ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ ស្នើសុំកិច្ចសហការពី ACU ក្នុងយុទ្ធនាការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជួបប្រជុំជាមួយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីស្នើសុំកិច្ចសហការក្នុងយុទ្ធនាការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

ការជួបប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ១៨ ខែមករា នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ និងលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

នៅក្នុងកិច្ចប្រជុំនេះលោក កើត រិទ្ធ បានជម្រាបជូនលោក ឱម យ៉ិនទៀង អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេសយុទ្ធនាការចំនួន ២ ដែលក្រសួងយុត្តិធម៌បានដាក់ចេញ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤កន្លងទៅ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅ នៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ ចំពោះមុខប្រជាជន និងសង្គមជាតិ។

បើតាមលោក កើត រិទ្ធ ដើម្បីសម្រេចទៅតាមបំណងប្រាថ្នា របស់ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា ចាត់វិធានការលើសំណុំរឿងទាំង ៣ប្រភេទ ដោយភាពម៉ឺងម៉ាត់ ដោយប្រកាន់ខ្ជាប់តាមអភិក្រមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការកែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យ ត្រូវផ្អែកលើកត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវមានចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវមានការចូលរួមដោយស្មោះត្រង់ និង (ទី៤)-ត្រូវមានការលះបង់, និងអភិក្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចៀសវាងដាច់ខាតនូវស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយឆ្លៀតយកយុទ្ធនាការ ដើម្បីស្វះស្វែងរកផលប្រយោជន៍ដោយខុសច្បាប់។
ដើម្បីអនុវត្តដោយម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការកែទម្រង់នេះ, លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើសុំការគាំទ្រ និងកិច្ចសហការ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ទាំងនៅក្នុងការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជាការអនុវត្តវិធានការដាច់ខាត សម្រាប់សំណុំរឿងទាំង ៣ប្រភេទខាងលើ។
ជាការឆ្លើយតបលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ព្រមទាំងបានបង្ហាញនូវគោលជំហរផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកជំរុញឲ្យការកែទម្រង់នេះ បានទទួលជោគជ័យ ពីព្រោះថា ជោគជ័យនេះ មិនមែនសម្រាប់តែក្រសួងយុត្តិធម៌នោះទេ តែជាជោគជ័យរបស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិកម្ពុជាទាំងមូល។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា ការគាំទ្ររបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់គណៈបញ្ជាការឲ្យអនុវត្តយុទ្ធនាការកាន់តែស្វាហាប់ ដើម្បីជំរុញឲ្យការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានទទួលលទ្ធផល ក្នុងការលើកកម្ពស់គុណភាពសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ស្របតាមបំណងប្រាថ្នារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


