ព័ត៌មានជាតិ
ប្រធានបុរីទារក និងកុមារជាតិ អំពាវនាវសប្បុរសជន ជួយគាំទ្រកុមារពិការ និងកំព្រា
ប្រធានបុរីទារក និងកុមារជាតិ អំពាវនាវដល់វិស័យឯកជន និងសប្បុរសជនានាមេត្តាជួយគាំទ្រដល់កុមារខ្សោយសតិបញ្ញា កុមារពិការខួរក្បាល អូទីស្សីម កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា ដើម្បីឱ្យពួកគេទទួលបាននូវការចិញ្ចឹមបីបាច់ថែទាំ និងស្នាក់នៅប្រកបដោយភាពកក់ក្តៅ។

លោកស្រី ថោ ពៅ ថ្លែងប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៥ ខែសីហានេះថា សព្វថ្ងៃនេះ បុរីទារក និងកុមារជាតិមានកុមារសរុបចំនួន ១៧១នាក់ ក្នុងនោះមានកុមារពិការខួរក្បាល និងអូទីស្សីម កុមារដោនស៊ីនដ្រូម ពិការខួរក្បាល និងដៃជើង ពិការរាងកាយ និងដៃជើង ពិការដៃជើង និងមានផ្ទុកមេរោគអេដស៍ កុមារខ្សោយប្រាជ្ញា និងកុមារធម្មតា ៦នាក់។

ប្រធានបុរីទារក និងកុមារជាតិ មានប្រសាសន៍បន្តទៀតថា ក្នុងនោះមានកុមារមួយចំនួនអាចញ៉ាំបានដោយខ្លួនឯង និងខ្លះទៀតត្រូវការបញ្ចុកអាហារ និងអ្នកថែទាំ ២៤ម៉ោង លើ ២៤ម៉ោង។

លោកស្រី ថោ ពៅ បានបន្ថែមថា កុមារទទួលបានម្ហូបអាហារ ៣ពេល ក្នុង១ថ្ងៃ និងមានអាហារសម្រន់ ២ពេល ដូចជាទឹកសណ្តែក ឬទឹកដោះគោ នំចំណី ផ្លែឈើផ្សងៗជាប្រចាំថ្ងៃ ហើយត្រូវការថែទាំដោយបែងចែកតាមបន្ទប់ស្នាក់នៅ ទៅតាមកម្រិតអាយុ និងភេទ ក្នុង ១បន្ទប់ ពី ១០ ទៅ ១៥ នាក់ទៅតាមប្រភេទពិការធ្ងន់ និងស្រាល។ ក្នុងនោះម៉ែដោះថែទាំតម្រូវការច្រើននាក់ ក្នុង ១បន្ទប់ ៤នាក់ បែងចែកវេនយាមប្រចាំការ ២នាក់ ក្នុង ១ថ្ងៃ ២៤ម៉ោង ខណៈបច្ចុប្បន្នមានបុគ្គលិកសរុប ៨៣នាក់ ក្នុងនោះអ្នកថែទាំ ២៤ លើ ២៤ម៉ោង ចំនួន ៥៤នាក់ សម្រាប់ថែទាំដល់កុមារទាំងនោះដោយគ្មានថ្ងៃឈប់សម្រាកដូចជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទានផ្សេងៗឡើយ។

លោកស្រី ថោ ពៅ បានបញ្ជាក់ថា បុរីមិនអាចសមាហរណកម្មកុមារពិការគ្រប់អាយុបញ្ចេញបាន ព្រោះជាប្រភេទកុមារពិការមិនអាចជួយខ្លួនឯង ហើយក៏គ្មានញាតិសន្តានអាចទាក់ទងយកកុមារទៅវិញ។ ពិសេសកុមារពិការធ្ងន់ធ្ងរទាំងនេះ មានវ័យកាន់តែច្រើន ទម្ងន់កាន់តែធ្ងន់ អ្នកថែទាំជាស្ត្រីជួបការលំបាក ក្នុងការលើកដាក់ផ្លាស់ទីច្រើនដងក្នុងមួយថ្ងៃៗ។ ជាងនេះទៀត កុមារពិការមានតម្រូវការសម្ភារប្រើប្រាស់ផ្នែកអនាម័យ និងការព្យាបាលជំងឺច្រើនជាងកុមារធម្មតា។

លោកស្រី ថោ ពៅ បានអំពាវនាវដល់សប្បុរសជន ជួយគាំទ្រ និងអញ្ជើញមក បុរីទារក និងកុមារជាតិ ស្ថិតតាមបណ្តោយផ្លូវដួងងៀប ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តដល់កុមារពិការទាំងនេះឱ្យមានក្តីសង្ឃឹម និងមានភាពកក់ក្តៅក៏ដូចជាជួយឧបត្ថម្ភជាសម្ភារផ្សេងៗដែលជាតម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ទូរសព្ទ និង ABA ឬ ACLEDA លេខ៖ 017411458 ។

គួរបញ្ជាក់ថា “បុរីទារក និងកុមារជាតិ” គឺជាកន្លែងសម្រាប់មើលថែទាំក្មេងៗ ទាំងការរស់នៅ ហូបចុក និងការមើលថែទាំងជំងឺផ្សេងៗ ដល់កុមារតូចៗ ដែលសុទ្ធសឹងជាកុមារដែលជាក្មេងអនាថា បាត់បង់អាណាព្យាបាល ឬពិការភាពស្វិតដៃជើងជាដើម ដែលទីតាំងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ នាយដ្ឋានសុខុមាលភាពកុមារ នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដែលកាលពីកំឡុងនោះ ឈ្មោះថា “មជ្ឈមណ្ឌលសង្គ្រោះទារក” លុះមកដល់ឆ្នាំ២០០៨ ទើបសម្រេចប្តូរមកថា “បុរីទារក និងកុមារជាតិ” វិញ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


