ព័ត៌មានជាតិ
កម្ពុជា និងអូស្ត្រាលី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីហាត់ការ
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australian Skills Commission) បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីហាត់ការ ដែលអាចនឹងអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១-៣ ដែលចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលស្គាល់ ដោយស្នងការជំនាញអូស្ត្រាលី អាចទៅបន្តការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចុះហាត់ការផ្ទាល់រយៈពេល ២ឆ្នាំ នៅតាមរោងជាង ការដ្ឋាន និងកសិដ្ឋាននានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៃប្រទេសអូស្ត្រាលី។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងជួយដល់វិស័យឯកជន នៅរដ្ឋអូស្ត្រាលីខាងត្បូង។ កិច្ចសហការនេះក៏រួមបញ្ចូលការបណ្តុះបណ្តាលសមត្ថភាពគ្រូ ការអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដែលស្របតាមស្តង់ដារអូស្ត្រាលីផងដែរ។
លោក Cameron Baker បានបញ្ជាក់ថា លោកនឹងរៀបចំឱ្យមានក្រុមការងារចំពោះកិច្ចសម្រាប់អនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចចាប់ផ្តើមទទួលសិស្សនិស្សិតកម្ពុជា ក្នុងការហាត់ការ និងកម្មសិក្សានៅក្នុងឆ្នាំ២០២៦ លើមុខជំនាញវិស្វកម្មរថយន្ត រថយន្តអគ្គិសនី និងអេឡិចត្រូនិក និងអាចបន្ថែមជំនាញផ្សេងៗទៀត ចាប់ពីឆ្នាំ២០២៧។


លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ គឺកើតចេញពីការចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី អញ្ជើញទៅទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ កន្លងទៅនេះ។ នាឱកាសនោះ គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលមួយចំនួនក្នុងទីក្រុងអាដេឡេដ ប្រទេសអូស្ត្រាលី រួមមាន សាលាបណ្តុះបណ្តាលបច្ចេកទេស របស់ Technical and Further Education South Australia, សាលាមធ្យមសិក្សាបច្ចេកទេស Tonsley Technical College, សាលាបណ្តុះបណ្តាលជាងរថយន្ត នៃសមាគមជាង និងអ្នកផ្តល់សេវាថែទាំយានយន្តអូស្ត្រាលី (Motor Trade Association) និងសាលាបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៃសាលាបណ្តុះបណ្តាលជំនាញតំបន់៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


