ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញគណៈវិជ្ជាជីវៈសុខាភិបាលលើកតម្កើងតម្លៃវិជ្ជាជីវៈ ដើម្បីកសាងប្រព័ន្ធសុខាភិបាលឱ្យមានភាពខ្លាំង
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាលឱ្យមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។

នៅក្នុងជំនួបសំណេះសំណាលជាលើកទី ៣ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ កាលពីរសៀលថ្ងៃទី ១០ កក្កដា នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណជន និងសហគមន៍ ដោយប្រតិបត្តិការងារឱ្យស្របតាមយុទ្ធសាស្ត្រ អាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្មារតីវិជ្ជាជីវៈ ធានាក្រមសីលធម៌ ធានាគុណភាព និងសុវត្ថិភាព។

បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តច្បាប់ លើកតម្កើងតម្លៃរបស់វិជ្ជាជីវៈ គោរពសិទ្ធិអ្នកជំងឺ ឬអតិថិជន ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ បង្កើនការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ និងគ្រប់គ្រងវាជាលក្ខណៈបុរេសកម្ម និងឆ្លើយតបឱ្យបានរហ័ស បន្ថែមលើនេះត្រូវរៀបចំសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងកំណត់គោលដៅជាក់លាក់ និងខិតខំសម្រេចឱ្យបានតាមកាលវេលា។

លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈ ត្រូវដើរតួនាទីជាអាជ្ញាធរនិយ័តកម្មអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាក្តីសង្ឃឹមរបស់សុខាភិបាល និងសុខភាពសាធារណៈ ត្រូវមានការប្រជុំគ្នាជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងជាលក្ខណៈសកល និងសម្លឹងមើលការអនុវត្តឱ្យបានល្អ ដោយត្រូវធ្វើឱ្យប្រសើរតាមប្រព័ន្ធមួយដែលមានវិន័យ និងតាមបែបបទរដ្ឋបាលច្បាស់លាស់ ស្របនឹងប្រព័ន្ធកំណែទម្រង់សុខាភិបាលរបស់ក្រសួង និងត្រូវពិចារណាអំពីការងារកម្រិតសាមញ្ញទៅកម្រិតប្រទាក់ក្រឡារហូតដល់កម្រិតជំនាញដោយពិនិត្យលើគ្រប់ទិដ្ឋភាព រួមមាន កម្រិតម៉ាក្រូ គឺបច្ចេកទេស និងធនធាន ការទំនាក់ទំនង ភាពជាការដឹកនាំមានប្រព័ន្ធការងាររស់រវើកទាំងគោលគំនិតរបស់វិជ្ជាជីវៈ និងមានអនុលោមភាពតាមច្បាប់ជាធរមាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា លើសពីនេះ ត្រូវពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងគោលបំណងជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ និងត្រូវសហការគ្នាឱ្យបានល្អរវាងគណៈវិជ្ជាជីវៈមួយ ទៅគណៈវិជ្ជាជីវៈមួយទៀត ដើម្បីពិនិត្យមើលកិច្ចការងារ ដែលមានការពាក់ព័ន្ធគ្នា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


