ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមធ្វើពិធីបើកបវេសនការឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ ហ៊ុនសែន មិត្តភាព ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីនេះ ដែលមានការចូលរួមពីលោកស្រី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះ សីហនុ ព្រមទាំង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសចាប់ផ្តើមកម្មពិធីនេះដែល លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានលើកឡើងថា ប្រព័ន្ធវិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឲ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃលើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅ នឹងគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាព២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកស្រីប្រធានមន្ទីរអប់រំបានឲ្យដឹងថា សាលារៀននៅខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះមត្តេយ្យដាច់ដោយឡែកមាន ០១សាលា បឋមសិក្សាចំនួន ៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ ០៩ សាលាគរុកោសល្យ និងវិក្រិតការ ០១កន្លែង។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ អបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០- ២០២១ ព្រមទាំងបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដែលជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០កន្លងមក ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រោមទស្សន ទានថ្មីនៃគន្លងជីវិតថ្មីក្នុងវិស័យអប់រំនៅកម្ពុជា។

លោកអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ទៀតថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ យើងត្រូវស្ថិតនៅក្នុងគន្លងថ្មីដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កម្ដៅ នៅតែបន្តអនុវត្ត ថ្វីត្បិតតែការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំយ៉ាង ណាក៏ដោយ សម្រាប់ខេត្តព្រះសីហនុ បានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅតាមគ្រឹះស្ថានសិក្សាចំនួន ៩៥កន្លែង។ ហើយយើងមានបទពិសោធន៍ ក្នុងការគ្រប់គ្រងការបង្រៀន នៅក្នុងសហគមន៍នាឆ្នាំកន្លងមក ដែលក្រសួងអប់រំបានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ ក៏ប៉ុន្តែមិនអាចឲ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet ។ កន្លងមកលោកគ្រូ អ្នកគ្រូរបស់យើងបានខិតខំចុះទៅតាមគោល ដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឲ្យសិស្សបានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ម្យ៉ាងទៀតដោយមានការចូលរួមពីមាតា បិតា ជំរុញកូន-ចៅចូលរួមសិក្សាតាមប្រពន្ធអនឡាញ ហើយយើងជម្នះបានជាបន្តបន្ទាប់ ។ ថ្វីត្បិតតែយើងត្រូវរក្សាគម្លាត ដែលតម្រូវសាលាមួយចំនួនត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រពន្ធអនឡាញ ឬតាមប្រពន្ធឌីជីធល ដើម្បីអភិវឌ្ឍន៍សមត្ថមភាពប្រកបដោយគុណវុធ។ មន្ទីរអប់រំត្រូវរៀបចំផែនការ សកម្មភាពនៃការប្រែប្រួលដោយសារកូវីដ-១៩ ហើយថ្ងៃនេះជាការចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមបរិបទថ្មី ដោយបង្កើនសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់អនាគតប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក គួច ចំរើន បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រចែករំលែក ផ្តល់អត្ថប្រយោជន៍ និងទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីយើងមានធនធាន ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត ម្យ៉ាងទៀត យើងក៏ត្រូវអភិវឌ្ឍន៍ក្រុងរបស់យើងប្រកបដោយផាសុកភាពនិងមានការរីកចម្រើន ថែមទៀត៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី