Connect with us

ព័ត៌មានជាតិ

អបអរសាទរ​! ផលិតផល​ស្រា​បៀរ ហនុមាន របស់​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស នឹងមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​!

បានផុស

នៅ

ក្រោម​ការសហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា បាន​ចូលរួម​ជាមួយ​វិស័យ​ឯកជន​ថៃ ដើម្បី​ជំរុញ​ការវិនិយោគ និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាងកក ថ្ងៃទី​២៨ ខែមីនា ២០២៣

​ក្រោម​ការសហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា (Thailand-Cambodia Business Council: TCBC) សហការ​ជាមួយ​វិស័យ​ឯកជន​ថៃ បានរៀបចំ​សិក្ខាសាលា “​ទិសដៅ​អនាគត​នៃ​ឱកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា ឆ្នាំ​២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង លោក Kriangkrai Thiennukul ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ សិក្ខាសាលា​នេះ បាន​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច និង​ទស្សនវិស័យ សម្រាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជាពិសេស បាន​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​សម្រេច​ឱ្យបាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ តម្លៃ ១៥ ពាន់​លាន​ដុល្លារ ដែល​កំណត់ដោយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​។

ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា សារសំខាន់​នៃ​សិក្ខា​សិលា​គឺ​អ្នកវិនិយោគ​ថៃ​នឹងមាន​សក្តានុពល​ក្នុងការ​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងអស់​អំពី​ឱកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​ពួកគេ​ឱ្យធ្វើ​ការសិក្សា វិនិយោគ និង​ពង្រីក​ការវិនិយោគ​របស់​ពួកគេ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច​ជា​រង្វង់ (circular economy) និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​តំបន់​។ ឯកឧត្តម​ក៏បាន ស្នើសុំ​សភាពាណិជ្ជកម្ម​ថៃ និង​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា (CCC) សម្រាប់​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម និង​វិនិយោគ​ក្នុងប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ព្រមទាំង​បាន​យក​ឱកាស​នេះ អញ្ជើញ​វិស័យ​ឯកជន​ពាក់ព័ន្ធ​។​

​ជាមួយគ្នា​នោះដែរ លោក Kriangkrai Thiennukul ប្រធាន​គណៈកម្មការ​ចម្រុះ​នៃ​ស្ថាប័ន​វិស័យ​ឯកជន​ចំនួន​៣ (JSCCIB) រួមមាន​សភាពាណិជ្ជកម្ម​ថៃ សហព័ន្ធ​ឧស្សាហកម្ម​ថៃ និង​សមាគម​ធនាគារ​ថៃ និង លោក Sanan Angubolkul ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​ថៃ និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ បាន​បង្ហើប​ថា សិក្ខាសាលា​នេះ វា​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក្នុង​សិក្ខាសាលា​នេះ​ពិតជា​ទទួលបាន​កិត្តិយស​ដ៏​ធំធេង ដោយមាន​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា រួមជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​។ ហើយ​នៅក្នុង​សិក្ខាសាលា​នេះ ក៏មាន​ទាំង​អ្នកជំនួញ ទាំង​ថៃ និង​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា​ចូលរួម​នៅ​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ (UTCC) ដែលជា​គ្រឹះស្ថាន​អប់រំ​ដែលមាន​ភាពលេច​ធ្លោ​ក្នុងការ​លើកកម្ពស់​ឧត្តមភាព​ក្នុងការ​ប្រកប​អាជីវកម្ម​។ ក្នុងនាម​សភាពាណិជ្ជកម្ម​ថៃ និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ ពិត​ជាមាន​មោទកភាព​យ៉ាង​ក្រៃលែង សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ក្នុង​ថ្ងៃទី​២៨ មីនា ឆ្នាំ​២០២៣ កន្លងមកនេះ​។

លោក Sanan ក៏បាន​មានប្រសាសន៍ថា ដោយមាន​ការប្ដេជ្ញាចិត្ត និង​កិច្ចសហការ​ពី​គ្រប់ភាគី អាច​ជឿជាក់​បាន​ថា​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ក្លាយជា​ការចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​រួមគ្នា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នៃ​វិស័យ​ឯកជន​ថៃ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់ និង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។

លោក Woratat Tantimongkolsuk ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា បាន​ចូលរួម​ផ្តល់​សុន្ទរកថា និង​មានប្រសាសន៍ថា គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​គឺ​ផ្តល់​ចំណេះដឹង និង​ការយល់ដឹង​អំពី​ការធ្វើ​អាជីវកម្ម​ជាមួយ​កម្ពុជា​ក្នុងអំឡុងពេល​ក្រោយ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ ទាំង​ក្នុងស្ថានភាព​បច្ចុប្បន្ន និង​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ច្បាប់ពាណិជ្ជកម្ម ការវិនិយោគ និង​ការការពារ​អ្នកប្រើប្រាស់​សំខាន់ៗ​ថ្មី​របស់​កម្ពុជា​។ ក្រៅពីនេះ​ក៏បាន​ទទួល​កិត្តិយស​ពី​ប្រធានការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ស្ថិតិ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក៏ដូចជា​ទទួល​បាន​កិច្ចសហប្រតិបត្តិការ​ពី​តំណាង​វិស័យ​ធុរកិច្ច​ថៃ ចែករំលែក​បទពិសោធ​ន៍ និង​បង្ហាញ​ពី​ឱកាស​កាន់តែច្រើន​នៅក្នុង​ទីផ្សារ​លក់រាយ និង​លក់ដុំ​នៅ​កម្ពុជា ក៏ដូចជា​សក្តានុពល​វិនិយោគ និង​ឱកាស​នាំចេញ​។

ព្រឹត្តិការណ៍​សំខាន់​មួយទៀត​នៃ​សិក្ខាសាលា​ថ្ងៃនេះ គឺ​ពិធី​ចុះហត្ថលេខា លើ​អ្នក​ចែកចាយ​ផ្តាច់​មុខ​ក្នុងប្រទេស​ថៃ រវាង​ក្រុមហ៊ុន Hanuman Beverages និង Yakyim Intertrade Co.,Ltd ដើម្បី​ចែកចាយ​ផលិតផល ស្រា​បៀរ ហនុមាន​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ ដែលជា​សក្ខីភាព​នៃ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ថៃ និង​កម្ពុជា​ក្នុង​ការធ្វើ​អាជីវកម្ម​។ ភាគី​ប្រទេស​ថៃ​មាន​សេចក្តីសោមនស្ស​រីករាយ​ជា​ខ្លាំង​ក្នុងការ​គាំទ្រ​ផលិតផល​ខ្មែរ​ដើម្បី​ដាក់លក់​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ​ដែលជា​ការ​ជួយ​លើកកម្ពស់​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង ប្តេជ្ញា​ចាប់ដៃ​នឹង​កម្ពុជា​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ជាមួយគ្នា​។ ប្រជាពលរដ្ឋ​ខ្មែរ និង បរទេស ព្រមទាំង​ប្រជាពលរដ្ឋ ថៃ នឹង​ទទួលបាន​នូវ​ស្រា​បៀរ​ដែលមាន​រសជាតិ​ពោ​ពេញ​ដោយ​វិសាលភាព​។

ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស ឯ​.​ក ត្រូវបាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ ផ្តួចផ្តើមឡើង​ដោយ​ស្ថាបនិការ លោកជំទាវ ខៀវ ស​ស៊ី​លៀប ជាមួយ​ទុនវិនិយោគ​ប្រមាណ ១៦០ លាន​ដុល្លារ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ពី​អឺរ៉ុប ស្រប​ទៅ​តាម​បទដ្ឋាន​ស្តង់ដារ​លំដាប់​ពិភពលោក ជាមួយ​ចក្ខុវិស័យ​វែងឆ្ងាយ​ប្រកបដោយ​វិសាលភាព ហើយ​ផ្តោត​សំខាន់​លើ ឧត្តមភាព នៃ​គុណ​តម្លៃ ក្នុង​ការរក្សា​ស្ថិរភាព​លើ​គុណភាព​ផលិតផល ក៏ដូចជា​ការ​គាំទ្រ​លើ​យុទ្ធសាស្ត្រ​ល្អៗ ដើម្បី​និរន្តរភាព​ដល់​ការពង្រីក​អាជីវកម្ម​ជា​ចម្បង ជាពិសេស​គឺ​ជំរុញ​បន្ថែម​លើ​ការកសាង​គុណភាព​ម៉ាក​សញ្ញា​កូន​ខ្មែរ​ទៅកាន់​សកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៥ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១២ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម១៥ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

Sokha Hotels

ព័ត៌មានពេញនិយម