ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាសប្តាហ៍ក្រោយ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន នាសប្តាហ៍ក្រោយ។ នេះបើតាមការឱ្យដឹងដោយលោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកញ្ញានេះ។

លោក តាន់ ហ្សង់-ហ្វ្រង់ស័រ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុករបស់លោក ថា នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា សប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន ជំនួបកំពូលអាស៊ានបូក និងជំនួបកំពូលអាស៊ីបូព៌ា។ លោក ថា សម្រាប់កម្ពុជា ដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះ ជាបន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។
ត្រង់ចំណុចនេះ លោក ហ្សង់-ហ្វ្រង់ស័រ បញ្ជាក់ថា សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ នេះជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ ខណៈ នេះក៏ជាលើកទីមួយបង្អស់ហើយ ដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា តាំងពីថ្ងៃទី២២ ខែសីហា មកម្ល៉េះ នឹងបង្ហាញមុខជាផ្លូវការលើឆាកអន្តរជាតិ។ បើតាមលោក ហ្សង់-ហ្វ្រង់ស័រ នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ នៅរដ្ឋធានីហ្សាកាតា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានឈ្មោះជាមេដឹកនាំកំពូលក្មេងជាងគេបង្អស់ក្នុងចំណោមមេដឹកនាំកំពូលបច្ចុប្បន្នទាំង១០រូបរបស់អាស៊ាន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បន្តថា ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងហ្សាកាតា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ, នឹងជួបជាផ្លូវការ ឬក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន១៧នាក់យ៉ាងតិច ដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និងនូវែលសេឡង់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ប្រជាជាតិកម្ពុជាទាំងមូលគួរតែ និងត្រូវតែមានមោទនភាព ពីព្រោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារឧត្តមប្រយោជន៍ជាតិ នៅចំពោះមុខសមាជិកអាស៊ានចំនួន ៩ដទៃផ្សេងទៀត និងដើម្បីការពារផលប្រយោជន៍រួមរបស់អាស៊ាននៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ ចំពោះបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងកម្ពុជា ត្រូវចូលរួមដោះស្រាយគឺមានច្រើនណាស់ ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និងរវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកល ដែលបាននិងកំពុងបន្តជះផលអវិជ្ជមានមកលើជាតិមាតុភូមិកម្ពុជា។

តាមរយៈសំណេរនៅលើហ្វេសប៊ុកនេះដែរ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ បានអះអាងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពហួសពីគ្រប់គ្រាន់ និងមានឆន្ទៈមោះមុតខ្លាំងណាស់ ដើម្បីលើកតម្កើងមុខមាត់កិត្តិយសលើឆាកអន្តរជាតិ ។ ដូច្នេះ ប្រជាជាតិកម្ពុជាទាំងមូល គួរតែនិងត្រូវតែរួបរួមគ្នាជាធ្លុងមួយ នៅពីក្រោយមេដឹកនាំប្រកបដោយថាមពលរបស់កម្ពុជារូបនេះ ដែលអាស៊ាន និងពិភពលោក នឹងសម្លឹងមើល ហើយវាយតម្លៃ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


