ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ជំងឺទឹកនោមផ្អែមត្រូវព្យាបាលអស់មួយជីវិត ប៉ុន្តែជំងឺអាចបង្ការបាន
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទ នៃការរស់នៅប្រកបដោយសុខភាព។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ពិធី ទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ “ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម” ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សាស្រ្តាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានសង្កត់ធ្ងន់ថា កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទម្លាប់មិនបានបញ្ចេញពលកម្ម ឬធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ។ ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។ ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទ នៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសម្បូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។

សាស្រ្តាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវជំរុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាព ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រឈមហានិភ័យ ឬមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម ត្រូវមកធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

សាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម នៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។ នៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព ២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់ ៩,៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦)។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ប្រជាជនកម្ពុជាជិត ៦0 000នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផេ្សងទៀត (NCDs) ដែលស្មើនឹង ៦៤% នៃការស្លាប់ទាំងអស់ក្នុង ឆ្នាំ២០១៨។ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន ១,៥ លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម ៧0ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩ នៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា គោលបំណងចំបង នៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំនេះគឺ៖ ១. លើកកម្ពស់ការយល់ដឹងអំពីហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ការបង្ការ និងការព្យាបាលទាន់ពេលវេលា, ២. លើកទឹកចិត្តបុគ្គលដែលមានហានិភ័យក្នុងការស្វែងរកការធ្វើតេស្តរកជំងឺទឹកនោមផ្អែម, ៣. ជំរុញការផ្លាស់ប្តូរ ឥរិយាបទតាមរយៈការផ្លាស់ប្តូរទម្លាប់ និងសកម្មភាពផ្ទាល់ខ្លួន ឆ្ពោះទៅរករបៀបរស់នៅដែលមានសុខភាពល្អ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន