ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ពង្រឹងការថែទាំសុខភាពផ្លូវចិត្ត និងសុខភាពមាតា និងទារក
វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលជាគណៈអធិបតីភាព បើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ស្តីពី ការផ្សារភ្ជាប់សុខភាពផ្លូវចិត្ត និងសុខភាពមាតា និងកុមារ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ កំពតស្វីតប៊ូទិក ខេត្តកំពត នេះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យមន្រ្តីសុខាភិបាលដែលបម្រើការដល់ការគាំពារសុខភាពមាតា និងទារក បានយល់ដឹងអំពី ការប្រែប្រួលសុខភាពផ្លូវចិត្តលើស្ត្រីមានផ្ទៃពោះ និងការលូតលាស់ផ្លូវចិត្តរបស់កុមារ និងបង្កើនចំណេះរបស់មន្រ្តីសុខាភិបាលក្នុងការវាយតម្លៃសុខភាពផ្លូវចិត្តលើស្ត្រីមានផ្ទៃពោះ សុខភាពផ្លូវចិត្តស្ត្រីក្រោយការសម្រាលកូន បញ្ហាសុខភាពផ្លូវចិត្តរបស់កុមារ ដែលមន្រ្តីសុខាភិបាលត្រូវមានសមត្ថភាពរកឃើញឱ្យបានឆាប់ ដើម្បីមានសមត្ថភាពធ្វើអន្តរាគមន៍ឱ្យបានសមស្រប។

វេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា មនុស្សគ្រប់រូបត្រូវមានសុខភាពផ្លូវចិត្តល្អ ដូចសុខភាពផ្លូវកាយដែរ យ៉ាងណាមិញសុខភាពផ្លូវចិត្តល្អរបស់មាតា និងកុមារ មានសារៈសំខាន់ណាស់ ក្នុងការថែទាំផ្ទៃពោះឱ្យបានល្អ និងការលូតលាស់របស់ទារក និងកុមារ ផងដែរ។ សុខភាពផ្លូវចិត្តមាននៅគ្រប់ទីកន្លែង (Mental health is everywhere) ដូច្នេះកិច្ចអន្តរាគមន៍សុខភាពផ្លូវចិត្តត្រូវការកិច្ចសហការប្រទាក់ក្រឡា ហើយការដាក់បញ្ចូលការថែទាំសុខភាពផ្លូវចិត្តទៅក្នុងកម្មវិធីជាតិគាំពារមាតា និងទារក នឹងនាំមកនូវការផ្តល់សេវាគាំពារមាតា និងទារក មានលក្ខណៈគ្រប់ជ្រុងជ្រោយទាំងផ្លូវកាយ និងផ្លូវចិត្ត។

ទន្ទឹមនឹងនេះ អគ្គនាយកបច្ចេកទេសសុខាភិបាល ខាងលើ បានលើកឡើងថា កិច្ចសហការរួមគ្នា រវាងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នឹងជួយលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ឱ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើឱ្យការគ្របដណ្តប់សុខភាពជាសកលកាន់តែមានភាពទូលំទូលាយថែមទៀតផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ មានការអញ្ជើញចូលរួមដោយ លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន តំណាងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត និងសិក្ខាកាមជាវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប ដែលអញ្ជើញមកពី ២៥ រាជធានី ខេត្ត សរុបចំនួន ១២០រូប៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


