Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ថា តួនាទីរបស់លោក អាន់វ៉ា និងលោក ត្រាំ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តែជាការធានាសន្តិភាពតំបន់អាស៊ាន

បានផុស

នៅ

អ្នកវិភាគលើកឡើងពីតួនាទីដ៏សំខាន់របស់លោក អាន់វ៉ា ជាមួយនឹងវត្តមានលោក ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យជម្លោះព្រំដែនដ៏តានតឹងរវាងថៃ និងកម្ពុជា វិលទៅរកសន្តិភាពឡើងវិញ។ ការចោទរបស់អ្នកនយោបាយថៃលើមេដឹកនាំទាំងពីរ ថា បានជ្រៀតជ្រែតចូលកិច្ចការផ្ទៃក្នុងខ្លួននោះ អ្នកវិភាគ ថា ជារឿងខុសឆ្គង ហើយមើលរំលងពីតួនាទីរបស់លោក អាន់វ៉ា និងលោក ត្រាំ ចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកតាមដានសង្គម លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងថា នេះគឺជាការចោទប្រកាន់ដែលខុសឆ្គង ពីព្រោះថា បញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ មិនមែនជាកិច្ចការផ្ទៃក្នុងរបស់ថៃដោយឡែកនោះទេ ប៉ុន្តែជាជម្លោះរវាងរដ្ឋ និងរដ្ឋ ដែលជាសមាជិកអាស៊ាន។

លោកបណ្ឌិត បានគូសរំលេចថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន រួមជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានវេទិកាចរចា ហើយនាំភាគីជម្លោះទៅចុះកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដើម្បីឈានទៅបញ្ចប់អរិយភាពរវាងគ្នា ដោយកសាងសន្តិភាពឡើងវិញរវាងកម្ពុជា និងថៃ។

ផ្ទុយទៅវិញ លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា ការចូលរួមរបស់មេដឹកនាំក្នុងតំបន់ និងមេដឹកនាំពិភពលោក គឺមិនមែនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងទេ តែមេដឹកនាំទាំងពីរ គ្រាន់តែជាសាក្សី និងជាអ្នកសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ។ សម្រាប់បណ្ឌិត ឈត ប៊ុនថង ការដែលអ្នកនយោបាយថៃព្យាយាមចោទប្រកាន់ទៅលើលោក អាន់វ៉ា និងលោក ត្រាំ គឺចង់បង្វែរចំណាប់អារម្មណ៍របស់ពិភពលោក ដើម្បីបិទបាំងអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា ហើយក៏ជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយថៃ ដើម្បីទាញយកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតជាតិនៅប្រទេសថៃ នាពេលខាងមុខ។

ស្របនឹងទស្សនៈរបស់បណ្ឌិត ឈត ប៊ុនថង លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្រ្តនយោបាយ ក៏បានគូសរំលេចពីតួនាទីដ៏មានតម្លៃរបស់លោក អាន់វ៉ា និងលោក ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យកម្ពុជា និងថៃ ចូលតុចរចាដោយសន្តិវិធីសម្រាប់ជម្លោះព្រំដែនដ៏តានតឹងផងដែរ។ បណ្ឌិត ជ័យ តិច ថា លោក អាន់វ៉ា និងលោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។

តួនាទីរបស់លោក អាន់វ៉ា និងលោក ត្រាំ ត្រូវបានបណ្ឌិត ជ័យ តិច បញ្ជាក់ថា មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដូចក្រុមជ្រុលនិយមនៅថៃលើកឡើងទេ។ តែជាការរួមចំណែកក្នុងកិច្ចសម្របសម្រួលឱ្យមានសន្តិភាពឡើងវិញក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។

បណ្ឌិតខ្មែររូបនេះ បានសង្កត់ធ្ងន់ថា ថៃព្យាយាមបិទទ្វារសម្រាប់ភាគីទី៣ ក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដើម្បីគៀបសង្កត់កម្ពុជា ដែលជាប្រទេសអន់ខ្សោយជាងខ្លួន ខណៈកម្ពុជា​ជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ថៃ គឺត្រូវការនូវ​ភាគីទី៣ ​ចូលរួម​ធ្វើ​ជាសាក្សី។

ការ​លើក​ឡើង​របស់​អ្នកវិភាគខាងលើ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​អ្នកនយោបាយថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម នៅក្នុង​ទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ជា​ពិសេស​លើលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថា​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ថៃ។

តែលោក អាន់វ៉ា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ បានចេញមកបដិសេធការចោទប្រកាន់​បែប​នេះ ហើយលោក បានបញ្ជាក់ថា លោកគ្រាន់តែបានសម្របសម្រួលកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម