ព័ត៌មានជាតិ
ឆ្នាំ ២០២៤ ក្រសួងអប់រំ ផ្ដល់ស្បៀងអាហារជូនសាលាជាង ១ ពាន់សាលា ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់សិស្ស
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅឆ្នាំ ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ស្បៀងអាហារដល់សាលារៀនជាង ១ ពាន់សាលា ដែលមានសិស្សជិត ២៧ ម៉ឺននាក់ នៅតាមបណ្ដាខេត្តចំនួន ១០ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់សិស្សឲ្យទទួលបានសុខភាពល្អ កម្លាំងមាំមួន មានបញ្ញាស្មារតីល្អ និងមករៀនទៀងទាត់។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៩ មករា នេះថា ក្នុងឆ្នាំ ២០២៤ ក្រសួងអប់រំ បន្តអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ជូនសិស្សប្រមាណជិត ២៧ ម៉ឺននាក់ ក្នុងសាលារៀនចំនួន ១ ១១៤ នៅខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងស្ទឹងត្រែង។

លោកស្រីបានបន្តថា ក្នុងចំណោមសាលាគោលដៅ ១ ១១៤ សាលា ក្នុងនោះសាលារៀនគោលដៅដែលប្រើប្រាស់ថវិការដ្ឋគិតត្រឹមឆ្នាំ ២០២៤ មាន ៥៥៣ សាលា និងសាលារៀនប្រើប្រាស់ថវិកាកម្មវិធីស្បៀងអាហារពិភពលោកមាន ៥៦១ សាលា។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ការផ្ដល់ស្បៀងអាហារនេះគឺតម្រូវឲ្យសាលានីមួយៗ ដែលទទួលបានថវិកា និងអង្ករ ពី ក្រសួងអប់រំ ត្រូវរៀបចំកន្លែងចុងភៅធ្វើម្ហូបសម្រាប់ឲ្យសិស្សបរិភោគជារៀងរាល់ព្រឹក ដើម្បីពួកគេទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមករៀនទៀងទាត់។

ជាងនេះទៅទៀត ការផ្ដល់អាហារតាមសាលានេះ ក៏តម្រូវឲ្យសាលារៀននីមួយៗ ត្រូវទិញកសិផលតាមសហគមន៍ផ្ទាល់តែម្ដងដូចជា ៖ អង្ករ បន្លែ ត្រី សាច់ គ្រឿងផ្សំទាំងអស់ ដែលនឹងជួយធ្វើឲ្យកម្រិតអាហារូបត្ថម្ភច្រើនជាងមុន និងឆ្ងាញ់ជាងមុន ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត ខណៈកាលពីមុនសាលាត្រូវទិញពីខាងក្រៅ។

គួរបញ្ជាក់ថា តាមរយៈការអនុវត្តកម្មវិធីផ្ដល់ស្បៀងអាហារនេះ បានជួយបង្កើនអត្រាចុះឈ្មោះចូលរៀនរបស់សិស្ស និងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សាសិស្សផងដែរ។ ក្រសួងអប់រំ នឹងបន្តសហការជាមួយអង្គការស្បៀងអាហារពិភពលោក និងដៃគូអភិវឌ្ឍន៍នានាអនុវត្តកម្មវិធីនេះបន្ថែមទៀត ដើម្បីឲ្យសិស្សានុសិស្សមានឱកាសចូលរៀនបានពេញលេញ កាត់បន្ថយការបោះបង់ការសិក្សា និងទទួលបាននូវសុខភាពល្អ ក៏ដូចជាជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានបានល្អប្រសើរផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


