ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអាជ្ញាធរគ្រប់ថ្នាក់ លុបបំបាត់យានយន្ត ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ យកចិត្តទុកដាក់ធ្វើការអប់រំ ណែនាំ ផ្សព្វផ្សាយ និងលុបបំបាត់រាល់ការកែច្នៃបំពង់ស៊ីម៉ាំងមូតូ ឬរថយន្ត ដែលនាំឲ្យបង្កសម្លេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី១៥ ខែមករា។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា អនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង និងដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅលុបបំបាត់រាល់សកម្មភាព បែបអនាធិបតេយ្យក្នុងការបញ្ហាយានយន្តគ្រប់ប្រភេទ ដែលបង្កសម្លេងរំខានលើសកម្រិតកំណត់ និងដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គម គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើការ អប់រំណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង ឲ្យបញ្ឈប់សកម្មភាពបង្កសម្លេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ដោយត្រូវយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំង ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាកម្រិតសម្លេងមិនឲ្យលើសពីការកំណត់។
ទន្ទឹមនោះ ត្រូវអប់រំសីលធម៌ សុជីវធម៌ក្នុងការបញ្ហាយានយន្តចំពោះអ្នកប្រើប្រាស់យានយន្ត ដែលមានកម្រិតសម្លេងខ្លាំង ដើម្បីជៀសវាងការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសង្គម។

បើតាមសម្តេចក្រឡាហោម ស ខេង កម្រិតសម្លេងដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានជាធរមាន ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេងរួមមាន៖ ចំពោះទោចក្រយានយន្ត ចំណុះស៊ីឡាំង (CC)< 125cm (តូចជាង១២៥សម៣) មិនត្រូវឲ្យលើសពី 85dB(A), ចំណុះស៊ីឡាំង (CC) > 125cm3 (ចាប់ពី ១២៥សម៣ ឡើង) មិនត្រូវឲ្យលើសពី 90dB (A)។

ចំពោះរថយន្ត រថយន្តគ្រួសារ និងរថយន្ត ដែលមានទម្ងន់សរុបអតិបរមាមិនលើស៣,៥តោន មិនត្រូវឲ្យលើសពី 03dB(A), រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន និងមានកម្លាំងម៉ាស៊ីនមិនលើស១៥០Kw មិនត្រូវឲ្យលើសពី105dB(A), រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន និងមានកម្លាំងស៊ីនពី១៥០KW មិនត្រូវឲ្យលើសពី 107dB(A) ។ ចំណែករថយន្តស្ទួច និងរថយន្តបំពាក់ឧបករណ៍ពិសេស មិនត្រូវឲ្យលើសពី110dB(A)។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ជាសេនាធិការ ត្រូវចុះត្រួត ពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឲ្យបញ្ឈប់រាល់ការកែច្នៃយានយន្តខុសបច្ចេកទេស។ ក្នុងករណ៏បន្តលបលួចកែច្នៃ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់។

កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំង ដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំបាត់ឲ្យបានរាល់ការប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬរដោះបំពង់ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ហាយានយន្តបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យលើដងផ្លូវ ទីប្រជុំជន និងធ្វើការឃាត់អប់រំជាបឋមឲ្យបញ្ឈប់សកម្មភាព ព្រមទាំងធ្វើកិច្ចសន្យាយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងតាមលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ។ ទន្ទឹមនោះ ត្រូវណែនាំអំពីសីលធម៌ សុជីវធម៌ក្នុងការបញ្ហាយានយន្តចំពោះអ្នកប្រើប្រាស់យានយន្ត ដែលមានកម្រិតសម្លេងខ្លាំង ដើម្បីជៀសវាងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបានភាពថ្លៃថ្នូរក្នុងសង្គម និងណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


