ព័ត៌មានជាតិ
សមាគមធនាគារប្រាប់ល្បិចឲ្យប្រុងប្រយ័ត្នក្រុមផ្តល់កម្ចីក្រៅច្បាប់
ខណៈដែលធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការលើក្រុមផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ សមាគមធនាគារបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នទៅទទួលសេវាកម្ចីពីស្ថាប័នក្រៅផ្លូវការ ដើម្បីចៀសវាងធ្លាក់ចូលទៅក្នុងបំណុលលើសលុប។
ថ្លែងនៅក្នុងសន្និសីទនៅព្រឹកមិញនេះ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ថា កន្លងទៅនេះមានស្ថាប័នសេវាហិរញ្ញវត្ថុក្រៅផ្លូវការ បានប្រើប្រាស់រូបភាពបោកបញ្ឆោតអូសទាញអតិថិជនដើម្បីទទួលប្រាក់កម្ចី។
សេវាឥណទានគ្មានច្បាប់អនុញ្ញាតនេះ មិនត្រឹមតែធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ថែមទាំងបង្កផលវិបាកមកលើសេដ្ឋកិច្ចនិងសង្គម ហើយប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

លោកបន្តថា សេវាឥណទានក្រៅច្បាប់នេះ បានបង្កប់ការកេងចំណេញតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ និងការអនុវត្តកិច្ចសន្យាមិនសុចរិតជាដើម។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងបញ្ជាក់ក្នុងសន្និសីទថា ក្រុមផ្តល់កម្ចីក្រៅច្បាប់ច្រើនតែប្រើប្រាស់រូបភាពបោកបញ្ឆោតជាឆ្នាក់ដើម្បីអូសទាញដល់អតិថិជន។ ជាក់ស្ដែង ក្រុមនេះតែងតែប្រើប្រាស់បណ្តាញអនឡាញ ការខលទៅអតិថិជនដើម្បីណែនាំពីសេវាកម្ចីភ្ជាប់លក្ខខណ្ឌងាយៗមិនបាច់មានទ្រព្យបញ្ចាំ។
«ក្រុមនេះបានផ្សព្វផ្សាយយ៉ាងបើកចំហតាមរូបភាពផ្សេងៗដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម តាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម»។

បើតាមលោក សុខ វឿន រូបភាពកម្ចីពីបែបនេះគ្រោះថ្នាក់ណាស់ ធម្មតាស្ថាប័នមានច្បាប់ទម្លាប់ត្រឹមត្រូវគេមិនប្រើប្រាស់រូបភាពអូសទាញអតិថិជន តាមរយៈការផ្តល់លក្ខខណ្ឌស្រួលៗ គឺគេត្រូវសិក្សាពីលំហូរសាច់ប្រាក់និងលទ្ធភាពសងត្រឡប់របស់អតិថិជន។
លោកបន្តថា ស្ថាប័នហិរញ្ញវត្ថុដែលប្រើប្រាស់សេវាកម្ចីតាមអនឡាញក្រៅច្បាប់ទាំងនេះ ភាគច្រើនមិនមានអាជ្ញាប័ណ្ណពីធនាគារជាតិទេ។ លោកបន្តក្រើនរំលឹកឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្ន មុនទៅរកសេវាកម្ចីពីស្ថាប័នក្រៅផ្លូវការណាមួយដើម្បីចៀសវាងមានហានិភ័យខ្ពស់ ហើយពុំទទួលបានការការពារដោយច្បាប់។
ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការរួម ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានិងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


