Connect with us

ព័ត៌មានជាតិ

គម្រោងរបស់វៀតណាមសង់ផ្លូវពីដីគោកទៅកំពង់ផែហាទៀង អ្នកវិភាគ ថា ពុំមានផលប៉ះពាល់ដល់កម្ពុជាទេ

បានផុស

នៅ

អ្នកវិភាគនៅកម្ពុជាលើកឡើងថា គម្រោងរបស់វៀតណាមសាងសង់ហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ពីដីគោកទៅកាន់កំពង់ផែពហុបំណងហាទៀង គឺពុំមានផលប៉ះពាល់អ្វីដល់កម្ពុជានោះទេ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានអ្នកវិភាគ មើលឃើញថា ជាកិច្ចការផ្ទៃក្នុងរបស់វៀតណាម ហើយផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលថា ជាការរំលោភដែនសមុទ្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ មើលឃើញថា សកម្មភាពកសាងផ្លូវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់វៀតណាមនេះ​ គឺជាកិច្ចការផ្ទៃក្នុងវៀតណាម ដែលមិនមានផលប៉ះពាល់អ្វីដល់ប្រទេសកម្ពុជានោះទេ។ សម្រាប់លោក ថុង ម៉េងដាវីត នេះគឺជាសិទ្ធិសម្រេចលើអធិបតេយ្យភាពរបស់វៀតណាម ក្នុងការការអភិវឌ្ឍ និងកសាងប្រទេសរបស់ខ្លួន។

ជុំវិញការលើកឡើងរបស់ក្រុមមាននិន្នាការប្រឆាំងខ្លះនៅក្រៅប្រទេស អ្នកវិភាគរូបនេះ ថា ជារឿងនយោបាយ ដែលអ្នកទាំងនោះព្យាយាមធ្វើយ៉ាងណាមូលបង្កាច់ លាបពណ៌ឱ្យមានការរើសអើង ក៏ដូចជាការញុះញង់ឱ្យស្អប់ ឬក៏មានបញ្ហាណាមួយជាមួយប្រទេសវៀតណាម។ ប៉ុន្តែយ៉ាងនេះក្ដី លោក ថា ការផ្សព្វផ្សាយរបស់អ្នកទាំងនោះ មិនមានឥទ្ធិពល ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងវៀតណាមនោះទេ។

លោក ថុង ម៉េងដាវីត បានថ្លែងប្រាប់កម្ពុជាថ្មី ក្នុងន័យដើមថា«បច្ចុប្បន្ននេះប្រជាជនកម្ពុជា គឺគាត់មានការយល់ដឹងច្រើន ស្វែងយល់ច្រើន ក៏ដូចជាមានភាពចាស់ទុំក្នុងនយោបាយ។ ដូច្នេះហើយ ខ្ញុំគិតថា អ្វីដែលក្រុមប្រឆាំងធ្វើនេះ គឺនឹងមានឥទ្ធិពលអ្វី ក៏ដូចជាមិនមានអ្វីប៉ះពាល់ជាដុំកំភួនទៅដល់ទំនាក់ទំនងកម្ពុជា និងវៀតណាមនោះទេ»

បន្ទាប់ពីមានការផ្សាយព័ត៌មានតាមបណ្ដេញសង្គម ដែលបង្ហាញថា វៀតណាមកំពុងសង់ផ្លូវកាត់សមុទ្រពីកោះទៀនហៃ នៃខេត្តអានយ៉ាង ទៅកាន់កោះហ្វូគក់ ឬកោះត្រល់នោះ រដ្ឋាភិបាលវៀតណាម តាមរយៈការបំភ្លឺពីឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ បានបញ្ជាក់មកកាន់ក្រសួងការបរទេសកម្ពុជា ថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ គឺចេញពីដីគោកនៃសង្កាត់ហាទៀង ខេត្តអានយ៉ាង ទៅកាន់កំពង់ផែពហុបំណង នៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

តាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដោយសំអាងតាមការបញ្ជាក់ពីភាគីវៀតណាម គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងដែនទឹកជាប្រវត្ថិសាស្ត្ររវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨២ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច បង្ហាញការមិនជឿលើលើកឡើងរបស់ក្រុមប្រឆាំង ដោយលោក បញ្ជាក់ថា គ្មានឡើយគម្រោងចាក់លុបសមុទ្រប្រវែងជាង៤៥គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវតភ្ជាប់ពីដីគោកទៅកាន់ដីកោះនោះ។ បើតាមបណ្ឌិត ជ័យ តិច ដែលបានស្រាវជ្រាវលើរឿងនេះ បានឱ្យដឹងថា នេះជាគម្រោងរបស់វៀតណាម ដែលតភ្ជាប់ពីតំបន់ដីគោក ទៅកាន់កំពង់ផែពហុបំណងនៅហាទៀង ដែលមានទាំងការសង់ផ្លូវប្រវែង ៤៧០០ម៉ែត្រ និងស្ពានឆ្លងកាត់សមុទ្រប្រមាណ២៤០ម៉ែត្រ។

«ដូច្នេះព័ត៌មានដែលបានផ្សព្វផ្សាយថា វៀតណាមកំពុងចាក់ដីលុបសមុទ្រ កសាងផ្លូវពីដីគោកទៅកាន់កោះត្រល់ គឺមិនអាចទៅរូចទេ ហើយវៀតណាមក៏គ្មានផែនការធ្វើដូច្នេះដែរ»។ នេះជាការលើកឡើងរបស់បណ្ឌិត ជ័យ តិច ដោយយោងតាមការបំភ្លឺរបស់មន្ត្រីទូតវៀតណាម ប្រាប់មកកាន់ក្រសួងការបរទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម