ព័ត៌មានជាតិ
អឺរ៉ុបមានវិស័យអាទិភាពចំនួន៣ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧
ការបញ្ជាក់ពីវិស័យទាំង៣នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកស្រី ខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនោះ ផ្តោតលើការពិគ្រោះយោបល់ទៅលើយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧។
តាមខ្លឹមសារនៃជំនួប ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេស នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ស្រីឯកអគ្គរដ្ឋទូត បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី នូវវិស័យអាទិភាពទាំង៣ នៃយុទ្ធសាស្ត្រអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ដែលរួមមាន៖ ១. កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ២. កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ដោយផ្តោតសំខាន់លើវិស័យជលផល និង៣. អភិបាលកិច្ច និងនីតិរដ្ឋ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានរំលឹកផងដែរ អំពីសមិទ្ធផលមួយចំនួនក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសហភាពអឺរ៉ុប។
ក្នុងចំណោមសមិទ្ធផលទាំងនោះ គឺមានគំរោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅសង្កាត់បាក់ខែង ដែលត្រូវបានទ្រទ្រង់ដោយជំនួយឥតសំណងពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បូករួមនឹងឥណទានពីធនាគារវិនិយោគអឺរ៉ុប ដែលគម្រោងនេះនឹងបង្កើតការងារប្រហែល១៦,០០០ កន្លែង និងមាន លទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ដែលកំពុងមានតម្រូវការទឹកស្អាតបំផុត។
ក្នុងអំឡុងពេល នៃកិច្ចពិគ្រោះយោបល់ខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសមាហរណកម្មអាស៊ាន ជាពិសេសទាក់ ទងនឹងបញ្ហាគម្លាតអភិវឌ្ឍន៍រវាងរដ្ឋសមាជិក ការគាំទ្រពីសហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងការធ្វើ សមាហរណកម្មចូលទីផ្សារតំបន់ និងខ្សែច្រវាក់តម្លៃ ស្ថានភាពពលករចំណាក ស្រុក ស្ថានភាព ទីផ្សារអឺរ៉ុប សម្រាប់អង្ករកម្ពុជា វិស័យទេសចរណ៍ កិច្ចសហការជាមួយវិស័យឯកជន ការបណ្តុះបណ្តាលជំនាញ និងកិច្ចគាំពារសង្គម ការជំរុញការវិនិយោគទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពថា យុទ្ធសាស្ត្រសម្រាប់បញ្ហាខាងលើតម្រូវឱ្យមានការសម្របសម្រួលទៅតាមស្ថានការណ៍នៃការរីករាលដាលនៃជំងឺ-១៩។
នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ដែលបានអនុវត្តទាំងក្រោមក្របខណ្ឌទ្វេភាគី និងរួមគ្នាជាមួយបណ្តាប្រទេសអឺរ៉ុប និងដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាងពីរទសវត្សន៍កន្លះកន្លងមកនេះ។ លោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងការស្វាគមន៍ចំពោះការពិគ្រោះយោបល់បឋមនេះ ដែលមានគោល បំណងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍នានារបស់សហភាពអឺរ៉ុប។
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានបង្ហាញផងដែរ នូវការទន្ទឹងរង់ចាំចំពោះការបញ្ចប់នៃយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


