ព័ត៌មានអន្ដរជាតិ
អាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងបាតុភូត El Nino ដ៏កាចសាហាវ ចំពេលវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ មិនទាន់ស្ងប់
បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងតែត្រៀមលក្ខណៈប្រឈមមុខនឹងការមកដល់នៃបាតុភូតអាកាសធាតុ El Nino ដ៏ក្តៅហួតហែង និងខ្លាំងក្លាមិនធ្លាប់មាន។ ស្ថានភាពនេះ បានកើតឡើងចំពេលដែលប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់ កំពុងតែរ៉ាប់រងបន្ទុកយ៉ាងធ្ងន់ធ្ងររួចទៅហើយ ពីការឡើងថ្លៃថាមពល ការដឹកជញ្ជូន និងតម្លៃម្ហូបអាហារ ដែលជាផលវិបាកបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។

បើតាមការផ្សាយរបស់ ABS-CBN News អង្គការឧតុនិយមពិភពលោក បានព្យាករថា បាតុភូត El Nino នេះ នឹងលេចឡើងមុនខែសីហា និងបន្តអូសបន្លាយរហូតដល់យ៉ាងហោចណាស់ខែវិច្ឆិកាខាងមុខ។ បាតុភូតនេះ នឹងធ្វើឱ្យផ្ទៃទឹកសមុទ្រនៅមហាសមុទ្រប៉ាស៊ីហ្វិក ឡើងកម្តៅខុសពីធម្មតា ដែលនាំឱ្យខ្យល់ប្រែប្រួល និងនាំកម្តៅកាន់តែខ្លាំងមកកាន់តំបន់ប៉ាស៊ីហ្វិកកណ្តាល និងខាងកើត។ ជាទូទៅ នេះជាពេលវេលាដែលខ្យល់ខែវស្សាត្រូវនាំភ្លៀងមកបំពេញអាងស្តុកទឹក ជួយកាត់បន្ថយកម្តៅតាមទីក្រុង និងផ្តល់ទឹកដល់ស្រែចម្ការសម្រាប់រដូវដាំដុះ។ ប៉ុន្តែបើភ្លៀងធ្លាក់យឺតយ៉ាវ ឬតិចតួចខុសធម្មតា កសិករនឹងត្រូវបង្ខំចិត្តពន្យារពេលដាំដុះ បន្ថយផ្ទៃដី ឬប្តូរទៅដាំដំណាំណា ដែលមិនសូវត្រូវការទឹកវិញ។
អ្នកជំនាញបានព្រមានថា វិស័យកសិកម្មរបស់អាស៊ីអាគ្នេយ៍ ងាយរងគ្រោះបំផុតពីវិបត្តិ El Nino នេះ ដោយសារតែកសិផលចម្បងពីរគឺ ស្រូវ និងប្រេងដូង គឺប្រមូលផ្តុំខ្លាំងក្នុងតំបន់ និងងាយប្រែប្រួលតាមអាកាសធាតុ។ ផលប៉ះពាល់ដែលចាប់ផ្តើមពីកម្រិតចម្ការតូចតាច អាចនឹងរីករាលដាលយ៉ាងរហ័សទៅជាវិបត្តិតម្លៃអាហារ និងអតិផរណាជាប្រព័ន្ធទូទាំងតំបន់។ សម្រាប់ប្រទេស ដូចជា កម្ពុជា ថៃ ហ្វីលីពីន និងឥណ្ឌូណេស៊ី ទិន្នផលស្រូវអាចនឹងធ្លាក់ចុះពី ២% ទៅ ៨% ធៀបនឹងឆ្នាំធម្មតា ហើយតំបន់ដែលងាយរងភាពរាំងស្ងួត នឹងត្រូវខាតបង់កាន់តែច្រើន។ ចំណែកឯដំណាំប្រេងដូងវិញ ទោះបីជាធន់នឹងកម្តៅជាងស្រូវ ប៉ុន្តែផលប៉ះពាល់ពីការធ្លាក់ចុះនៃទិន្នផល នឹងស្តែងឡើងនៅរយៈពេល ៦ ទៅ ១២ខែបន្ទាប់។
ក្រៅពីបញ្ហាអាកាសធាតុ តម្លៃជីកសិកម្ម និងហ្គាស បានហក់ឡើងខ្ពស់កប់ពពករួចទៅហើយ ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ ហើយបាតុភូត El Nino នេះ នឹងរុញច្រានតម្លៃទាំងនេះឱ្យកាន់តែថ្លៃថែមទៀត។ ទីផ្សារតែងតែឆ្លើយតបទៅនឹងការភ័យខ្លាច មុនពេលការខូចខាតជាក់ស្តែងលេចរូបរាង ដែលធ្វើឱ្យធនាគារកណ្តាលនានាត្រូវរក្សាអត្រាការប្រាក់ខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ស្របពេលដែលរដ្ឋាភិបាល ត្រូវចំណាយថវិកាយ៉ាងច្រើនលើការឧបត្ថម្ភធន និងថ្លៃថាមពល។ ដោយសារតែផលប៉ះពាល់នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកពី ៥,១% មកត្រឹម ៤,៧%។
ផលវិបាកមិនមែនមានត្រឹមតែលើតុអាហារនោះទេ កម្តៅដែលអាចហក់ឡើងលើសពី ៤០អង្សាសេ នឹងវាយប្រហារដល់វិស័យទេសចរណ៍ដ៏សំខាន់។ មិនតែប៉ុណ្ណោះ អាកាសធាតុស្ងួតហួតហែង អាចនឹងបង្កឲ្យមានភ្លើងឆេះព្រៃ និងឆេះដីល្បាប់ នៅភាគខាងជើងប្រទេសថៃ និងដែនដីមួយចំនួនរបស់ឥណ្ឌូណេស៊ី ដែលបង្កើតទៅជាផ្សែងអ័ព្ទពុលឆ្លងដែន បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសជិតខាងថែមទៀតផង។
ចុងក្រោយ បញ្ហាទាំងអស់នេះកំពុងតែបង្កើតជាសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ។ ជាប្រវត្តិសាស្ត្រ ឱ្យតែតម្លៃអង្ករ និងប្រេងឡើងហួសបន្ទាត់ក្រហម ភាពអស់សង្ឃឹមរបស់ប្រជាជន នឹងប្រែជាការផ្ទុះកំហឹងនយោបាយ។ ជាក់ស្តែង នៅប្រទេសឥណ្ឌូណេស៊ី និស្សិតបានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងចំណាយ និងការឡើងថ្លៃប្រេងរបស់លោកប្រធានាធិបតី Prabowo Subianto។ នៅហ្វីលីពីន ជម្លោះរវាងបក្សពួកនយោបាយកាន់តែក្តៅគគុក ដោយសារតែរឿងអាស្រូវពុករលួយ ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏កំពុងប្រឈមមុខនឹងលទ្ធភាពនៃការបោះឆ្នោតមុនអាណត្តិ ប្រសិនបើការខ្វែងគំនិតក្នុងបក្សសម្ព័ន្ធរដ្ឋាភិបាលមិនអាចដោះស្រាយបាន។ ថ្វីត្បិតតែរដ្ឋាភិបាលនានានៅមានពេលវេលាខ្លះក្នុងការគ្រប់គ្រងប្រភពទឹក និងស្បៀងអាហារ ប៉ុន្តែពេលវេលាកំពុងតែខើចទៅៗ ហើយ El Nino អាចនឹងក្លាយជាវិញ្ញាសាសាកល្បងដ៏ធំបំផុតមួយ សម្រាប់ស្ថិរភាពនៃតំបន់អាស៊ីអាគ្នេយ៍៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


