ព័ត៌មានជាតិ
អនក្ខរជននៅខេត្តកោះកុង ថយចុះគួរឲ្យកត់សម្គាល់ តាមរយៈកម្មវិធីសិក្សាសមមូល និងអប់រំក្រៅប្រព័ន្ធ
លោកស្រី មិថុនា ភូថង លើកឡើងថា អត្រាអនក្ខរជននៅក្នុងខេត្ត បានថយចុះគួរឲ្យកត់សម្គាល់ ដោយពួកគេបានឆ្លងកាត់កម្មវិធីសិក្សាបែបសមមូល ជំនាញវិជ្ជាជីវៈ និងការអប់រំក្រៅប្រព័ន្ធ។

ថ្លែងក្នុងទិវាអក្ខរកម្មជាតិ ៨ ខែកញ្ញា ឆ្នាំ ២០២៣ លោកស្រីអភិបាលខេត្តកោះកុង បានវាយតម្លៃខ្ពស់អំពីកិច្ចចូលរួមរបស់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអប់រំបណ្ដុះបណ្ដាលដល់ពលរដ្ឋ យុវជន និងកុមារមិនទាន់ចេះអក្សរ ឬ គិតលេខ។

លោកស្រី មិថុនា ភូថង យល់ថា នេះជាការបង្កើនចំណេះដឹងដល់ពលរដ្ឋមិនចេះអក្សរលេខ បានធ្វើឲ្យគំនិត នៃការគិតដោះស្រាយខាងផ្នែកប្រាជ្ញារបស់ពួកគាត់សមត្ថភាពចំណេះដឹងខ្ពស់ជាងមុន គ្រាមិនទាន់ទទួលបានការសិក្សារៀន។ រាល់ការទទួលបានចំណេះដឹងថ្មីបន្ថែមរបស់ពលរដ្ឋអនក្ខរជន ជាកត្តាជំរុញឲ្យល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធនធានមនុស្សកាន់តែជឿនលឿនសំបូរបែបទៅថ្ងៃមុខ។

លោកស្រីអភិបាលខេត្តកោះកុង បន្ថែមថា អក្ខរកម្ម ជាគោលដៅក្នុងផែនការយុទ្ធសាស្ត្រស្នូលមួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ទន្ទឹមនេះ លោកស្រី មិថុនា ភូថង ជំរុញបន្តចូលរួមបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីការងារអក្ខរកម្ម សំដៅធ្វើយ៉ាងណាអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពដល់ពលរដ្ឋ យុវជន និងកុមារ កាន់តែខ្លាំងក្លាបន្ថែម។

យោងតាមមាត្រា ៦៦ នៃរដ្ឋធម្មនុញ្ញដដែលនេះ ក៏បានចែងឲ្យដឹងដែរថា «រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពនៅទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការកសាងជីវិត»។

ដោយឡែក លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា នៅឆ្នាំ ២០២៣ នេះ ខេត្តកោះកុង ដំណើរការកម្មវិធីអប់រំក្រៅប្រព័ន្ធបានចំនួន ៦០ ថ្នាក់ ក្នុងនោះអក្ខរកម្ម ២០ ថ្នាក់ សមមូលបឋមសិក្សា ១៦ ថ្នាក់ សមមូលសិក្សាចំនួន ៤ ថ្នាក់ ចូលរៀនឡើងវិញ ១១ ថ្នាក់ និងជំនាញមុខរបរ ៩ ថ្នាក់។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មើលឃើញថា ក្រោយពួកគេបានសិក្សារៀនសូត្រ ពួកគេអាចអានសរសេរអក្សរ គិតលេខ ចេះដោះស្រាយបញ្ហាផ្សេងៗមួយចំនួនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះអនក្ខរជនពេញវ័យមានចំណេះជំនាញវិជ្ជាជីវៈ នឹងទទួលបានការងារសមរម្យផងដែរ។

តបនឹងលទ្ធផលអប់រំខាងលើ ក៏បានមកពីការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ក្នុងន័យធ្វើយ៉ាងណាសម្រេចបានគោលដៅ នៃផែនការអប់រំពេញមួយជីវិត ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ