាធ ឬអន្តរាគមន៍ ​មកលើរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត គិន ភា មានប្រសាសន៍បន្តថា «ប្រទេសទាំងអស់ហ្នឹង ដូចមានអ្នកការទូត មានអីជាដើម ឬក៏មានតំណាងបរទេស ដែលគាត់មកហ្នឹង គាត់តែងបានលើកឡើងញឹកញាប់ថា ប្រជាជនដែលមានសញ្ជាតិគាត់ហ្នឹង មានបញ្ហាអញ្ចេះមួយ អញ្ចេះពីរ ហើយស្វែងរកការធ្វើអន្តរាគមន៍ ស្វែងរកការដាក់សម្ពាធ ​មកលើរាជរដ្ឋាភិបាលកម្ពុជា បញ្ហាវានៅកន្លែងហ្នឹង អញ្ចឹងហើយបានជាសម្ដេច លោកបានមានប្រសាសន៍ថា គាត់អាចហ្នឹងពិចារណាទៅលើចំណុចហ្នឹង»។

តាមអ្នកវិភាគបញ្ហានយោបាយរូបនេះ ដើមហេតុ ដែលនាំឲ្យសម្ដេចតេជោ អាចពិចារណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឲ្យអ្នកនយោបាយមានសញ្ជាតិខ្មែរតែមួយនោះ ក៏ព្រោះតែមានប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានភៀសខ្លួនចេញពីសង្គ្រាម ហើយបានទទួលសញ្ជាតិមួយផ្សេងទៀតនោះ មកធ្វើនយោបាយ ហើយបានប្រព្រឹត្ដល្មើសច្បាប់ បែរជាយកសញ្ជាតិទី ២ដែលខ្លួនមានមកដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត គិន ភា លើកឡើងថា កម្ពុជា ជារដ្ឋអធិប​តេយ្យមួយ តែប្រសិនបើមានបរទេសមកធ្វើអន្តរាគមន៍ ដោយរំលោភទៅលើសិទ្ធិអធិបតេយ្យ ឬក៏រំលោភទៅលើប្រព័ន្ធច្បាប់នោះ លោកគិតថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចទទួល យកបាននោះទេ។ ដូច្នេះលោកគិតថា កម្ពុជា អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឲ្យមានសញ្ជាតិតែមួយ សម្រាប់អ្នករាជការសាធារណៈ សម្រាប់កងកម្លាំងគ្រប់ប្រភេទ រួមទាំងអ្នកនយោបាយគ្រប់រូប ផងដែរ។

លោកបណ្ឌិត គិន ភា លើកឡើងបន្តថា «ចឹងជានិន្នាការ ខ្ញុំគិតថា បើសិនជាយើងអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់យើង ដោយកំណត់ឲ្យមានសញ្ជាតិតែមួយ សម្រាប់អ្នករាជការសាធារណៈ សម្រាប់អ្នកកាន់មុខតំណែងសាធារណៈដទៃទៀត សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងនយោ​បាយគ្រប់រូបផង ឲ្យមានសញ្ជាតិខ្មែរតែមួយ អាហ្នឹងគឺថា គាត់អស់បញ្ហា គាត់អាចប្រើប្រាស់សម្ពាធបរទេស ឬក៏យកសញ្ជាតិប្រទេសផ្សេងទៀត មកបានទេ»។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងទៀតថា ប្រសិនបើអ្នកនយោបាយ ពិតជាស្រលាញ់ជាតិ ដើម្បីចង់បម្រើប្រទេសជាតិដោយស្មោះត្រង់នោះ គួរតែពិចារ​ណា​បោះបង់សញ្ជាតិមួយ។ លោកថា «ខ្ញុំគិតថា បើយើងពិតជាស្រលាញ់ជាតិពិតប្រាកដមែន ហើយដើម្បីបម្រើជាតិដោយស្មោះត្រង់ យើងអាចហ៊ានបោះបង់សញ្ជាតិបរទេសបានអត់? អាហ្នឹង គឺជារឿងមួយដែលសំខាន់ បើសិនជាគាត់សូម្បីតែសញ្ជាតិបរទេស គាត់អត់ហ៊ានបោះបង់ សួរថា តើគាត់អាចបោះបង់ ដើម្បីជាតិខ្លួនឯងបានដោយរបៀបណា»?

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ កាលពីថ្ងៃទី ៩ ខែមករាកន្លងទៅនេះថា កន្លងមក នៅពេលមានការអនុវត្តច្បាប់ទៅលើបុគ្គលមួយចំនួន ដែលជាអ្នកនយោ បាយ ត្រូវបានមជ្ឈដ្ឋានបរទេសខ្លះ និយាយថា បុគ្គលនោះ មានសញ្ជាតិនេះ ឬមានសញ្ជាតិនោះ ដែលនាំឲ្យមានការប៉ះពាល់ដល់ការអនុវត្តច្បាប់របស់កម្ពុជា។ ដូច្នេះសម្ដេច កំពុងតែពិនិត្យពិចារណាថា នឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោ​បាយនៅកម្ពុជា មានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំទៅមិត្តភក្ដិបរទេសទាំងឡាយ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតមួយ ដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះ មានសញ្ជាតិនេះ អ្នកនេះមានសញ្ជាតិនោះ ត្រូវទទួលការប្ដឹងផ្ដល់ ឬក៏ជាប់ឃុំឃាំង ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូច្នេះ ខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឲ្យមានសញ្ជាតិតែមួយតែម្ដង កុំឲ្យវាពិបាក»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់មិត្តភក្ដិបរទេសមួយចំនួនថា នៅពេលប្រជាពលរដ្ឋខ្មែរ ដែលមករស់នៅ និងធ្វើនយោបាយនៅកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិក្នុងការអនុវត្តច្បាប់​ នៅពេលពួកគេប្រព្រឹត្តបទល្មើស ហើយមិនអាចនិយាយថា បុគ្គលនោះ សញ្ជាតិនេះ ឬសញ្ជាតិនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងមិត្តភក្ដិទាំងឡាយ ត្រូវយល់ឲ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀត អំពីបញ្ហារឿងសញ្ជាតិរបស់ពលរដ្ឋរបស់ខ្ញុំ ឥឡូវពលរដ្ឋរបស់អ្នក​​ឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងទៅនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺពលរដ្ឋកម្ពុជា មិនអាចឲ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ប្រទេសកម្ពុជា ក៏កំពុងពិចារណាថាតើគួរដាក់ ក្នុងរដ្ឋធម្មនុញ្ញតម្រូវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវតែមានសញ្ជាតិតែមួយ ដើម្បីកុំឲ្យមានការលើកឡើងថា បុគ្គលនេះ សញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២២ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២៤ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ២៥ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម