Connect with us

ព័ត៌មានជាតិ

តើកម្ពុជាមានឯកអគ្គរាជទូតជាស្រ្តីចំនួនប៉ុន្មានរូបកំពុងប្រចាំនៅបរទេស?  

បានផុស

នៅ

គិតមកដល់ឆ្នាំ២០២៣ កម្ពុជា ​មាន​ស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍​​ចំនួនប្រមាណជាង៣០ ដែលកំពុងប្រចាំនៅតាមបណ្តា​ប្រ​ទេសនានានៅលើពិភពលោក ខណៈ​ក៏មានស្ថានអគ្គ​​កុង​​ស៊ុល និងកុងស៊ុល​កិត្តិយ​​ស​​​ផងដែរ។ ចំណោមឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ទាំងជាង៣០រូបនេះ គឺមានឥស្សរជនជាស្ត្រីចំនួន ៧រូប ដែលកំពុងបំពេញតួនាទីជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅបណ្ដាប្រទេស និងអង្គការអន្តរជាតិ។ ឥស្សរជនការទូតជាស្ត្រីដែលកំពុងកាន់តួនាទីជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅបរទេស រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោកស្រី ខែក កែមាលី ស៊ីសូដា

លោកស្រី ខែក កែមាលី ស៊ីសូដា កំពុងបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន ដែលលោកស្រីធ្វើជាឯកអគ្គរាជទូតនេះ ចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ លោកស្រី ខែក កែមាលី ស៊ីសូដា ត្រូវបានចាត់ទុកថា ជាអ្នកការទូតស្ត្រីរបស់កម្ពុជាដែលកាន់តួនាទីជាឯកអគ្គរាជទូតយូរជាងគេ ខណៈលោកស្រីធ្លាប់ធ្វើជានាយិកាពិធីការព្រះបាទ នរោត្តម សីហនុ តាំងពីទសវត្ស៍ឆ្នាំ៨០។

២/ លោកស្រី ផែន សាវនី

លោកស្រី ផែន សាវនី ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបានតែងតាំងនៅឆ្នាំ២០២០ បន្ទាប់ពីលោកស្រីកាន់តួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក។ មុនកាន់ជាឯកអគ្គរាជទូតនេះ លោកស្រី ផែន សាវនី ធ្លាប់ធ្វើជាលេខាទី២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអាល្លឺម៉ង់ នៅចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៧ និងនៅចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ធ្លាប់ធ្វើជាទីប្រឹក្សាអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម។

៣/ លោកស្រី ជ្រឹង បុទុមរង្សី

លោកស្រី ជ្រឹង បុទុមរង្សី ជាអ្នកការទូតស្ត្រីដែលត្រូវបានតែងតាំងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កាលពីខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ឡុង​ ឌីម៉ង់។ លោកស្រី ជ្រឹង បុទុមរង្សី ធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយក្រោយមក លោកស្រីបានផ្ទេរក្របខណ្ឌមកបម្រើការងារនៅក្រសួងការបរទេស ដែលកាន់តំណែងជាអនុរដ្ឋលេខាធិការ ខណៈនៅចុងឆ្នាំ២០២០ លោកស្រី ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំង និងដំឡើងឋានៈជារដ្ឋលេខាធិការក្រសួងការបរទេស។

៤/ លោកស្រី ជា គឹមថា

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ លោកស្រី ជា គឹមថា បានអញ្ជើញប្រគល់សារតាំងជាផ្លូវការជូនប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម។  លោក ជា គឹមថា ត្រូវបានចាត់ទុកថា ជាឯកអគ្គរាជទូតស្ត្រីដំបូងគេរបស់កម្ពុជាដែលប្រចាំនៅប្រទេសវៀតណាម បន្ទាប់ពីកម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៦៧។ ទាក់ទិនបេសកកម្មនៅបរទេស លោកស្រី ជា គឹមថា ក៏ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាម្ដងរួចមកហើយប្រចាំនៅប្រទេសជប៉ុ​ន នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ខណៈនៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកស្រីធ្វើជាទីប្រឹក្សាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងតូក្យូ។

៥/ លោកស្រី អ៊ាត សោភា

លោកស្រី អ៊ាត សោភា ដែលជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសកាណាដា និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ លោកស្រី អ៊ាត សោភា បានចាប់ផ្ដើមបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥។ ជាមួយគ្នានេះ លោកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រយៈពេលប្រមាណ៣ឆ្នាំ និងជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។

៦/ លោកស្រី ថោង សុគន្ធារី

លោកស្រី ថោង សុគន្ធារី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ កាលពីអំឡុងឆ្នាំ២០២០។

៧/ លោកស្រី អ៊ុន បូផាន់ណា

លោកស្រី អ៊ុន បូផាន់ណា គឺជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូនីស្កូ នៅទីក្រុងប៉ារីស៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម